លោកXiJinpingផ្តល់អនុសាសន៍សំខាន់ចំពោះគ្រោះអគ្គិភ័យដែលកើតឡើងក្នុងហាងទំនិញតាមដងវិថីមួយនៃសង្កាត់YuShuiក្រុងXinYuខេត្តJiangXi

2024-01-26 19:42:57
ប្រភព:CRI

នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៤ ខែមករា ហាងទំនិញតាមដងវិថីមួយនៃសង្កាត់YuShui ក្រុងXinYu ខេត្តJiangXi បានកើតមានគ្រោះអគ្គិភ័យ។គិតរហូតដល់បច្ចុប្បន្ននេះ គ្រោះអគ្គិភ័យលើកនេះបានបណ្តាលឱ្យមនុស្ស៣៩នាក់ស្លាប់បាត់ជីវិតនិង៩នាក់រងរបួស ។

បន្ទាប់ពីកើតមានគ្រោះអគ្គិភ័យ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងផ្តល់អនុសាសន៍សំខាន់ដោយតម្រូវឱ្យខំប្រឹងជួយសង្រ្គោះអ្នករងរបួសយ៉ាងពេញទំហឹង ហើយជួយលួងចិត្តរបស់គ្រួសារនៃអ្នករងគ្រោះស្លាប់និងចាត់ចែងការងារបន្ទាប់បន្សំដោយសមរម្យ។ លោក Xi Jinping បានគូសបញ្ជាក់ថា តំបន់នានានិងអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ទុកហេតុការណ៍នេះជាមេរៀនយ៉ាងស៊ីជម្រៅ ទប់ស្កាត់យ៉ាងមុតមាំនូវនិន្នាការកើតមានជាញឹកញាប់នូវឧប្បត្តិហេតុខាងសន្តិសុខគ្រប់ប្រភេទ ដើម្បីធានាយ៉ាងជាក់លាក់ក្នុងការការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ប្រជាជន ក៏ដូចជាស្ថិរភាពនៃស្ថានការណ៍ទូទៅក្នុងសង្គម។

លោក Li Qiang សមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងនាយករដ្ឋមន្រ្តីចិនបានចេញសេចក្តីណែនាំ ដោយតម្រូវឱ្យរៀបចំចាត់ចែងកម្លាំងក្នុងសង្គម ដើម្បីរុករកនិងជួយសង្រ្គោះអ្នកត្រូវជាប់គាំងក្នុងគ្រោះអគ្គិភ័យ ហើយជួយព្យាបាលអ្នករងរបួសយ៉ាងពេញទំហឹង ព្រមទាំងធ្វើការស៊ើបអង្កេតចំពោះមូលហេតុនៃឧប្បតិ្តហេតុឱ្យបានលម្អិត និងដេញដោលយ៉ាងម៉ឺងម៉ាត់ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់៕

លោកXiJinpingផ្តល់អនុសាសន៍សំខាន់ចំពោះគ្រោះអគ្គិភ័យដែលកើតឡើងក្នុងហាងទំនិញតាមដងវិថីមួយនៃសង្កាត់YuShuiក្រុងXinYuខេត្តJiangXi