៥ នាទីត្រូវការ ៥០០០ យាន់ ភ្ញៀវទេសចរចូលចិត្ត "លេងកម្សាន្តនៅលើផ្ទៃមេឃ" ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

2023-05-06 19:00:09
ប្រភព:kaiboluocaijing

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក "១ ឧសភា" ឆ្នាំនេះ វិស័យទេសចរណ៍របស់ប្រទេសចិនមានសន្ទុះនៃការអភិវឌ្ឍយ៉ាងខ្លាំង ភ្ញៀវទេសចរក្នុងស្រុកទូទាំងប្រទេសចិនមានសរុបចំនួន ២៧៤ លាននាក់ ហើយសម្រេចបានប្រាក់ចំណូលលើវិស័យទេសចរណ៍ក្នុងស្រុកមានចំនួនជាង ១៤៨ ពាន់លានយាន់។ មិនត្រឹមតែតំបន់ទេសចរណ៍កកកុញដោយភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងផ្ទៃមេឃក៏កកកុញដោយភ្ញៀវទេសចរផងដែរ។ ឆ្នាំនេះ កម្មវិធីទេសចរណ៍លោតឆ័ត្រយោង(Sky-diving)ទទួលបានការពេញនិយមយ៉ាងខ្លាំង ភ្ញៀវទេសចរចូលចិត្ត "លេងកម្សាន្តនៅលើផ្ទៃមេឃ" ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។

បន្ទាប់ពីភ្ញៀវទេសចរមកដល់រមណីយដ្ឋានលោតឆ័ត្រយោង ពួកគេត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមុន ក្រោយពីការបណ្តុះបណ្តាល និងពន្យល់ពីគ្រូបង្ហាត់ យន្តហោះចាប់ផ្តើមហោះហើរទៅលើផ្ទៃមេឃប្រហែលកន្លះម៉ោង យន្តហោះបានឡើងដល់កម្ពស់កំណត់ ភ្ញៀវទេសចរអាចលោតចុះក្រោមតាមគ្រូ។ ជាធម្មតា កម្ពស់លោតឆ័ត្រយោងមានចាប់ពី ៣០០០ ម៉ែត្រដល់ ៤០០០ ម៉ែត្រ។ លី វៃ ភ្ញៀវទេសចរដែលបានសម្រេចការលោតឆ័ត្រយោង បាននិយាយថា ដំណើរលោតឆ័ត្រយោងចំនួន ៥ នាទីដល់ ៧ នាទី ត្រូវចំណាយរាប់ពាន់យាន់​។

តាមតម្លៃកំណត់របស់រមណីយដ្ឋានលោតឆ័ត្រយោងមួយនៅខេត្តហៃណាន កម្មវិធីឆ័ត្រយោងសុទ្ធមានតម្លៃ២៩៨០ យាន់ លោតឆ័ត្រយោងដោយគ្រូបង្ហាត់ និងកាន់កាមេរ៉ាមានតម្លៃ៣៩៨០ យាន់ បើត្រូវការបន្ថែមអ្នកកាន់កាមេរ៉ាមួយរូប ត្រូវការ ៤៦៨០ យាន់ មានរមណីយដ្ឋានឆ័ត្រយោងផ្សេងត្រូវការ ៨០០០ យាន់ក្នុងការលោតឆ័ត្រយោង+ គ្រូបង្ហាត់កាន់កាមេរ៉ា និងអ្នកកាន់កាមេរ៉ាមួយទៀត។

  

លោក យាន់ សេន ដែលជាអ្នកប្រកបរបរលោតឆ័ត្រយោង បាននិយាយថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក "១ ឧសភា" ឆ្នាំនេះ រមណីយដ្ឋានលោតឆ័ត្រយោងល្បីឈ្មោះជាច្រើន អាចទទួលភ្ញៀវទេចរ ៨០ ដល់ ១០០ នាក់ជារៀងរាល់ថ្ងៃ ហើយចំនួននេះគឺល្អខ្លាំងណាស់ ស្មើនឹង ៥ ដង ឬ ១០ ដងនៃចំនួនភ្ញៀវនៅពេលធម្មតា។

យុវជនដែលមានអាយុចន្លោះពី ១៨ ឆ្នាំដល់ ២៦ ឆ្នាំ ជាក្រុមមនុស្សសំខាន់នៃការលោតឆ័ត្រយោង ហើយសមាមាត្រនៃបុរសខ្ពស់ជាងស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ ពីរបីឆ្នាំនេះ ចំនួនស្ត្រីកាន់តែច្រើនឡើងៗ។ មានភ្ញៀវទេសចរជាច្រើនយល់ឃើញថា ការលោតឆ័ត្រយោងពីកម្ពស់ខ្ពស់អាចបន្ធូរសម្ពាធជីវិត និងការងារ ហើយអារម្មណ៍របស់ពួកគេបានធូរស្រាលយ៉ាងខ្លាំង៕

អ្នកបកប្រែ៖ Li Zha

៥ នាទីត្រូវការ ៥០០០ យាន់ ភ្ញៀវទេសចរចូលចិត្ត "លេងកម្សាន្តនៅលើផ្ទៃមេឃ" ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក