កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកញ្ញា វេទិកាបូអាវសម្រាប់អាស៊ី-សន្និសីទភ្នំពេញបានប្រារព្ធនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ក្រោមប្រធានបទ“រួមគ្នាដើម្បីការអភិវឌ្ឍនិងឈ្នះ-ឈ្នះ”ដោយមានអត្ថន័យសំខាន់គឺប្រឹងប្រែងទាំងអស់គ្នាដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងសម័យកាលថ្មី។ អ្នកតំណាងខាងមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មដែលមកពីប្រទេសកម្ពុជា ចិន រួមទាំងប្រទេសនិងតំបន់អាស៊ីផ្សេងៗទៀតជួបពិភាក្សាគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់មួយ និងផ្លូវមួយ” និងឱកាសសំខាន់ក្នុងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។ សន្និសីទលើកនេះរៀបចំសហការណ៍ដោយវេទិកាបូអាវនិងកម្ពុជា នេះជាសន្និសីទលើកដំបូងតាំងពីបង្កើតឡើងបាន១៧ឆ្នាំកន្លងមកដែលមករៀបចំនៅប្រទេសកម្ពុជា។
អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី លោក Li Baodong បានគូសបញ្ជាក់ថា គោលបំណងដើមនៃការបង្កើតវេទិកាបូអាវសម្រាប់អាស៊ី គឺដើម្បីជំរុញឱ្យមានសាកលភាវូបនីយកម្មសេដ្ឋកិច្ចនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី។ ពួកយើងបានយល់ឃើញថា កិច្ចសហប្រតិបត្តិការតំបន់ដែលមានកំរិតកាន់តែខ្ពស់និងកាន់តែស៊ីជម្រៅ នឹងអាចផ្តល់ជំនួយឧបត្ថម្ភសម្រាប់ប្រទេសនានានៅអាស៊ីសម្រេចគោលដៅអភិវឌ្ឍន៍រៀងៗខ្លួន។
លោក Li Baodong បង្ហាញបន្តទៀតថា បទពិសោធន៍អភិវឌ្ឍន៍នៃប្រទេសអាស៊ីជាច្រើនរួមទាំងប្រទេសចិន គួរត្រូវបានយកចិត្តទុកដាក់។ ឯ“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ដែលជាគំនិតផ្តួចផ្តើមដោយប្រទេសចិន ពិភាក្សាគ្នាកសាងគ្នាចែករំលែកគ្នាដោយប្រទេសនានានោះ ជាផលិតផលសាធារណៈដ៏ថ្លៃថ្នូរដែលត្រូវបានផ្តល់ឱ្យសង្គមអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ហោ ណាំហុងបានលើកឡើងថា ប្រទេសចិនគឺជាមិត្តដ៏ជិតស្និទ្ធនិងគួរឱ្យទុកចិត្តបំផុតរបស់ប្រទេសកម្ពុជា ចិននិងកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការទៅលើវិស័យនានា ឯការវិនិយោគនិងជំនួយឧបត្ថម្ភពីប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកម្ពុជា។ លោកជឿជាក់ថា សន្និសីទលើកនេះនឹងអាចនាំមកនូវឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើនដល់កម្ពុជា។
ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជាលោកសុង ប៉ បានបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសចូលរួមបង្កើតនៃវេទិកាបូអាវអាស៊ីនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅដល់ទីក្រុងHainanអញ្ជើញចូលរួមកិច្ចប្រជុំចំនួនពីរលើក បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការបង្កើតនិងអភិវឌ្ឍវេទិកានេះ។ សន្និសីទលើកនេះបានបង្ហាញចេញពីវេទិការបូអាវសម្រាប់អាស៊ីដោយយកចិត្តទុកដាក់ដល់ប្រទេសកម្ពុជា បានផ្តល់វេទិកាដ៏សំខាន់សម្រាប់ឱ្យសហគ្រិនចិននិងកម្ពុជាបង្កើនការស្វែងយល់ទំនាក់ទំនងនិងការផ្លាស់ប្តូរទៅវិញទៅមក៕
អ្នកសារព័ត៌មាន៖ Yu Jiangning Ding Feng
អ្នកនិពន្ធ៖ លីហ្សា