លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ បានបង្ហាញទាំងស្រុងនៅយប់ថ្ងៃទី ១៥ ខែសីហា ដោយបានបង្ហាញថា គណៈបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត ។ លោកស៊ីជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងលោកលីខឹឈាង នាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរចំពោះសម្តេចហ៊ុនសែនដោយឡែកពីគ្នា ។ លោក ស៊ីជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងក្នុងលិខិតអបអរសាទរថា លោកមានភាពសប្បាយរីករាយដោយបានទទួលដំណឹងថា បក្ស ប្រជាជនកម្ពុជាបានឈ្នះក្នុងការបោះឆ្នោតរដ្ឋសភាអាណត្តិទី៦របស់ប្រទេសកម្ពុជាដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៩ខែកក្កដា ។ តាងនាមឲ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងខ្លួនលោក សូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្តេចហ៊ុនសែននិងគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា!
ប្រទេសចិនមានសេចក្តីរីករាយដោយឃើញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រទេសកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការបង្កើនឋានៈក្នុងឆាកអន្ដរជាតិជាបន្តបន្ទាប់និងការសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនក្នុងគ្រប់វិស័យ ភាគីចិនសូមវាយតម្លៃខ្ពស់។
ភាគីចិនជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តបង្រួបបង្រួមនិងដឹកនាំប្រជាជនកម្ពុជាឲ្យដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍របស់ប្រទេសខ្លួន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កែលលម្អជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ ហើយបង្កើនសាមគ្គីភាពជាតិដើម្បីរួមចំណែកថ្មីកាន់តែធំធេងចំពោះភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសនិងសុភមង្គលរបស់ប្រជាជនកម្ពុជាព្រមទាំងស្ថិរភាពនិងការអភិវឌ្ឍន៍នៃតំបន់ផងដែរ។
គណបក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមេត្រីភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា រីករាយពង្រឹងការដឹកនាំនយោបាយទៅលើទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការទាក់ទងគ្នារវាងបក្សទាំងពីរ បង្កើនឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងបក្សនិងគ្រប់គ្រងជាតិ ដើម្បីជំរុញឲ្យទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាវិវឌ្ឍទៅមុខឥតឈប់ឈរនិងរួមគ្នាជំរុញដល់ការបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជនប្រទេសទាំងពីរ ក៏ដូចជាជំរុញភាពរុងរឿងនិងការរីកចម្រើននៃតំបន់និងពិភពលោក។
ជូនពរសម្តេចមានសុខភាពល្អបរិបូរណ៍ ការងារទទួលបានជោគជ័យ!
ជូនពរចំណងមិត្តភាពរវាងចិននិងកម្ពុជាស្ថិតស្ថិរយូរអង្វែងជាអមតៈ!
ក្នុងលិខិតអបអរសាទរររបស់លោកលី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានសរសេរថា ៖ ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដែលបានប្រារព្ធឡើងកាលពីពេលថ្មីៗនេះ គណៈបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលបានជោគជ័យម្តងទៀត ខ្ញុំសូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅ ។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងជានិច្ចដោយមិនខ្លាចនឿយហត់ ដើម្បីទទួលបានសមិទ្ធផលថ្មីគួរឲ្យសប្បាយរីករាយក្នុងការកសាងប្រទេស ។ ទំនាក់ទំនងរវាងចិននិងកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប្រទេសទាំងពីរ ។
ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងដ៏ល្អនិងជាដៃគូល្អ ។ ភាគីចិននឹងគាំទ្រប្រទេសកម្ពុជាដើរតាមផ្លូវអភិវឌ្ឍដែលសមស្របតាមសភាពការណ៍ជាតិរបស់ខ្លួនជាប់ជានិច្ច គាំទ្រប្រទេសកម្ពុជាក្នុងការគាំពារស្ថិរភាព ពន្លឿនការអភិវឌ្ឍនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ យើងរីករាយរួមជាមួយភាគីកម្ពុជា ឆ្លៀតឱកាសនៃខួប ៦០ ឆ្នាំការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មី រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយដ៏មានអត្ថន័យយុទ្ធសាស្ត្រ ។
ជូនពរសម្តេចមានសុខភាពល្អ បំពេញការងារដោយរលូន ។
ជូនពរព្រះរាជាណាចក្រកម្ពុជាមានភាពរុងរឿងថ្កុំថ្កើង ប្រជាជនមានសិរីមង្គល ។