រយៈពេលបីខែខាងមុខនេះគឺសំខាន់ណាស់ចំពោះចិននិងសហរដ្ឋអាមេរិក

2018-12-04 17:54:10 |ប្រភព:CRI

  កាលពី​ថ្ងៃទី១​ខែធ្នូ​ លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​និង​លោកត្រាំ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ជួបពិភាក្សា​ការងារ​នៅ​ប្រទេស​អាហ្សង់ទីន ​។ តាម​ដំណឹងដែល​ផ្សាយ​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារនេះ​ឲ្យដឹងថា​ ភាគីទាំងពីរ​សម្រេច​បញ្ឈប់​វិធានការ​ដាក់កំហិត​ផ្នែក​ពាណិជ្ជកម្ម​ដូចជា​ដំឡើង​ពន្ធគយ​ជាដើម ​។ ​ភាគីទាំងពីរ​នឹង​ប្រើ​រយៈពេល​៩០ថ្ងៃ​ធ្វើ​ការពិគ្រោះ​ពិភាក្សា​​ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​​​លុបចោល​ពន្ធគយ​ដែលបាន​បន្ថែម​លើគ្នា​ទៅវិញ​ទៅមក​នៅ​ឆ្នាំ២០១៨​នេះ​ ។ បើ​បរាជ័យ​ នោះ​ ភាគី​អាមេរិក​ទំនងជា​នឹង​បន្តបង្កើន​សង្គ្រាម​ពាណិជ្ជកម្ម ។

    តើត្រូវតែ​មើល​លទ្ធផល​នៃជំនួប​ពិភាក្សា​ការងារនេះ​យ៉ាងដូចម្តេច​? មុនដំបូង​ គឺជំនួប​ពិភាក្សា​ការងារ​រវាង​មេដឹកនាំ​ចិននិង​សហរដ្ឋអាមេរិក​ធ្វើឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិក​ចូលក្នុង​សភាពការណ៍​បញ្ឈប់សង្គ្រាម ​ដោយ​ក្នុងនោះ ​មាន​ការណែនាំ​និង​លំហដល់​ភាគី​ទាំងពីរ​សម្រាប់​ពិគ្រោះ​ពិភាក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ វាគឺមាន​អត្ថន័យ​វិជ្ជមាន​ដែលមិន​អាច​ប្រកែកបាន​ ។ ព្រមពេល​ជាមួយនេះ​ ក៏មានន័យថា​ ក្នុង​រយៈពេល​បីខែខាង​មុខនេះ ​ក្រុម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ភាគីទាំងពីរ​នឹង​ប្រកួត​ប្រជែងគ្នា​វគ្គថ្មីមួយ​ទៀត ​ហើយ​ដំណើរ​នេះមុខជា​ស្មុគស្មាញ​និងពិបាក​ណាស់ ។

