ចំនួនលើកនៃការបាញ់បង្ហោះយានអវកាសរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងបង្កើតកំណត់ត្រាថ្មីនៅឆ្នាំ២០២៤
បន្ទាប់ពីទើបបានចូលឆ្នាំថ្មីឆ្នាំ២០២៤មក ប្រទេសចិនបានបាញ់បង្ហោះយានអវកាសជាបន្តបន្ទាប់ ។ តាមការផ្សាយដំណឹងឱ្យដឹងថា នៅឆ្នាំ២០២៤ ផែនការបេសកកម្មយានអវកាសសំខាន់ៗមួយចំនួនរបស់ប្រទេសចិន ដូចជាយានអវកាសផ្ទុកមនុស្សនិងការរុករកភពព្រះចន្ទដំណាក់កាលទី ៤ នឹងត្រូវអនុវត្តជាបន្តបន្ទាប់ ពោលគឺចំនួនលើកនៃការបាញ់បង្ហោះយានអវកាសរបស់ប្រទេសចិននឹងបង្កើតកំណត់ត្រាថ្មីក្នុងឆ្នាំនេះ។
នៅឆ្នាំនេះ ស្ថានីយអវកាសចិនគ្រោងនឹងសម្រេចការបាញ់បង្ហោះយានអវកាសដឹកទំនិញពីរគ្រឿង និងយានអវកាសផ្ទុកមនុស្សពីរគ្រឿង។ យានរុករកភពព្រះចន្ទឆាំងអឺ-៦កំពុងធ្វើតេស្តពាក់ព័ន្ធនៅឯកន្លែងបង្ហោះយានអវកាស Wenchang ប្រទេសចិន ។ វាគ្រោងនឹងត្រូវបាញ់បង្ហោះទៅកាន់ផ្ទៃខាងក្រោយភពព្រះចន្ទក្នុងឆមាសទី ១ ឆ្នាំនេះ ដើម្បីប្រមូលយកសំណាកដីលើផ្ទៃខាងក្រោយព្រះចន្ទមកកាន់ភពផែនដីវិញជាលើកដំបូងបង្អស់លើពិភពលោក ។
សូមបញ្ជាក់ថា កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនបានលើកឡើងពីការបង្កើតឧស្សាហកម្មរីកចម្រើនថ្មីជាយុទ្ធសាស្ត្រមួយចំនួនដូចជាពាណិជ្ជកម្មផ្នែកលំហអាវកាសជាដើម។ នៅឆ្នាំនេះ ពាណិជ្ជកម្មផ្នែកលំហអាវកាសនឹងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ កន្លែងបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មរបស់ប្រទេសចិនដំបូងបង្អស់នឹងធ្វើអាជីវកម្មជាលើកដំបូង ។
ក្រៅពីនេះ រ៉ុក្កែតដឹកជញ្ជូនស៊េរីថ្មីជាច្រើនប្រភេទរបស់ប្រទេសចិននឹងត្រូវបាញ់បង្ហោះជាបន្តបន្ទាប់ក្នុងឆ្នាំនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកអវកាសត្រូវបានជំរុញវិវឌ្ឍទៅមុខជាបន្តបន្ទាប់ ហើយលំហនៃការអភិវឌ្ឍផ្នែកអវកាសរបស់ចិននឹងកាន់តែទូលំទូលាយ ៕