ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងផ្តល់នូវអត្ថប្រយោជន៍ចំនួនបី ហើយពិភពលោកនឹងទទួលបាននូវផលប្រយោជន៍ជាយូរអង្វែង

2018-11-12 17:29:12 |ប្រភព:CRI

  ថ្ងៃទី១០​ខែវិចិ្ឆកា ​ពិព័រណ៍នាំចូល​ចិនអន្តរជាតិ​លើកដំបូង​​បាន​បិទបញ្ចប់​នៅ​ក្រុងសៀងហៃ​ ។​ ក្នុងរយៈពេល​៦ថ្ងៃ ​មាន​ប្រទេសនិង​តំបន់​ក៏ដូចជា​អង្គការអន្តរជាតិ​ចំនួន១៧២​ ​សហគ្រាស​ជាង៣៦០០​បានចូលរួម​ពិព័រណ៍នេះ ​។ ​ពាណិជ្ជករ​ទិញទំនិញ​ក្នុងនិងក្រៅ​ប្រទេសចិន​លើសពី៤​សែននាក់​ ហើយ​បាន​ពិភាក្សាគ្នា​អំពី​ការជួញដូរ​ក្នុងពិព័រណ៍​ ។ ​ចំពោះ​ទំហំ​ទឹកប្រាក់​សម្រាប់​កិច្ចសន្យា​នៃ​ការជួញដូរ​គឺ​៥ម៉ឺន​៧ពាន់​៨រយ​៣០​លានដុល្លារ​អាមេរិក ។ ​លទ្ធផល​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​បែបនេះគឺ​កម្រឃើញ​ក្នុង​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ពិភពលោក ។

  ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​នេះគឺ​ត្រូវបាន​ប្រកាស​រៀបចំ​ធ្វើឡើង​ដោយ​លោក​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​​នៅក្នុង​វេទិកា​កំពូលនៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និងផ្លូវមួយនា​ឆ្នាំ២០១៧ ​ដែល​ជា​គោលនយោបាយ​ដ៏សំខាន់​របស់​ប្រទេសចិន​ក្នុង​ការជំរុញ​ការបើកទូលាយ​កម្រិតខ្ពស់​ថ្មីមួយ​ទៅកាន់​អន្តរជាតិ​ហើយក៏ជា​វិធានការ​សំខាន់​របស់​ប្រទេសចិន​ដើម្បី​បើកទីផ្សារ​របស់ខ្លួន​ទៅកាន់​ពិភពលោក​ដោយ​ម្ចាស់ការ​ផងដែរ ​។​ មើលពី​លទ្ធផលនៃ​ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកដំបូង​នេះ​ បាន​បញ្ជាក់​ឲ្យឃើញនូវ​ការវិនិច្ឆ័យ​របស់​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​ដោយ​ពេញលេញ​ គឺ​​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​គឺជា​និន្នាការ​ប្រវត្តិសាស្ត្រ​ដែលមិន​អាច​ប្រែប្រួល​បាន​ ការបើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ​ជាកម្លាំង​ចលករ​ដ៏សំខាន់​សម្រាប់​បង្កើន​កម្លាំង​រស់រវើកនៃ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ ។​ ពិព័រណ៍នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំនួន​បី ហើយ​នឹងធ្វើឲ្យ​ពិភពលោក​ទទួលបាន​ផលប្រយោជន៍​​យូរអង្វែង ។

 

