លោកស៊ីជីនភីង ប្រធានរដ្ឋចិនផ្ញើរសារជូនពរគ្នាទៅវិញទៅមកជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជាដើម្បីអបអរសាទរខួបទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា

2018-07-20 09:58:14 |ប្រភព:国际在线

នៅ​ថៃ្ងទី​១៩ ខែ​កក្កដា​ លោកស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ផ្ញើរសារ​ជូនពរ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ដើម្បីអបអរសាទរ​ខួបទី​៦០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។​

លោកស៊ីជីនភីង ​បានលើកឡើង​ក្នុង​សារជូនពរ​ថា​ ៦០ឆ្នាំ​កន្លងមកនេះ​ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​ពេលវេលា​និង​សភាពការណ៍​អន្តរជាតិ​និង​ជួយគ្នា​ទៅវិញ​ទៅមក។​ប្រទេសទាំងពីរ​គាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ផ្តល់ជំនួយ​ឲ្យគ្នា​ទៅវិញ​ទៅ​មក​ជាប់រហូត​ផ្អែកទៅលើ​បញ្ហា​ដែល​ពាក់ព័ន្ធនឹង​ផលប្រយោជន៍​ជាស្នូល​របស់​ភាគី​ទាំង​ពីរ​ ហើយ​បាន​បង្កើត​ចំណងមិត្ដភាព​យ៉ាងជ្រាលជ្រៅ។​លោក​យកចិត្តទុក​ដាក់ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​ចិននិងកម្ពុជា​ លោក​រំពឹងថា​ ភាគីទាំងពីរ​បន្ត​ពួតដៃ​ជាមួយគ្នា​ដើម្បី​កសាង​សហគមន៍រួម​វាសនាតែមួយ​នៃ​មនុស្សជាតិ​រវាង​ចិន​និង​កម្ពុជា​ដែល​ប្រកប​ដោយ​សារៈសំខាន់​ជាយុទ្ធសាស្រ្ត​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​និង​ភាពរុងរឿង​ថ្កុំថ្កើង​រួមគ្នា។​

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម​សីហមុនី​បាន​មាន​ព្រះបន្ទូល​ក្នុង​សារ​ជូនពរ​ថា ​ប្រទេសកម្ពុជា​ប្រកាន់ខ្ជាប់​យ៉ាងម៉ឺងម៉ាត់​នូវ​គោលនយោបាយ​មាន​ចិន​តែ​មួយ ​ប្រទេសចិន​គាំទ្រ​យ៉ាងពេញទំហឹង​ចំពោះការអភិវឌ្ឍ​របស់​ប្រទេសកម្ពុជា​សមស្រប​តាម​សភាពការណ៍ជាតិ​របស់ខ្លួន។​ប្រទេសទាំងពីរ​រួមសហការ​ជា​មួយ​គ្នា​ដើម្បី​គាំពារ​ផល​ប្រយោជន៍​រួម​របស់​ប្រទេសទាំងពីរ ​ក៏​ដូចជា​ផ្តល់​វិភាគទាន​ដល់​សន្តិភាព​ ស្ថិរភាព​និង​ភាព​រុងរឿង​ថ្កុំថ្កើង​នៅក្នុងតំបន់​ព្រមទាំង​ពិភពលោក​ផងដែរ។​

នៅ​ថ្ងៃដដែល​ លោក​ Li​ Keqiang​ នាយករដ្ឋមន្រ្តីចិន​ក៏បាន​ផ្ញើរសារជូនពរ​គ្នាទៅវិញ​ទៅមក​ជាមួយ​សម្តេចហ៊ុនសែន​ នាយករដ្ឋមន្រ្តី​កម្ពុជា​ផងដែរ។​

លោក​ Li​ Keqiang​ បាន​ថែ្លង​ក្នុងសារជូនពរ​ថា ​លោក​មានឆន្ទៈ​ក្នុងការ​ខិតខំ​ប្រឹង​ប្រែង​ជា​មួយ​សម្តេចហ៊ុនសែន ​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ជាប្រពៃណី​រវាង​ចិន​និងកម្ពុជា​ ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការជាក់ស្តែង​ ក្នុងន័យ​ជំរុញទំនាក់ទំនង​ភាព​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេសទាំ​ងពីរ​ឲ្យ​ឈានដល់​កម្រិត​ថ្មី។​

សម្តេចហ៊ុនសែន​ បាន​ថែ្លង​ក្នុងសារជូនពរ​ថា​ ជឿជាក់ថា ​សកម្មភាព​រំលឹកខួបទី៦០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និងចិន ​នឹងពង្រឹង​ចំណងមិត្តភាព​ជា​បងប្អូន​នៃ​ប្រទេស​ទាំងពីរ​ព្រមទាំង​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ទៀតផង៕​