    ហេតុអ្វីបានជា​ប្រទេស​ចិន​និង​អាមេរិក​អាច​បញ្ឈប់​សង្រ្គាម​ពាណិជ្ជកម្ម​នោះ?​មូលហេតុ​សំខាន់​គឺ​ដោយ​សារ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈ​ពេល​ជាង​៨ខែ​នោះ​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​សុទ្ធតែ​បង់ថ្លៃ។​នៅ​ពេល​ចាប់ផ្តើម​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​កាល​ពី​ខែ​មីនា​ឆ្នាំ​នេះ​ ​អាមេរិក​យល់​ឃើញថា​ សង្រ្គាម​ពាណិជ្ជកម្ម​អាច​ឈ្នះ​ដោយ​ងាយស្រួល​។​​តែ​ការ​ពិត​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ​សង្រ្គាម​ពាណិជ្ជកម្ម​គ្មាន​អ្នក​ឈ្នះ​ទេ ​មាន​តែ​ទទួល​បរាជ័យ​ទាំង​អស់។​តាម​តួលេខស្ថិតិបង្ហាញ​ឲ្យ​ឃើញ​ថា ​ឱនភាព​ពាណិជ្ជកម្ម​ទំនិញ​របស់​អាមេរិក​នៅ​ខែតុលាបាន​​ឡើង​ដល់​៧ម៉ឺន​៧ពាន់​២​រយ​លាន​ដុល្លាអាមេរិក ​បាន​បង្កើត​ឯតទគ្គកម្ម​ខ្ពស់​ថ្មី​ ​ក្រុមហ៊ុន​: ​General ​Motorsបាន​ប្រកាស​បិទ​រោងចក្រ​ចំនួន​៧​លើ​ពិភពលោក​នៅ​ចុង​ខែ​វិច្ឆិកា ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​មាន​សម្ពាធ​ហើយ​អស់​សង្ឃឹម​ណាស់។​ជា​ការ​ច្បាស់​លាស់​ណាស់​ថា ​សង្រ្គាម​ពាណិជ្ជកម្ម​មិន​បាន​ជួយ​អាមេរិក​សម្រេច​គោលដៅ​ក្នុងការ​កាត់​បន្ថយ​​ឱនភាព​ជា​ដើម​ទេ ​ផ្ទុយ​ទៅ​វិញ​បាន​បង្កើន​ហានិភ័យ​នៃ​សេដ្ឋកិច្ច​អាមេរិក​ថែម​ទៀត។​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​ពេល​ទទួល​បទ​សម្ភាសន៍​ពី​ក្រុមហ៊ុន​ Columbia ​Broadcasting ​System ​(CBS)​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​តុលា​ថា ​អ្វីដែល​បាន​កើត​រវាង​ចិន​និង​អាមេរិក​មិន​មែន​ជា​សង្រ្គាម​ពាណិជ្ជកម្ម​នេះ​ទេ ​គ្រាន់​តែ​ជា​ការ​វិវាទ​តូច ​ហើយ​បន្ត​ថា ​លោក​កំពុង​គិត​ពិចារណា​ធ្វើ​វិវាទ​តូច​នេះចុះ​ត្រជាក់​វិញ។

    សព្វថ្ងៃនេះ​  ប្រមុខ​រដ្ឋ​នៃប្រទេស​ទាំងពីរ​ចិននិង​អាមេរិក​បាន​ចុច​ប៊ូតុង​ផ្អាក​សម្រាប់​ជម្លោះ​ពាណិជ្ជកម្ម​  នេះ​ជា​ជម្រើសដ៏​​ត្រឹមត្រូវ​សម្រាប់​ភាគីទាំងពីរ​ បើពុំនោះ​សោធ​ ចិននិង​អាមេរិក​នឹង​ចាប់​ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​វគ្គថ្មី​  ដែល​នឹង​នាំមក​នូវ​ភាព​មិន​ប្រាកដ​ប្រជា​​កាន់តែ​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​ទាំងពីរនិង​ពិភពលោក​ ។ ដូច្នេះ​ ក្នុងរយៈពេល​ ៣ ខែ​ខាង​មុខនេះ​ ជា​ដំណាក់កាល​សំខាន់​សម្រាប់​ប្រទេស​ចិននិង​អាមេរិក ។

