ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនថ្លែងថា ការនាំចេញរថយន្តរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ ជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោកជាលើកដំបូង
នៅព្រឹកថ្ងៃទី ១៩ ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីឧទ្ទេសនាមអំពីការអភិវឌ្ឍឧស្សាហកម្មនិងព័ត៌មានវិទ្យានៅឆ្នាំ២០២៣។
ថ្លែងនៅលើសន្និសីទសារព័ត៌មាន មន្ត្រីពាក់ព័ន្ធបានឧទ្ទេសនាមថា នៅឆ្នាំ២០២៣ ការផលិតនិងការលក់រថយន្តរបស់ប្រទេសចិនមានចំនួនលើសពី ៣០ លានគ្រឿងដាច់ដោយឡែកពីគ្នា ការផលិតនិងការលក់បានកើនឡើង ១១.៦ ភាគរយ និង១២ភាគរយដាច់ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ និងរក្សាបានចំណាត់ថ្នាក់លេខ១លើពិភពលោកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ក្នុងនោះ ការនាំចេញរថយន្តបានឡើងដល់ ៤.៩១ លានគ្រឿង ដែលបានកើនឡើង ៥៧.៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលបានជាប់ចំណាត់ថ្នាក់លេខ ១នៅលើពិភពលោកជាលើកដំបូង។
យោងតាមការឧទ្ទេសនាមបានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៣ អ្នកប្រើប្រាស់ទូរស័ព្ទចល័តប្រព័ន្ធ5Gរបស់ប្រទេសចិនបានកើនឡើងដល់ ៨០៥ លាននាក់។ យោងតាមការគណនាដោយស្ថាប័នស្រាវជ្រាវបានឱ្យដឹងថា តាមការប៉ាន់ប្រមាណ ប្រព័ន្ធ5G នឹងជំរុញដោយផ្ទាល់នូវទំហំសេដ្ឋកិច្ចសរុបចំនួន ១.៨៦ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២៣។
តាមការឧទ្ទេសនាមបានឱ្យដឹងទៀតថា ទំហំសរុបនៃឧស្សាហកម្មផលិតកម្មរបស់ ប្រទេសចិនបន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា។ នៅជំហានបន្ទាប់ ប្រទេសចិននឹងខិតខំប្រឹងប្រែងពេញទំហឹងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការប្រើប្រាស់ដោយទ្រង់ទ្រាយធំនៃបណ្តាញអ៊ីនធើណេតឧស្សាហកម្ម ៕