លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន
រសៀលថ្ងៃទី២៤ ខែមករា នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Shavkat Miromonovich Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថានដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសថា ចិននិងអ៊ូសបេគីស្ថានសម្រេចចិត្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី ហើយនឹងជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងអ៊ូសបេគីស្ថាន ដោយឈរនៅទីចាប់ផ្តើមកាន់តែខ្ពស់ ។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិនផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសអ៊ូសបេគីស្ថានក្នុងការគាំពារអធិបតេយ្យភាព ឯករាជ្យនិងបូរណភាពទឹកដី ផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសអ៊ូសបេគីស្ថានក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយខ្លួនឯង ។ ភាគីទាំងពីរគួរតែប្រើប្រាស់ឱ្យបានល្អនូវវេទិកាដូចជាគណៈកម្មាធិការសហប្រតិបតិ្តការអន្តររដ្ឋាភិបាលជាដើម ដើម្បីបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តរវាងគ្នានិងគ្នាដោយគ្រប់ជ្រុងជ្រោយ ។
ជាការឆ្លើយតប លោក Mirziyoyev បានថ្លែងថា រាល់ពេលខ្ញុំមកដល់ប្រទេសចិន សុទ្ធតែមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ត្រចះត្រចង់របស់ប្រទេសចិនក្នុងវិស័យកំណែទម្រង់និងអភិវឌ្ឍន៍ ។ ប្រទេសចិនបានក្លាយជាប្រទេសខ្លាំងក្លាលើពិភពលោកលើវិស័យជាច្រើនដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសមត្ថភាពច្នៃប្រឌិតថ្មីជាដើម ជឿជាក់ថា ប្រទេសចិនពិតជានឹងទទួលបានសមិទ្ធផលកាន់តែធំនិងថ្មីៗក្នុងដំណើរការសម្រេចបាននូវសុបិនចិនដែលស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញជាក់ជាមិនខាន ។
បន្ទាប់ពីបញ្ចប់កិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានចុះហត្ថលេខានិងចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋអ៊ូសបេគីស្ថានស្តីពីទំនាក់ទំនងភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី » ព្រមទាំងបានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការមួយចំនួនពាក់ព័ន្ធវិស័យរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងបច្ចេកវិទ្យា ការតភ្ជាប់គ្នា ការអភិរក្សបរិស្ថាន ថាមពលថ្មី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុញ្ញាតឱ្យនាំចូលកសិផលជាដើម ៕