១៣ឆ្នាំក្រោយមក មេដឹកនាំកំពូលរបស់ចិនបានទៅបំពេញទស្សនកិច្ចម្តងទៀតនៅហ្វីលីពីន ។ ក្រោយពីបានពុះពារឧបសគ្គជាច្រើនឆ្នាំកន្លងទៅនេះ ទំនាក់ទំនងចិននិងហ្វីលីពីនបានបោះជំហានថ្មីមួយទៀត ។ ថ្ងៃទី២០ខែវិចិ្ឆកា លោកប្រធានរដ្ឋចិនស៊ីជីនភីងដែលកំពុងបំពេញទស្សនកិច្ចនៅហ្វីលីពីនបានជួបពិភាក្សាការងារជាមួយលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ដើម្បីរួមគ្នារៀបចំផែនការអនាគតនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយសម្រេចជាឯកច្ឆន្ទថា នឹងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងហ្វីលីពីនផងដែរ ។
នៅឆ្នាំ២០០៥ ប្រទេសទាំងពីរចិននិងហ្វីលីពីនបានសម្រេចបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍ ។ ក្រោយមក ដោយសាររងឥទ្ធិពលពីប្រទេសខាងក្រៅតំបន់បង្កវិវាទនៅសមុទ្រចិនខាងត្បូង ជាពិសេសគឺបន្ទាប់ពីអតីតរដ្ឋាភិបាលហ្វីលីពីនបង្កសំណុំរឿងមជ្ឈត្តកម្មនៃសមុទ្រចិនខាងត្បូងដោយឯកតោភាគី ទំនាក់ទំនងទ្វេភាគីចិននិងហ្វីលីពីនបានផ្លាស់ប្តូរ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក៏ត្រូវលះបង់ចោល ។
លោក Rodrigo Duterte បានប្រកាន់ខ្ជាប់គោលនយោបាយការទូតដែលឯករាជ្យបន្ទាប់ពីលោកកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ ២០១៦ ។ ប្រទេសចិននិងហ្វីលីពីនបានវិលត្រឡប់មកកាន់ផ្លូវត្រឹមត្រូវវិញសម្រាប់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងយ៉ាងសមរម្យតាមរយៈកិច្ចសន្ទនានិងការពិភាក្សាគ្នា ។ បន្ទាប់មក លោកស៊ីជីនភីងនិងលោកRodrigo Duterte បានជួបពិភាក្សាគ្នាចំនួន ៦ លើក ។ នៅក្រោមការណែនាំរួមពីមេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានបើកទំព័រថ្មីមួយ ។
ជុំវិញវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចជាតិរបស់ហ្វីលីពីន ។ យុទ្ធសាស្ត្រនេះពាក់ព័ន្ធដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៥ ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វីលីពីន ។ តាមដំណឹងឲ្យដឹងថា ក្នុងនោះ ប្រទេសចិនបានចូលរួមគម្រោងចំនួនពាក់កណ្តាលនៃចំនួនគម្រោងតាមរយៈការវិនិយោគការផ្តល់ឥណទានឬរូបភាពផ្សេងទៀត ។
ព្រមពេលជាមួយគ្នានេះ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងហ្វីលីពីនក៏បានទទួលការអភិវឌ្ឍយ៉ាងធំធេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំជាងគេ ជាទីផ្សារនាំចេញធំជាងគេ ជាប្រទេសប្រភពនាំចូលធំជាងគេនិងជាប្រទេសប្រភពទេសចរណ៍ធំទី២នៃប្រទេសហ្វីលីពីន។នៅឆ្នាំ២០១៧ ទំហំទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីបានលើសពី៥ម៉ឺនលានដុល្លារអាមេរិកជាលើកដំបូង ភាគីចិនវិនិយោគដោយផ្ទាល់នៅហ្វីលីពីនបានលើសពី៥៣លានដុល្លារអាមេរិក កើនជាង៦៧ភាគរយបើធៀបនឹងឆ្នាំ២០១៦។
ក្រៅពីនេះ ក្នុងវិស័យសន្តិសុខ ភាគីចិនក៏គាំទ្រយ៉ាងដាច់ខាតនូវបុព្វហេតុបង្រ្កាបគ្រឿងញៀននិងប្រឆាំងភេរវកម្មដែលដឹកនាំដោយលោកDuterte ដែរ កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរវាងទ្វេភាគីក៏ត្រូវលើកកម្ពស់ឥតឈប់ឈរផងដែរ។
ប្រការដែលគួរឲ្យចាប់អារម្មណ៍គឺ ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងហ្វីលីពីនមិនគ្រាន់តែសម្រេចថានឹងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនដូចជាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួមជំរុញកិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយនិងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការត្រួសត្រាយឧស្ម័ននិងប្រេងជាដើមផងដែរ។
