សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអា-មេរិកជាមួយនឹងប្រទេសចិននឹងបង្កើនហានិភ័យរយៈពេលវែងនៃសេដ្ឋកិច្ចអាមេរិកឡាទីន

2018-08-17 18:07:40 |ប្រភព:CRI

  ជាមួយ​នឹង​ការកើនឡើង​ឥតឈប់ឈរ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយនឹង​ប្រទេសចិន​នៅ​ពេលថ្មីៗ​កន្លង​ទៅនេះ​ ប្រទេសចិន​នៅតែ​បន្តជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ភាគីទី​បី ។ ​បណ្តាប្រទេស​នៅ​អាមេរិកឡាទីន​ក្នុងឋានៈ​ជាតំបន់​នាំចេញ​ផលិតផល​ទ្រង់ទ្រាយធំ​សំខាន់​លើ​ពិភពលោក​គឺពោរពេញ​ទៅដោយ​ជំនឿចិត្ត​អំពី​ការទទួល​ផលប្រយោជន៍​ពីការវិវាទ​ពណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។​ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​មួយចំនួន​បាន​​ព្រមានថា ​បណ្តាប្រទេស​អាមេរិក​ឡាទីន​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​រយៈពេល​វែងដែល​នាំមក​ដោយ​ការកើនឡើង​នៃ​ការការពារ​ពាណិជ្ជកម្ម​របស់​​សហរដ្ឋអាមេរិក​និង​សង្គ្រាម​ពាណិជ្ជកម្ម​ចំពោះ​ប្រទេសចិន​បន្តទៅទៀត ។

    គោលនយោបាយ​ការពារនិយម​ផែ្នកពាណិជ្ជកម្ម​ស្តីពី​”អាទិភាពរបស់អាមេរិក”​ដែលបាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិនត្រឹមតែ​ផ្តោតទៅលើ​ប្រទេសចិន​ប៉ុណ្ណោះទេ​ ថែមទាំង​សំដៅទៅលើ​អតីតសម្ព័ន្ធមិត្ត​ ដូចជា​សហភាពអឺរ៉ុប​និង​បណ្តាប្រទេស​អាមេរិច​ឡាទីន​ផងដែរ។​លោកស្រី​ Alicia​ Bárcena​ អគ្គលេខាធិការប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សេដ្ឋកិច្ច​របស់​អាមេរិចឡាទីន​និង​ការាបៀន​នៃ​អង្គការសហប្រជាជាតិ​បាន​ចង្អុលបង្ហាញថា​ គោលនយោបាយ​ការពារពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ គឺជា​ការ​វាយប្រហារ​ទៅលើ​បណ្តាប្រទេស​អាមេរិចឡាទីន​មុនគេ​ ដូចជា​ប្រទេសម៉ិកស៊ិក​ជាដើម។​ការដំឡើង​អត្រា​ពន្ធគយ​ទៅលើ​ផលិតផល​ដែកថែប​និងអាលុយមីញ៉ូម​របស់​សហរដ្ឋអាមេរិក​នឹង​នាំ​មក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ស្លដែក​និង​ដែកថែប​ដែលជា​សសរស្តម្ភ​សេដ្ឋកិច្ច​ចម្បង​របស់​ម៉ិកស៊ិក ​ហើយ​វាក៏នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ឧស្សាហកម្មមានពាក់ព័ន្ធ​និង​ធ្វើឲ្យ​មនុស្ស​គ្មាន​ការងារធ្វើ​ច្រើនរាប់មិនអស់។​ក្នុងន័យនេះ​ អង្គសេដ្ឋកិច្ច​សំខាន់ៗ​ផ្សេងទៀត​នៃ​អាមេរិច​ឡានទីន​ រួមមាន​ប្រទេសប្រេស៊ីល​និង​អាហ្សង់ទីន​ជាដើម ​ក៏នឹង​ទទួលរង​ផល​ប៉ះពាល់​ដូច​គ្នា​នេះ​ផងដែរ។

  លោកស្រី​ Barcena បាន​សំដែង​ការ​ព្រួយបារម្ភយ៉ាង​ជ្រាលជ្រៅ​អំពី​ផល​​ប៉ះពាល់ដល់​​សេដ្ឋកិច្ច​អាមេរិក​ឡាទីន​ដែល​បណ្តាល​មកពី​សង្គ្រាម​ពាណិជ្ជកម្ម​ចំពោះប្រទេស​ចិន​ដែល​អាមេរិក​បាន​បង្កឡើង​នោះ​  ។ លោក​ស្រីបាន​បញ្ជាក់​ថា​ ប្រទេស​ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី​ ២ នៃ​បណ្តា​​អាមេរិកឡាទីន ថែម​ទាំង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី​ ១ ឬ​ទី​ ២ របស់​ប្រទេស​អាមេរិកឡាទីន​ជាច្រើន​ ។ ថ្វី​ត្បិត​តែ​ប្រទេស​ចិន​បាន​ពង្រីក​ទីផ្សារភាគី​ទី ៣ នៅក្រោម​សភាពការណ៍ជម្លោះពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិកក៏​ដោយ​​ ក៏​អ្នក​នាំ​ចេញ​ភាគ​ច្រើន​របស់​អាមេរិក​ឡាទីន​ទទួលបាន​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​ក្នុងរយៈពេល​ខ្លី​ ប៉ុន្តែ​ក្នុង​រយៈពេល​វែង​ ​នៅ​ពេល​ដែល​កម្លាំង​រស់រវើក​របស់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​ចិន​ត្រូវ​បាន​រងការ​​រារាំង​ទប់ស្កាត់ វានឹង​អាច​កាត់បន្ថយ​ការ​នាំ​ចូល​ទំនិញ(Commodities)​ ហើយ​បណ្តាល​ឲ្យ​តម្លៃ​ទំនិញ​ (Commodities)អន្តរជាតិ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ។   ​​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​ដែល​ជាប្រភព​​សំខាន់​សម្រាប់​ការ​នាំចេញ​ទំនិញ​ប្រភេទ​នេះ​ទៅប្រទេស​ចិន​ នឹង​រង​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ ។

