កាលពីថ្ងៃទី ៣ ខែធ្នូ តាមម៉ោងនៅក្នុងតំបន់ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Juan Carlos Varela Rodriguez ប្រធានាធិបតីប៉ាណាម៉ា។ប្រមុខរដ្ឋទាំងពីរបានវាយតម្លៃខ្ពស់ចំពោះនិន្នាកាដ៏ល្អប្រសើរនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងប៉ាណាម៉ា ហើយបានឈានដល់មតិឯកច្ឆន្ទគ្នាយ៉ាងទូលំទូលាយលើការជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ថែ្លងក្នុងកិច្ចជំនួប លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយប៉ាណាម៉ាដើម្បីរក្សាការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់។ភាគីទាំងពីរគួរតែពង្រឹងការតភ្ជាប់គ្នាខាងផែ្នកយុទ្ធសាស្រ្ត ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ហិរញ្ញវត្ថុ ទេសចរណ៍ ចរាចរណ៍ទំនិញនិងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។ភាគីទាំងពីរចាំបាច់ពង្រឹងការទាក់ទងនៅក្នុងកិច្ចការអន្តរជាតិនិងធ្វើឲ្យស៊ីជម្រៅនូវការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការពហុភាគី ដូចជា អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងវេទិការវាងចិននិងអាមេរិកឡាទីន ក៏ដូចជារួមគ្នាដោះស្រាយនឹងបញ្ហាប្រឈមនានា ដូចជា ការការពារនិយមនិងឯកតោភាគីនិយមជាដើមនិងរួមគ្នាជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីនិងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ហើយការពារផលប្រយោជន៍រួមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ។
ជាការឆ្លើយតប លោក Juan Carlos Varela Rodriguez បានថែ្លងថា ប៉ាណាម៉ាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយនិងគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់ៗដែលលោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានបង្កើតឡើងដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ប្រទេសប៉ាណាម៉ាគាំទ្រការកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ហើយទន្ទឹងរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងគ្រប់វិស័យ ដូចជា ការវិនិយោគ ការដឹកជញ្ជូនតាមកំពង់ផែនិងតំបន់ពាណិជ្ជកម្មសេរីជាដើម។ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប៉ាណាម៉ានិងចិននឹងមិនត្រឹមតែផ្តល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនិងតំបន់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាពនិងវិបុលភាពនៃសកលលោកផងដែរ៕
អ្នកបកប្រែ:Wei Wei