ការធ្វើសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធបានទទួលផលដ៏ធំសម្បើម

2018-06-22 16:53:35 |ប្រភព:ទស្សនាវដ្តី《ខ្មែរ》

  កាលពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមិថុនា  នៅក្នុងកិច្ចប្រជុំលើកទី៥នៃគណៈកម្មការចម្រុះ​ភាគីចិន-កម្ពុជា  លោកជំទាវ កោ យ៉ាន អនុរដ្ឋមន្ត្រីក្រសួនពាណិជ្ជកម្មចិន បានដឹកនាំ​គណៈ​ប្រតិភូ​​ចិនពិភាក្សាការងារជាមួយគណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា  ដើម្បីផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីជំនួយប្រទេសចិន​ទៅកាន់ប្រទេសកម្ពុជា  ពិព័រណ៌នាំចេញអន្តរជាតិលើកទីមួយ  ការបង្កើនពាណិជ្ជកម្ម  វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ  ត្រួតពិនិត្យគុណភាពនិងការធ្វើសហប្រតិបត្តិការ​នៅក្រោម​ទម្រង់​ពហុតំបន់ជាដើម។

  ផ្អែកតាមស្ថិតិបានបង្ហាញថា តាំងពីឆ្នាំ ២០១២ កន្លងមក  ប្រទេសចិនបានធ្វើជាដៃគូ​ពាណិជ្ជកម្ម​ធំជាងគេនិងជាតំបន់ប្រភពនាំចូលធំជាងគេនៃប្រទេសកម្ពុជា។  ឆ្នាំ២០១៧  ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសកម្ពុជាមានចំនួន ៥,៨០០ លានដុល្លារអាមេរិក  ពោលគឺបានកើនឡើង ២២%  បើធៀបនឹងឆ្នាំ២០១៦  នេះបានសម្រេចនូវគោលដៅដែលលើកឡើងដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺ នៅចុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មកើនដល់ ៥,០០០ លានដុល្លារអាមេរិក។  

  យោងតាមប្រភពពីប្រទេសកម្ពុជា  ដល់ចុងឆ្នាំ ២០១៧ ប្រទេសចិនបានដាក់ទុនផ្ទាល់មក​ប្រទេសកម្ពុជាសរុបដល់ ១២,៦០០ លានដុល្លារអាមេរិក  ឯតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ បានផ្តល់ជាឱកាសការងារជិត ២០ ពាន់ជូនដល់ប្រជាជននៅតាមតំបន់។  ភាគីទាំងពីរ​យល់ឃើញ​ថា  ការកសាងហេដ្ឋារចនាសម្ព័ន្ធបានទទួលផលដ៏ធំសម្បើម។

  

  លោកជំទាវ កោយ៉ាន អនុរដ្ឋមន្ត្រីក្រសួនពាណិជ្ជកម្មចិនបានបញ្ជាក់ថា  ប្រទេសចិននឹង​ពង្រីកជាបន្តនូវទំហំនាំចូលទៅប្រទេសកម្ពុជាដោយចាត់វិធានការគ្រប់បែបយ៉ាង។  ប្រទេស​ចិន​នឹងបន្តគាំទ្រសហគ្រាសចិនដែលមានសមត្ថភាពមានកេរ្តិ៍ឈ្មោះយ៉ាងល្អប្រសើរ​មកដល់​ប្រទេសកម្ពុជាដើម្បីបណ្តាក់ទុននិងរៀបចំធ្វើកិច្ចសហប្រតិបត្តិការខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

អ្នកសារព័ត៌មាន៖ យូ ចាងនីង(YU  JIANGNING)ទិន ហ្វឹង(DING FENG)

អ្នកនិពន្ធ៖ លីហ្សា