ស្រុលភីងជាំង៖ប្រសិនបើមានមជ្ឈមណ្ឌលនំសសៃហឹរនៅក្នុងសកលលោក វាត្រូវតែនៅទីនេះ
ប្រទេសចិនគឺជាប្រទេសដ៏ធំល្វឹងល្វើយ ហើយមនុស្សគ្រប់គ្នាមានរសជាតិស្រុកកំណើតដែលពួកគេចូលចិត្តរៀងៗខ្លួន។ ទោះបីយ៉ាងណាក៏ដោយ មានអាហារសម្រន់តូចមួយដែលចាប់យករសជាតិ និងទទួលបានការពេញនិយមពីយុវជនជាច្រើនមកពីគ្រប់ទិសទី នោះគឺជាអាហារដែលអាចញ៉ាំបានគ្រប់យ៉ាងគឺនំសសៃហឹរ ។
កាលពីជាង ២០ ឆ្នាំមុន នៅស្រុកភីងជាំង ក្រុងយួយ៉ាង ខេត្តហ៊ូណាននៃប្រទេសចិន មានមនុស្សបីនាក់ដែលមានគំនិតច្នៃប្រឌិតបានបង្កើតនំសសៃហឹរ ហើយអាហារសម្រន់តូចនេះទទួលបានការពេញនិយមយ៉ាងឆាប់រហ័សពីអតិថិជន ហើយលក់ទៅកាន់ទូទាំងប្រទេសចិន។ មិនតែប៉ុណ្ណោះ ដើម្បីសម្របតាមតម្រូវការរបស់ប្រជាជនភាគខាងជើង រសជាតិនៃនំសសៃហឹរបានកាត់បន្ថយភាពហឹរ និងធ្វើឱ្យបន្ទះហឹរមានរសជាតិផ្អែម ប៉ុន្តែ ក្រុមហ៊ុនក្នុងតំបន់របស់ស្រុកភីងជាំងរក្សាបាននូវរសជាតិហឹរដើម។ គួរបញ្ជាក់ថា ប្រជាជនភីងជាំងមានជំនាញក្នុងការធ្វើនំសសៃហឹរយ៉ាងជំនាញ យើងក៏អាចនិយាយថា ប្រជាជនភីងជាំងសុទ្ធតែទទួលបានសញ្ញាបត្រផលិតនំសសៃហឹរ ។
នៅឆ្នាំ២០២០ សារមន្ទីរនំសសៃហឹរដំបូងបានបើកនៅទីក្រុងឆាំងសា ខេត្តហ៊ូណាន។ សារមន្ទីរបានណែនាំពីប្រវត្តិនៃការអភិវឌ្ឍនំសសៃហឹរនៅក្នុងស្រុកភីងជាំង ខេត្តហ៊ូណាន ដែលជាស្រុកកំណើតរបស់វា និងបង្ហាញការផលិត និងសាកល្បងនំសសៃហឹរតាមបែបវិទ្យាសាស្ត្រ ដែលអាចឱ្យសាធារណជនបានស្វែងយល់ពីនំសសៃហឹរបានកាន់តែច្បាស់លាស់។
គិតមកដល់ឆ្នាំ២០២២ តម្លៃទិន្នផលសរុបរបស់នំសសៃហឹររបស់ចិនមានចំនួន ៦០ ពាន់លានយាន់ ហើយស្រុកភីងជាំងដែលជា "ស្រុកកំណើតនៃនំសសៃហឹរ" មានចំនួន ២០ ពាន់លានយាន់ និងមានក្រុមហ៊ុនផលិតនំសសៃហឹរសរុបចំនួន ១១៧។ មូលដ្ឋានជាតិដ៏រឹងមាំបានធ្វើឱ្យនំសសៃហឹរក្លាយជាតារាល្បី "លេខមួយ" លើអ៊ីនធើណែតក្នុងចំណោមអាហារសម្រន់ច្រើនប្រភេទ។ ទន្ទឹមនឹងនេះដែរ នំសសៃហឹរក៏ដើរចេញទៅខាងក្រៅពីស្រុកភិងជាំង និងមានទីផ្សារកាន់តែទូលំទូលាយ៕
អ្នកសារព័ត៌មាន៖ Yang Huafeng
អ្នកបកប្រែ ៖ Shen Yan