លោក Wang Wenbin ថ្លែងថា៖ប្រទេសចិនរីករាយបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយលក្ខណៈស្ថាបនាក្នុងការកែលម្អទំនាក់ទំនងរវាងអ៊ីរ៉ង់និងប៉ាគីស្ថាន

2024-01-24 18:53:19
ប្រភព:CRI

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី ២២ ខែមករា អ្នកសារព័ត៌មានបានសួរថា៖បន្ទាប់ពីអ៊ីរ៉ង់និងប៉ាគីស្ថានបានកើតមានករណីវាយប្រហារឆ្លងដែនកាលពីសប្តាហ៍មុន អ្នកនាំពាក្យធ្លាប់ថ្លែងថា ប្រទេសចិនរីករាយដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការបន្ធូរបន្ថយស្ថានការណ៍ ។ តើភាគីចិននឹងធ្វើកិច្ចសម្របសម្រួលចំពោះស្ថានការណ៍អ៊ីរ៉ង់-ប៉ាគីស្ថានឬទេ ?

ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា ប្រទេសចិនបានរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់និងប៉ាគីស្ថាន ។ អ៊ីរ៉ង់និងប៉ាគីស្ថានគឺជាប្រទេសជិតខាងដែលមានមេត្រីភាពទៅវិញទៅមក ហើយប្រទេសទាំងពីរក៏សុទ្ធតែជាមិត្តភក្តិល្អរបស់ប្រទេសចិនដែរ ។ ជានិច្ចកាល ប្រទេសចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងអន្តរជាតិ ក៏ដូចជាគាំទ្រអ៊ីរ៉ង់និងប៉ាគីស្ថានក្នុងការបន្តដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នា ។ លើសពីនេះទៅទៀត យើងក៏រីករាយបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយលក្ខណៈស្ថាបនាក្នុងការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរដោយយោងតាមតម្រូវការរបស់ភាគីទាំងពីរ អ៊ីរ៉ង់និងប៉ាគីស្ថាន ៕

លោក Wang Wenbin ថ្លែងថា៖ប្រទេសចិនរីករាយបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយលក្ខណៈស្ថាបនាក្នុងការកែលម្អទំនាក់ទំនងរវាងអ៊ីរ៉ង់និងប៉ាគីស្ថាន