ឆ្នាំ២០១៨នេះជាខួបទី៤០នៃកំណែទម្រង់និងបើកទូលាយរបស់ចិន សន្និសីទអន្តរជាតិស្តីពី “ស្វែងយល់ពីប្រទេសចិន”លើកទីបីប្រារព្ធឡើងនៅក្នុងបរិបទនេះគឺមានអត្ថន័យក្រៃលែង ។
មតិនានារបស់សហគមន៍អន្តរជាតិជុំវិញប្រទេសចិន ជាពិសេសគឺសហគមន៍ប៉ែកខាងលិច អាចបូកសរុបជាសំនួរបី គឺ ប្រទេសចិនជាប្រទេសយ៉ាងដូចម្តេច?ចិនមកពីកន្លែងណា?នឹងទៅកន្លែងណា?ដូច្នេះ ភ្ញៀវកិត្តិយសចិននិងអន្តរជាតិដែលចូលរួមសន្និសីទ“ស្វែងយល់ពីប្រទេសចិន”លើកនេះ បានផ្តល់ចម្លើយពីជ្រុងប្រវត្តិសាស្ត្រនិងអនាគតនៃកំណែទម្រង់និងបើកទូលាយរបស់ចិន ។
ទាក់ទងនឹងសំនួរទីមួយ លោក Yang Jiechi សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការទូតមជ្ឈិមចិនបានថ្លែងថា សហគមន៍អន្តរជាតិអាចស្វែងយល់ពីប្រទេសចិនតាមរយៈការដែលប្រទេសចិនប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាពជាប់រហូតមក ជំរុញកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកឈ្នះ-ឈ្នះនិងប្រកាន់ខ្ជាប់យុត្តិធម៌ជាដើម ។
ចំពោះសំណួរទីពីរ លោក Zheng Bijian ប្រធានសមាគមសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រស្តីពីការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍជាតិចិនជឿជាក់ថា ភាពរីកចម្រើននិងខ្វះចន្លោះនៃប្រទេសចិននាពេលបច្ចុប្បន្ន មាន"ទ្វេដង"។ឧទាហរណ៍មួយផ្នែក ប្រទេសចិនគឺជាប្រទេសផលិតកម្មដ៏ធំមួយនៅក្នុងពិភពលោក ប៉ុន្តែមួយផ្នែកទៀត ផលិតភាពឧស្សាហកម្មរបស់ចិននៅតែស្ថិតនៅក្នុងកម្រិតមធ្យមនិងទាបនៅឡើយ។នេះគឺបង្ហាញថា ការចេញដំណើរម្តងទៀតនៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនត្រូវបានផ្អែកទៅលើមូលដ្ឋាននៃ ៤០ ឆ្នាំកន្លងមកហើយ ក៏ប្រឈមនឹងបញ្ហានៃសង្គមថ្មីផងដែរ។
តើប្រទេសចិននឹងទៅកន្លែងណាបន្ទាប់ពីកំណែទម្រង់និងការបើកទូលាយចេញដំណើរម្តងទៀត?អង្គប្រជុំយល់ឃើញថា ចម្លើយច្បាស់លាស់ណាស់ គឺគោលដៅអភិវឌ្ឍផែ្នកសេដ្ឋកិច្ចនិងសង្គមជាតិដែលត្រូវបានលើកឡើងដោយសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ។លោក Zheng Bijian ជឿជាក់ថា នេះមិនមែនជាគោលដៅអនុត្តរភាពលើពិភពលោកនោះទេ ប៉ុន្តែគឺជាគោលដៅមួយសម្រាប់អភិវឌ្ឍខ្លួនឯងប៉ុណ្ណោះ។ប្រទេសចិននឹងរួមសហការជាមួយប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោកដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងសហគមន៍រួមផលប្រយោជន៍ផងដែរ។
ទស្សនៈទាំងនេះត្រូវបានលោកJames Gordon Brown អតីតនាយករដ្ឋមន្ត្រីអង់គ្លេសយល់ស្រប ។ លោកបានបញ្ជាក់ក្នុងសុន្ទរកថាថា ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិអាចត្រូវបញ្ជាក់ដោយការអនុវត្តជាក់ស្តែង ហើយនឹងលឿនជាងការគិតស្រមៃរបស់យើងទាំងអស់គ្នា ។ លោកក៏បានអំពាវនាវឲ្យកសាងពិភពមួយដែលមានទំនាក់ទំនងគ្នា ដោយបានលើកហេតុផលថា មនុស្សជាតិត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីយកជ័យជម្នះលើការការពារនិយមជាងពេលណាទាំងអស់ ។
ក្នុងឱកាសដ៏សំខាន់នៃខួបលើកទី ៤០ នៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិននិងចេញដំណើរម្តងទៀត អ្នកនយោបាយ អ្នកយុទ្ធសាស្ត្រនិងសហគ្រិនមកពីទូទាំងពិភពលោកបានមកជួបជុំនៅក្រុងប៉េកាំង ដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការទូទាំងពិភពលោកទាក់ទងនឹងផ្នែកសន្តិសុខតំបន់ ទំនាក់ទំនងអន្តរជាតិបែបថ្មី និងការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយជាដើម ទាំងនេះមិនគ្រាន់តែជួយសង្គមលោកខាងលិចឲ្យយល់ដឹងពីប្រទេសចិនកាន់តែច្បាស់ប៉ុណ្ណោះទេ ថែមទាំងប្រទេសចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទៀតផង ៕