លោក ស៊ីជីនភីង បានជួបពិភាក្សាការងារជាមួយលោក Duterte ប្រធានាធិបតីហ្វីលីពីននៅក្រុងម៉ានីលកាលពីថ្ងៃទី ២០ ខែវិច្ឆិកា។ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នារៀបចំផែនការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលអនាគត ហើយបានឈានដល់គំនិតឯកភាពគ្នាដ៏សំខាន់ដោយបានសម្រេចចិត្តជាឯកច្ឆន្ទថា នឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងហ្វីលីពីន។
ថែ្លងក្នុងកិច្ចជំនួប លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានសម្រេចចិត្តបង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងហ្វីលីពីន គឺសមស្របតាមការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរនិងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគី។ប្រទេសចិនគាំទ្រយ៉ាងរឹងមាំចំពោះបុព្វហេតុរបស់ហ្វីលីពីនក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ហើយនឹងបន្តផ្តល់ការគាំទ្រដល់ប្រទេសហ្វីលីពីនឲ្យអស់ពីសមត្ថភាពរបស់ខ្លួន។ប្រទេសហ្វីលីពីន គឺជាដៃគូដ៏សំខាន់មួយសម្រាប់ប្រទេសចិនក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ភាគីទាំងពីរគួរតែធ្វើឲ្យស៊ីជម្រៅនូវគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ដើម្បីតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ហ្វីលីពីន។
លោក ស៊ីជីនភីង បានចង្អុលបង្ហាញថា ប្រទេសចិននិងហ្វីលីពីនមានផលប្រយោជន៍រួមគ្នាដ៏ទូលំទូលាយនៅក្នុងសមុទ្រចិនខាងត្បូង ហើយអាចបន្តគ្រប់គ្រងការខ្វែងគំនិតគ្នាតាមរយៈការពិគ្រោះពិភាក្សាដោយមេត្រីភាព ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យសមុទ្រដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងសុខុមាលភាពរបស់ប្រជាជន។
ជាការឆ្លើយតប លោក Duterte បានថែ្លងថា ប្រទេសហ្វីលីពីនកោតសរសើរដល់បណ្តាប្រទេសក្នុងតំបន់នេះនឹងរួមគ្នាការពារសន្តិភាពនិងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាននិងចិន។ភាគីហ្វីលីពីនមានឆន្ទៈក្នុងការធ្វើទំនាក់ទំនងនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងក្របខ័ណ្ឌពហុភាគី ដូចជា អង្គការសហប្រជាជាតិជាដើម៕
អ្នកបកប្រែ៖ Wei Wei
អ្នកនិពន្ធ៖ លីហ្សា