ក្នុងនាមជាព្រឹត្តិការណ៍ពិសេសដើម្បីអបអរសាទរខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា កិច្ចប្រជុំស្តីពីជំនួបមិត្តភាពរវាងយុវជនចិន-កម្ពុជាបានប្រារព្ធឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ៦ ខែធ្នូ។តំណាងយុវជននៃមជ្ឈដ្ឋាននានាដែលមកពីប្រទេសកម្ពុជានិងចិនព្រមទាំងនិស្សិតកម្ពុជាបន្តវិជ្ជានៅប្រទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
លោកស្រី Wang Hongyan អនុប្រធានប្រតិបត្តិនៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោកជំទាវ ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិនជាដើមបានអញ្ជើញចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថាផងដែរ។
លោកស្រី Wang Hongyan បានថែ្លងថា ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រទេសទាំងពីរ ការផ្លាស់ប្តូររវាងយុវជនចិននិងកម្ពុជាបានរីកចម្រើននិងទទួលបានលទ្ធផលល្អប្រសើរ។យើងទន្ទឹងរង់ចាំការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរដើម្បីប្រមូលផ្តុំនូវកម្លាំងវ័យក្មេងសម្រាប់ការកសាងសហគមន៍រួមវាសនានៃចិននិងកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការផ្លាស់ប្តូររវាងអង្គការយុវជននៅកម្ពុជានិងចិនបានរក្សានូវនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយជឿជាក់ថា ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរនឹងអភិវឌ្ឍទៅមុខឥតឈប់ឈរនិងកាន់តែជិតស្និទ្ធ ហើយរឹងមាំថែមទៀត។
លោកជំទាវ ខែក កែមាលី ស៊ីសូដា ជឿជាក់ថា យុវជននឹងបន្តអភិវឌ្ឍទំនាក់ទំនងបងប្អូននិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិនឲ្យឈានដល់កម្រិតកាន់តែខ្ពស់៕