និស្សិតចិនមួយក្រុមបានសម្រេចក្តីសុបិននៃការហោះហើរដោយបញ្ជូនតុក្កតាខ្លាឃ្មុំឡើងកម្ពស់ជាង ២ ម៉ឺនម៉ែត្រទៅលើអាកាស

2023-11-01 17:12:40
ប្រភព:កាសែតប្រជាជនដេលី

កាលពីថ្ងៃទី៣១ ខែតុលា វីដេអូអំពី "តុក្កតាខ្លាឃ្មុំហោះឡើងកម្ពស់ជាង ២ ម៉ឺនម៉ែត្រទៅលើអាកាស" បានទទួលការពេញនិយមនៅលើវេទិកាបណ្តាញសង្គមរបស់ចិន។ នៅក្នុងវីដេអូ តុក្កតាខ្លាឃ្មុំមួយក្បាលបានឆ្លងកាត់ការរៀបចំបឋមជាច្រើនដូចជា ការថ្លឹងទម្ងន់ ការធ្វើតេស្តសីតុណ្ហភាព និងការសម្រួលឧបករណ៍ ហើយនៅថ្ងៃដែលមានពន្លឺថ្ងៃ តុក្កតាខ្លាឃ្មុំបានឡើងយឺតៗឈានដល់លើអាកាសដែលមានកម្ពស់ ២៨០០០ ម៉ែត្រក្នុងរយៈពេល ១ ម៉ោងកន្លះ  ហើយបានថតរូបដ៏ស្រស់ស្អាតជាមួយផែនដីពណ៌ខៀវ។ រងចាំ ២៦ នាទីក្រោយមក តុក្កតាខ្លាឃ្មុំបានត្រលប់មកដល់ដីវិញ ហើយធ្លាក់ចូលទៅក្នុងវាលស្រែ ដោយបានបញ្ចប់ការសាកល្បងដែលពោរពេញដោយភាពយុវវ័យ និងក្តីសុបិន។

អ្នកបង្កើតការសាកល្បង និងវីដេអូនេះគឺជាលោក លី ជិនហាន និងក្រុមការងារ ដែលរៀនជំនាញការបង្កើតរូបដោយរូបធាតុ និងគ្រប់គ្រងវិស្វកម្មនៅមហាវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Nottingham នីងប៉ូ ក្នុងប្រទេសចិន។ លោក លី ជិនហាន បាននិយាយថា "ខ្ញុំមានក្តីសុបិនក្នុងវិស័យអវកាសតាំងពីខ្ញុំនៅក្មេង។ សោកស្តាយណាស់ដែលខ្ញុំមិនត្រូវបានជ្រើសរើសជាអាកាសយានិករបស់កងទ័ពអាកាស។ ប៉ុន្តែខ្ញុំនៅតែចង់ឃើញទេសភាពនៅលើមេឃ។ ដូច្នេះហើយ ពួកយើងបានជ្រើសរើសតុក្កតាខ្លាឃ្មុំនេះ ដែលជាតុក្កតាតំណាងនៃសាលា​។

បន្ទាប់ពីបានពិចារណាយ៉ាងលម្អិតលើកត្តាជាច្រើនដូចជា សណ្ឋានដី អាកាសធាតុ សីតុណ្ហភាព ទិសដៅខ្យល់ជាដើម ថែមទាំងទទួលបានការអនុញ្ញាតិពីស្ថាប័នគ្រប់គ្រងថា "គម្រោងនេះមិនបំពានលើការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស" ពួកគេបានសម្រេចចិត្តបង្ហោះតុក្កតាខ្លាឃ្មុំនៅភូមិភាគឦសានប្រទេសចិនដោយជោគជ័យ ហើយបានសម្រេចក្តីសុបិន្តរបស់ពួកគេ៕

អ្នកបកប្រែ៖ Li Zha

និស្សិតចិនមួយក្រុមបានសម្រេចក្តីសុបិននៃការហោះហើរដោយបញ្ជូនតុក្កតាខ្លាឃ្មុំឡើងកម្ពស់ជាង ២ ម៉ឺនម៉ែត្រទៅលើអាកាស