ថ្ងៃទី៨ខែមេសា លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រី ការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនៅក្រុងប៉េកាំង ។
លោកវ៉ាងយីបានថ្លែងថា ភាគីទាំងពីរចិននិងសិង្ហបុរីត្រូវពួតដៃគ្នាដើម្បីទប់ទល់នឹងការងើបឡើងនៃការគាំពារនិយមក្នុងន័យគាំពារប្រព័ន្ធពាណិជ្ជកម្មទូទាំងពិភពលោកដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ។ លោកស្នើឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ សំដៅបង្កើតជាវេទិកាបីធំៗគឺការប្រាស្រ័យទាក់ទងគ្នា ការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុនិងកិច្ចសហប្រតិបត្តិការត្រីភាគីដើម្បីបំពេញបន្ថែមកម្លាំងរស់រវើកថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងការអភិវឌ្ឍជាមួយគ្នា ។
ជាការឆ្លើយតប លោក Vivian Balakrishnan បានថ្លែងថា សិង្ហបុរីប្រឆាំងនឹងទង្វើគាំពារនិយមផ្នែកពាណិជ្ជកម្ម សង្ឃឹមថា ប្រព័ន្ធពាណិជ្ជកម្មសេរីទូទាំងពិភពលោកអាចទទួលបានការគាំពារ និងជំរុញសេដ្ឋកិច្ចពិភពលោកឲ្យរីកចម្រើនក្រោមបរិយាកាសកាន់តែបើកទូលាយ ។
អ្នកនិពន្ធ៖ លីហ្សា