លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់នូវស្ថានីយ Qinling របស់ប្រទេសចិននៅតំបន់ប៉ូលខាងត្បូង
មុនពេលចូលឆ្នាំចិន ស្ថានីយQinlingរបស់ប្រទេសចិននៅតំបន់ប៉ូលខាងត្បូងត្រូវបានសាងសង់ជារួចរាល់ព្រមនិងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៧ ខែកុម្ភៈ ។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរយ៉ាងរាក់ទាក់កក់ក្តៅ ព្រមនិងសម្តែងការសួរសុខទុក្ខដោយស្មោះត្រង់និងជូនពរឆ្នាំថ្មីចិនដ៏ល្អបវរចំពោះបុគ្គលិកទាំងអស់ដែលធ្វើការនៅតំបន់ប៉ូលខាងត្បូង ។ ថ្លែងក្នុងសារលិខិត លោក Xi Jinpingបានលើកឡើងថា ឆ្នាំ ២០២៤ នេះជាខួបទី ៤០ នៃការចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ប្រទេសចិននៅតំបន់ប៉ូល ។ ការសាងសង់ជារួចរាល់នូវស្ថានីយQinlingរបស់ប្រទេសចិននៅតំបន់ប៉ូលខាងត្បូង នឹងផ្តល់ការធានាយ៉ាងខ្លាំងដល់អ្នកវិទ្យាសាស្រ្តចិននិងបរទេសនៅជុំវិញពិភពលោកក្នុងការបន្តស្វែងរកអាថ៌កំបាំងធម្មជាតិ និងឧស្សាហ៍ព្យាយាមដើម្បីឡើងដល់កំពូលវិទ្យាសាស្រ្ត ។
លោក Xi Jinping សង្ឃឹមថា បុគ្គលិកធ្វើការនៅតំបន់ប៉ូលនឹងបន្តខិតខំប្រឹងប្រែង ធ្វើការត្រួសត្រាយ និងច្នៃប្រឌិតថ្មី ព្រមនិងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមចំណែកថ្មី កាន់តែធំក្នុងការផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