នៅពេលដ៏ខ្លីខាងមុខនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉ាណាម៉ា នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានរដ្ឋចិននៅប្រទេសប៉ាណាម៉ា ។ នាពេលកន្លងទៅថ្មីៗនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិន លោក Wei Qiang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសប៉ាណាម៉ាបានថ្លែងថា ប្រទេសប៉ាណាម៉ាទាំងមូលទន្ទឹងរង់ចាំចំពោះព្រឹត្តិការណ៍ដ៍ធំមួយនេះដែលពាក់ព័ន្ធដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ថ្លែងក្នុងបទសម្ភាសន៍ លោក Wei Qiang បានលើកឡើងថា ប្រទេសចិននិងប៉ាណាម៉ាបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា គឺសមស្របនឹងចរន្តប្រវតិ្តសាស្រ្ត ហើយក៏ជាការឆ្លើយតបនឹងក្តីបំណងរបស់ប្រជាជនផងដែរ ។ នៅពេលអនាគត ការអភិវឌ្ឍទំនាក់ទំនងរវាងទ្វេភាគីនឹងមានសភាពកាន់តែល្អប្រសើរថែមទៀត ។
សូមបញ្ជាក់ថា ប្រទេសប៉ាណាម៉ាគឺជាប្រទេសអាមេរិកឡាទីនមុនគេបង្អស់ដែលបានឈានដល់ការចុះអនុស្សរណៈយោគយល់ស្តីពី “ខ្សែក្រវាត់មួយនិងផ្លូវមួយ”ជាមួយប្រទេសចិន ។ លោក Wei Qiang បានអះអាងថា ការរួមគ្នាកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ”នឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ៕
អ្នកនិពន្ធ៖ លីហ្សា