ថ្ងៃទី៥ខែធ្នូតាមម៉ោងតំបន់ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានជួបសន្ទនាជាមួយលោក Antonio Costa នាយករដ្ឋមន្ត្រីព័រទុយហ្គាល់នៅក្រុងលីសបោន ។
លោកស៊ីជីនភីងបានថ្លែងថា ទំនាក់ទំនងចិននិងព័រទុយហ្គាល់កំពុងចូលក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយជួបប្រទះនឹងឱកាសអភិវឌ្ឍន៍ថ្មី ។ ភាគីចិនរីករាយខិតខំប្រឹងប្រែងជាមួយភាគីព័រទុយហ្គាល់ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យបោះជំហានថ្មីឥតឈប់ឈរ ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា នៅដំណាក់កាលបន្ទាប់ ភាគីទាំងពីរគួរតែបង្កើនទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនិងការផ្លាស់ប្តូររវាងគ្រប់ស្រទាប់និងគ្រប់វិស័យ ពួតដៃគ្នាខិតខំប្រឹងប្រែង ជំរុញការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយរវាងចិននិងព័រទុយហ្គាល់ឲ្យទទួលលទ្ធផលជាក់ស្តែងកាន់តែច្រើន ដើម្បីដើរតួនាទីវិជ្ជមានសម្រាប់ការតភ្ជាប់គ្នាទៅវិញទៅមករវាងមហាដីគោកអាស៊ីនិងអឺរ៉ុប ។
លោក Antonio Costa បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនស៊ីជីនភីងនៅព័រទុយហ្គាល់លើកនេះគឺមានអត្ថន័យប្រវត្តិសាស្ត្រដ៏សំខាន់ ។ ភាគីព័រទុយហ្គាល់ចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាឱកាសមួយដើម្បីរួមសហការជាមួយភាគីចិន ដើម្បីលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត ។ ភាគីព័រទុយហ្គាល់ស្នើឲ្យធ្វើកិច្ចសហប្រតិបត្តិការបើកទូលាយនិងពាណិជ្ជកម្មសេរី ហើយរីករាយចូលរួមយ៉ាងសកម្មនៅក្នុងការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយគ្នា ភាគីព័រទុយហ្គាល់ ក៏ដូចជារីករាយដើរតួនាទីយ៉ាងសំខាន់សម្រាប់បង្កើនការជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងចិន ។
អ្នកបកប្រែ:Sun Lingling