    វាពិត​ជា​​​ពេល​វេលា​ដ៏​តឹង​តែង​និង​ទទួល​បន្ទុក​ភារកិច្ច​ធ្ងន់​សម្រាប់​ការ​ពិភាក្សា​គ្នារវាង​ចិននិង​អាមេរិក​ក្នុង​​រយៈពេល​ ៣ ខែខាងមុខ​​ ។ ជុំ​វិញ​បញ្ហា​មួយ​ចំនួន​ដែល​លើកឡើងដោយ​អាមេរិក​ ក្នុង​នោះ​រួម​ទាំង​ការ​កាពារ​កម្មសិទ្ធិ​បញ្ញា​ កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​ និង​ការ​អនុញ្ញាត​ឲ្យ​ចូល​ទី​ផ្សារ​ជាដើម​ ប្រទេស​ចិន​បាន​ឆ្លើយ​តប​ថា​ បញ្ហា​ដែល​សមស្រប​នឹង​ទិសដៅ​នៃការ​បើក​ទូលាយ​និង​កំណែទម្រង់​ចិន​ គឺ​ជាបញ្ហា​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ការ​ពិភាក្សា​គ្នា​ក្នុងរយៈពេល​ ៣ ខែខាងមុខ​ ។​ ពិចារណាលើ​ភាព​ខ្វែង​គំនិត​គ្នា​ក្នុង​ក្រុម​សេដ្ឋកិច្ច​អាមេរិក​ បរិយាកាស​​នយោបាយ​ដ៏​ស្មុគស្មាញ​នៅ​​អាមេរិក​និង​ភាព​មិន​គោរព​​ពាក្យ​សន្យា​របស់​អាមេរិក​កាលពីមុន​​​ កត្តា​ទាំងនេះ​អាចបញ្ជាក់​​ថា​ ដំណើរ​នៃ​ការ​ពិភាក្សា​គ្នា​ក្នុង​រយៈពេល​ ៣ ខែ​ខាងមុខ​​នឹងធ្វើ​ឡើង​​ប្រកប​ដោយ​ភាព​ស្មុគ​ស្មាញ​និង​ឧបសគ្គ​ជា​ច្រើន​ រហូត​ដល់មាន​ករណី​​​​មិនអាច​​ធ្វើ​តាម​ពាក្យ​សន្យា​ម្តងទៀត​ ។

    ក្នុងរយៈពេល ​៣ ​ខែ​ខាងមុខនេះ​ ប្រទេសចិន​នឹង​បន្ត​ធ្វើការ​ការពារ​ផលប្រយោជន៍រួម​នៃ​ប្រទេសទាំងពីរ​និង​លំដាប់​ពាណិជ្ជកម្ម​ពិភពលោក​ ហើយ​ព្យាយាមឲ្យ​អស់ពីសមត្ថភាព​ដើម្បី​ទាក់ទង​ជាមួយ​សហរដ្ឋអាមេរិក​និង​ឆ្ពោះទៅរក​គោលដៅ​សម្រាប់​លុបបំបាត់​ពន្ធ​គយ។​ដោយសារតែ​ប្រទេសចិន​កាន់តែ​មានភាព​ចាស់ទុំ​បន្ទាប់ពី​ជម្លោះពាណិជ្ជកម្ម​អស់​រយៈ​ពេល​ជាង​ ៨​ ខែ​ជាមួយ​សហរដ្ឋអាមេរិក​ ហើយ​កាន់តែ​យល់​ច្បាស់លាស់​ថា​ "គន្លឹះ​ក្នុង​ការ​ទប់ទល់​នឹង​ជម្លោះពាណិជ្ជកម្ម​ គឺធ្វើឲ្យ​បានល្អ​នូវ​រឿងផ្ទាល់ខ្លួន"។​ឥឡូវនេះ​ ប្រទេសចិន​កំពុង​អបអរសាទរ​ខួបទី​ ៤០​ នៃ​កំណែទម្រង់​និង​បើកទូលាយ។​នេះគឺជា​ការរំលឹក​ពី​អតីតកាល​ ហើយក៏​ជា​ចំណុច​ចាប់ផ្តើមរថ្មី​មួយ​សម្រាប់​ការលើកកម្ពស់​កម្រិត​កាន់តែខ្ពស់​នៃ​ការ​បើកទូលាយ​ផងដែរ។​នៅក្នុង​ដំណើរការនេះ​ ប្រទេសចិន​និង​អាមេរិក​អាច​ប្រកាន់​ខ្ជាប់​នូវ​សមភាព​និង​ផ្តល់​ផលប្រយោជន៍​ឲ្យគ្នា​ទៅវិញ​ទៅមក​និង​ការគោរព​គ្នា​ទៅវិញ​ទៅមក​ ក៏​ដូច​ជា​ការពិគ្រោះពិភាក្សា​ដោយ​ស្មោះត្រង់​និង​ដោះស្រាយ​ការ​ខ្វែងគំនិតគ្នា​ឲ្យ​បាន​សមរម្យ​ ជឿជាក់ថា​ នឹង​អាច​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់ខ្លួន​និង​ទទួល​បាន​ភាពឈ្នះ-ឈ្នះ​ទាំងអស់​គ្នា៕

អ្នកបកប្រែ:Sun Lingling