កាលពីខែកក្កដាឆ្នាំទៅមិញ ភាគីហ្វីលីពីនបានថ្លែងថា ដោយសារតែប្រទេសចិននិងហ្វីលីពីនធ្លាប់មានសេចក្តីសម្រេចចិត្តស្តីពីការទុកការខ្វែងគំនិតគ្នានៅមួយអន្លើនិងការរួមគ្នាអភិវឌ្ឍសមុទ្រចិនខាងត្បូងនាឆ្នាំ ១៩៨៦ ដូច្នេះជឿជាក់ថា ភាគីហ្វីលីពីននិងចិនមានប្រាជ្ញាអាចរកឃើញវិធីសមស្របដើម្បីរួមគ្នាអភិវឌ្ឍធនធានធម្មជាតិនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតីហ្វីលីពីនឌូទឺតេនិងលោកប្រធានរដ្ឋចិនស៊ីជីនភីង ។ លោកវ៉ាងយី រដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយតបជាវិជ្ជមានចំពោះការនេះ ដោយបានថ្លែងថា ប្រទេសទាំងពីរគួរតែធ្វើសេចក្តីសម្រេចចិត្តក្នុងពេលឆាប់ៗ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ ។
នាខែតុលាឆ្នាំនេះ លោកវ៉ាងយីបានថ្លែងជាចំហទៅកាន់ប្រព័ន្ធសារព័ត៌មានជាថ្មីម្តងទៀតថា ការទុកការខ្វែងគំនិតនៅមួយអន្លើនិងការរួមគ្នាអភិវឌ្ឍគឺជាគំនិតផ្តួចផ្តើមដែលពោរពេញទៅដោយប្រាជ្ញានយោបាយដែលប្រទេសចិនបានលើកឡើងចំពោះប្រទេសហ្វីលីពីនកាលពី ៣២ ឆ្នាំមុន ។ បើប្រទេសចិននិងហ្វីលីពីនសម្រេចបានការអភិវឌ្ឍរួមគ្នា មិនត្រឹមតែអាចជួយហ្វីលីពីនក្នុងការកាត់បន្ថយបញ្ហាកង្វះខាតថាមពលដែលអាចកើតមាននៅពេលអនាគតប៉ុណ្ណោះទេ ថែមទាំងនឹងអាចរកឃើញនូវមធ្យោបាយជាក់ស្តែងមួយសម្រាប់ចិននិងហ្វីលីពីនដោះស្រាយវិវាទមានពាក់ព័ន្ធ ព្រមទាំងផ្តល់ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសតាមបណ្តោយសមុទ្រចិនខាងត្បូងផ្សេងទៀតធ្វើកិច្ចសហប្រតិបត្តិការបែបនេះផងដែរ ។
ដូចលោកប្រធានរដ្ឋចិន ស៊ីជីនភីង បានថែ្លងថា ប្រទេសចិននិងហ្វីលីពីនមានផលប្រយោជន៍រួមគ្នាដ៏ទូលំទូលាយនៅក្នុងសមុទ្រចិនខាងត្បូង ហើយអាចបន្តគ្រប់គ្រងការខ្វែងគំនិតគ្នាតាមរយៈការពិគ្រោះពិភាក្សាដោយមេត្រីភាព ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសមុទ្រដើម្បីរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងសុខុមាលភាពរបស់ប្រជាជន។
លោក Duterte ប្រធានាធិបតីហ្វីលីពីនបានថែ្លងថា ដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសហ្វីលីពីនរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ក្នុងរយៈពេល ១៣ ឆ្នាំ គឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ហើយនឹងបើកនូវទំព័រថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរ។លោកបានសង្កត់ធ្ងន់ជាពិសេសថា ភាគីហ្វីលីពីនកោតសរសើរដល់បណ្តាប្រទេសក្នុងតំបន់នឹងរួមគ្នាការពារសន្តិភាពនិងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។ជំរុញការដោះស្រាយកិច្ចការអន្តរជាតិ ប្រទេសចិនឈរនៅទិសដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ។ប្រទេសហ្វីលីពីនមានឆន្ទៈក្នុងការធ្វើទំនាក់ទំនងនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងក្របខ័ណ្ឌពហុភាគី ដូចជា អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង នៅប្រទេសហ្វីលីពីន មិនត្រឹមតែពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយរវាងប្រទេសចិននិងហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើតគំរូនៃការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសមុទ្ររវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ានពាក់ព័ន្ធ៕
អ្នកបកប្រែ៖ Sun Lingling