ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនបានប្រារព្ធនៅទីក្រុងភ្នំពេញ

2018-07-05 09:40:21 |ប្រភព:ទស្សនាវដ្តី《ខ្មែរ》

  កាលពីល្ងាចថ្ងៃទី២ ខែកក្កដា  ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនបានប្រារព្ធនៅទីក្រុងភ្នំពេញ។

  សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានសូមថ្លែងអំណរគុណដោយស្មោះចំពោះមិត្តចិនដែលផ្តល់ការគាំទ្រនិងឧបត្ថម្ភជំនួយយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជាក្នុងរយៈពេលយ៉ាងយូរ។  លោកបានបង្ហាញទៀតថា  ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ  ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងជានិច្ចដើម្បីថែរក្សាទំនាក់ទំនងការទូតមេត្រីភាពទ្វេភាគីហើយបានពុះពារឧបសគ្គជាច្រើនក្នុងការដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរនិងប្រជាជនទាំងពីរឈានទៅកាន់សម័យថ្មីដែលប្រកបដោយភាពអភិវឌ្ឍ  រុងរឿងនិងសុខដុម។

  សម្តេច ហ៊ុនសែន បានមានប្រសាសន៍ថា  សន្ទុះរីកចម្រើននៃសេដ្ឋកិច្ចប្រទេសចិនមិនត្រឹមតែលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជនចិនឱ្យខ្ពស់យ៉ាងខ្លាំងប៉ុណ្ណោះទេ  ថែមទាំងនាំឱកាសនិងធ្វើវិភាគទានយ៉ាងសំខាន់ឱ្យការរីកចម្រើនសង្គមនិងសេដ្ឋកិច្ចនៃតំបន់និងអន្តរជាតិរួមទាំងប្រទេសកម្ពុជា។  នៅក្រោមទម្រង់​ពហុតំបន់  រដ្ឋាភិបាលចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ”តាមកាលៈទេសៈ  ឯរដ្ឋាភិបាលកម្ពុជាក៏គាំទ្រយ៉ាងពេញទំហឹងនិងចូលរួមស្ថាបនា“ខ្សែក្រវាត់មួយនិងផ្លូវមួយ”ដោយសកម្មផងដែរ។

  សម្តេច ហ៊ុនសែន បានបន្តទៀតថា ប្រទេសកម្ពុជាសូមអបអរសាទរចំពោះសមិទ្ធផលនិងឥទ្ធិពលយ៉ាងសកម្មដែលទទួលបានពីកិច្ចសហប្រតិបត្តិការនៃភាគីកម្ពុជានិងចិន  ទន្ទឹមនឹងនេះ  បានសម្រេចចិត្តដាក់ពង្រីកក្របខណ្ឌគ្របដណ្តប់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី  ជំរុញឱ្យទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅកាន់កម្រិតខ្ពស់  ខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

  ឯកឧត្តម ស្យុងប៉ (XIONG BO)   ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហាញថា  ប្រទេសចិនជាមិត្តល្អដ៏ស្មោះត្រង់នៃប្រទេសកម្ពុជាជានិច្ច។  ក្នុងរយៈពេល៦០ឆ្នាំកន្លងមក  មិត្តភាពប្រពៃណីចិននិងកម្ពុជាគ្មានប្រែប្រួលអ្វីសោះ  ហើយកាន់តែរឹងមាំពីមួយថ្ងៃទៅមូយថ្ងៃ។  គាត់បន្តទៀតថា  វិស័យក្នុងកិច្ចសហប្រតិបត្តិការនៃកិច្ចការតំបន់ អន្តរជាតិនិងទ្វេភាគីនៃប្រទេសចិននិងកម្ពុជានឹងកាន់តែធំទូលាយ  ពង្រីកនិងជ្រាលជ្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងកម្ពុជាមិនត្រឹមតែនាំផលប្រយោជន៍កាន់តែច្រើនឱ្យប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ  ថែមទាំងធ្វើវិភាគទានកាន់តែធំចំពោះភាពរុងរឿងនិងស្ថិរភាពនៃសន្តិសុខក្នុងតំបន់និងពិភពលោក។  ប្រជាជនចិនសប្បាយរីករាយចំពោះសមិទ្ធផលអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចយ៉ាងមិនសាមញ្ញដែលប្រទេសកម្ពុជាទទួលបាន  និងសូមជូនពរដោយស្មោះចំពោះប្រជាជនកម្ពុជាអាចទទួលសមិទ្ធផលថ្មីៗកាន់តែធំសម្បើមដោយឥតឈប់ឈរក្នុងវិស័យនានា។

អ្នកសារព័ត៌មាន៖ យូ ចាងនីង(YU JIANGNING)ទិនហ្វឹង(DING  FENG)

អ្នកនិពន្ធ៖ លីហ្សា