  ទី១​ ពិព័រណ៍នាំចូល​ចិនអន្តរជាតិ​លើកដំបូង​នេះ​នឹង​លើកកម្ពស់​ភាពបើកទូលាយ​និង​អំណោយ​ផល​ដល់​សេរីភាវូបនីយកម្ម​ផែ្នកពាណិជ្ជកម្ម​ ក៏​ដូចជា​កំណើន​សេដ្ឋកិច្ច​ពិភព​លោក។​នៅ​ក្នុង​បរិបទ​នៃ​ភាពផ្ទុយ​រវាង​សកលភាវូបនីយកម្ម​និង​ការ​ការពារនិយម​ផែ្នក​ពាណិជ្ជកម្ម​កំពុង​កើន​ឡើង​នាពេល​បច្ចុប្បន្ននេះ​ ធ្វើឲ្យ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​សកល​របស់ខ្លួន​នៅក្នុង​ខែមេសា ​សម្រាប់​ឆ្នាំនេះ​និង​ឆ្នាំក្រោយ​ពី​៣.៩ ​ភាគរយ​មក​នៅត្រឹម ​៣.៧ ​ភាគរយ​វិញ។​ពិភពលោក​ចង់បាន​ឱកាសថ្មី​សម្រាប់​ធ្វើពាណិជ្ជកម្ម​សេរី​ដើម្បី​ផ្តល់​កម្លាំង​ចលករ​ទៅក្នុង​សេដ្ឋកិច្ច​ទន់ខ្សោយ។​នៅក្នុង​ឱកាស​ដ៏សំខាន់ៗ​នេះ​ ការបើកធ្វើ​នៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកដំបូង​របស់​ប្រទេស​ចិន ​គឺ​ស្របគ្នា​ជាមួយនឹង​តម្រូវការ​អភិវឌ្ឍ​នៃ​បណ្តា​ប្រទេសនានា​ដើម្បី​បង្កើត​នូវ​វេទិកាថ្មី​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​បើក​ទូលាយ។​

 

  ទីពីរ​ ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកដំបូង​នេះ​នឹង​ប្រមូលផ្តុំ​មតិឯកភាពគ្នា​និង​ជំរុញ​ពិភពលោក​ឲ្យ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​លើ​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​សំខាន់ៗ។​បើ​ប្រៀប​ធៀប​ទៅនឹង​ពិព័រណ៍នាំចូល​និង​នាំចេញ​ផ្សេងទៀត​នៅលើ​ពិភពលោក​ លក្ខណៈ​ពិសេស​នៃ​ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកដំបូង​នេះ​ គឺថា​ វា​មិនត្រឹមតែ​ជាការ​រៀបចំ​ពិព័រណ៍​ប៉ុណ្ណោះទេ ​ថែមទាំង​បាន​ធ្វើការ​ពិគ្រោះពិភាក្សា​អំពី​បញ្ហាសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​សកល​សំខាន់ៗ​នាពេល​បច្ចុប្បន្ន​ផងដែរ។​ម៉្យាងវិញទៀត ​ធ្វើឲ្យ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកដំបូង​នេះ​ក្លាយទៅជា​វេទិកា​ដ៏សំខាន់​ថ្មីមួយ​ដែល​ប្រមូលផ្តុំ​នូវ​មតិឯកភាពគ្នា​របស់​សហគមន៍​អន្តរជាតិ​ទៀតផង។

  

  ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​នេះ​នឹង​បន្ត​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាម​ផែនការ។​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ​បាន​មាន​សហគ្រាស​ជាង​២រយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ចូលរួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​២។​ការ​នេះ​បាន​បញ្ជាក់​ថា​​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​ជា​ផលិតផល​សាធារណ​អន្តរជាតិ​ដែល​ផ្តល់​ដោយ​ប្រទេស​ចិន​សម្រាប់​ជំរុញ​សកល​ភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ចច​ត្រូវ​បាន​ពិភពលោក​ទាំង​មូល​ទទួល​ស្គាល់​និង​ស្វាគមន៍​កោតសរសើរ។លោកស្រី​ChristineLagardeនាយកនៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​វាយតម្លៃ​ថា ​ប្រទេស​ចិន​កំពុងសាងសង់​ស្ពាន​ដែល​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ប្រកប​ដោយ​វិបុលភាព​និង​អនាគត។

អ្នកបកប្រែ:Sun Lingling

អ្នកនិពន្ធ៖ លីហ្សា