    ប្រទេសចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី ១ ជាទីផ្សារ​នាំចេញ​ទី ១ និងជា​ប្រភព​នាំចូល​ធំទី ២ នៃប្រទេសឈីលី ។ ប្រព័ន្ធ​សារព័ត៌មាន​ឈីលី​បានផ្សាយ​ដំណឹងឲ្យ​ដឹងថា ខណៈដែល​ប្រទេសចិន​លើកកម្ពស់​ដោយ​ស្របគ្នា​នូវ​ពន្ធគយ​នាំចូល​លើ​ផលិតផល​ស្រា​ទំពាងបាយជូរ ផ្លែឈើ​ស្ងួត និង​គ្រាប់ធញ្ញជាតិ​ជាដើម​នៃអាមេរិក សហគ្រាស​មានពាក់ព័ន្ធ​នៃឈីលី​កំពុង​ព្យាយាម​គ្រប់បែបយ៉ាង​ដើម្បីដណ្តើម​ទីផ្សារចិន ។ លោកសាត ប្រធាន​មជ្ឈមណ្ឌល​សិក្សាបញ្ហា​អន្តរជាតិ​នៃ​សកលវិទ្យាល័យ​កាតុលិក​ឈីលី​បានសម្គាល់ថា សង្គ្រាម​ពាណិជ្ជកម្ម​ចំពោះ​ប្រទេសចិន​ដែល​អាមេរិក​បង្កនោះ​នឹង​វាយប្រហារ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងខ្លាំង ក៏រួមទាំង​ឈីលី​ផងដែរ ។ បើ​វិវាទនៅតែ​បន្ត នោះ​នឹងធ្វើឲ្យ​សេដ្ឋកិច្ច​នៃតួអង្គ​សេដ្ឋកិច្ចថ្មី​ពធ្លាក់ចុះ ។

    លោក​ស្រី​AliciaBarcenaបាន​ថ្លែង​ថា ​ការការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​គ្រវី​នោះ​ មិន​ត្រឹម​តែ​បំផ្លាញ​ដល់​ទី​ផ្សារ​ពិភពលោក​ទាំង​មូល​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ពាណិជ្ជកម្ម​ប្រក្រតី​ដែរ ​ហើយ​ក៏​បណ្តាល​ឲ្យមាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​តួអង្គ​សេដ្ឋកិច្ច​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន​ដែរ ​ម្យ៉ាង​វិញ​ទៀត​បាន​បង្ក​ការ​ប្រកួត​ប្រជែង​ចំពោះ​ចរន្ត​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​ទៀត​ផង។​នៅ​ពេល​ប្រឈម​នឹង​ពិភពលោក​ដែល​បើក​ទូលាយ​យ៉ាង​ខ្លាំង ​និង​ក្រោម​បរិបទ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សេដ្ឋកិច្ច​បែប​បើក​ទូលាយ​របស់​បណ្តា​ប្រទេស​ទាំង​អស់​ ​ការការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​ដែល​ជា​ឯកតោភាគី​នោះ​សុទ្ធ​តែ​មិន​ត្រូវបាន​ស្វាគមន៍​ទេ ​ហើយ​ក៏​មិន​អាច​រារាំង​ដំណើរ​ការ​សកលភាវូបនីយកម្ម​បាន​នោះ​ទេ។

      លោកស្រី ​Barcena  ​បាន​សង្កត់​ធ្ងន់​​ថា ​នៅ​ក្រោម​សភាពការណ៍​ទូទៅ​នៃ​សកលភាវូបនីយកម្ម​នៃ​សេដ្ឋកិច្ច​  ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​មិនគ្រាន់តែ​ជា​ដាវ​មុខ​ពីរ​ ដែល​ធ្វើ​ឲ្យភាគី​សងខាង​សុទ្ធតែ​រង​ការខាត់បង់​​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ទេ ​ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទៀត​ផង។ ​កិច្ចចរចា​​​និង​កិច្ចសន្ទនាគ្នា​គឺ​ជា​វិធី​ល្អបំផុត​ដែល​សហគមអន្តរជាតិ​ទទួលយក​ជាទូទៅ​​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​​។ ​លោកស្រី​បាន​ស្នើ​​ថា  ​ឈរលើ​ផលប្រយោជន៍ផ្ទាល់​ខ្លួន​​រយៈពេល​អង្វែង​ ​ប្រទេស​អាមេរិកឡាទីន​គួរតែ​ដើរ​តួនាទី​​​វិជ្ជមាន​ក្នុង​​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និងចិន​៕

អ្នកបកប្រែ៖Sun Lingling

អ្នកនិពន្ធ៖ លីហ្សា