លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនបញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ចិនចំពោះស្ថានការណ៍តៃវ៉ាន់
ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅអេហ្ស៊ីបបានរួមជាមួយលោក Shoukry រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីបជួបជាមួយអ្នកសារព័ត៌មាននៅទីក្រុងគែរ បន្ទាប់ពីបញ្ចប់កិច្ចជំនួប។
មានអ្នកសារព័ត៌មានសួរអំពីទស្សនៈរបស់ចិនចំពោះទំនាក់ទំនងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងស្ថានការណ៍តៃវ៉ាន់បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំតំបន់តៃវ៉ាន់របស់ចិន លោក Wang Yi បានថ្លែងថា ការបោះឆ្នោតក្នុងតំបន់តៃវ៉ាន់គឺជាកិច្ចការក្នុងតំបន់មូលដ្ឋានរបស់ប្រទេសចិន។មិនថាលទ្ធផលនៃការបោះឆ្នោតវាយ៉ាងណា ក៏មិនអាចផ្លាស់ប្តូរការពិតជាមូលដ្ឋានដែលនៅលើពិភពលោកមានចិនតែមួយនោះដែរ ពោលគឺតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយក៏មិនអាចផ្លាស់ប្តូរគំនិតឯកភាពជាទូទៅរបស់សហគមន៍អន្តរជាតិដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយនោះដែរ។
លោក Wang Yi បានថ្លែងថា កាលពី ៨០ ឆ្នាំមុន នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា "ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ " ។ បន្ទាប់មក មាត្រាទី ៨ នៃ«សេចក្តីប្រកាសក្រុងPostdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងឆ្នាំ ១៩៤៥ បានចែងថា«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» នឹងត្រូវអនុវត្តជាដាច់ខាត” ។ ប្រទេសជប៉ុនបានទទួលយក«សេចក្តីប្រកាសក្រុងPostdam» ហើយបានប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ឯកសារទាំងនេះមានសុពលភាពតាមផ្លូវច្បាប់អន្តរជាតិបានបង្កើតជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយក៏បានបង្កើតជាមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រ និងច្បាប់ដែល កំណត់ថាតៃវ៉ាន់ជាទឹកដីដែលមិនអាចកាត់ផ្តាច់បាន របស់ប្រទេសចិន៕