ពេលនិយាយដល់ការធ្វើកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន សហគមន៍អន្តរជាតិតែងតែប្រើពាក្យ “ភាពអស្ចារ្យរបស់ប្រទេសចិន” ជាការវាយតម្លៃជាទូទៅ។ តើភាពអស្ចារ្យមួយនេះបង្កើតឡើងយ៉ាងដូចម្ត៉េច? វាបាននាំមកអ្វីខ្លះដល់ប្រទេសចិននិងទូទាំងពិភពលោក? ក្នុងមហាសនិ្នបាតអបអរសាទរខួបទី ៤០ នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយដែលចិនបានប្រារព្ធធ្វើកាលពីថ្ងៃទី ១៨ ខែធ្នូ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ។លោកបានធ្វើការបូកសរុបនូវប្រវត្តិសាស្ត្រ សមិទ្ធិផល អត្ថន័យ និងបទពិសោធដែលប្រទេសចិនទទួលបានក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងមកបន្ទាប់ពីចាប់ផ្តើមធ្វើកំណែទម្រង់និងការបើកទូលាយដោយគ្រប់ជ្រុងជ្រោយតាមរយៈ ១០ វិស័យ ជាក់ស្តែងគឺទ្រឹស្តីគំនិត ការកសាងសេដ្ឋកិច្ច នយោបាយប្រជាធិបតេយ្យ ការអភិវឌ្ឍវប្បធម៌ ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ការការពារបរិស្ថាន ការការពារជាតិនិងទំនើបភាវូបនីយកម្មនៃកងទ័ព ការបង្រួបបង្រួមជាតិដោយសន្តិភាព ការទូតដោយសន្តិភាព និងការកសាងបក្ស។ លោកបានបំផុសឲ្យមានការជំរុញឲ្យប្រទេសចិនបន្តឈានទៅមុខតាមរយៈការធ្វើកំណែទម្រង់និងការបើកទូលាយក្នុងយុគសម័យថ្មីខាងមុខនេះផងដែរ។
នៅពេលពិភពលោកសម្លឹងមើលការផ្លាស់ប្តូរក្នុងរយៈពេល៤០ឆ្នាំនៃកំណែទម្រង់និងការបើកទូលាយរបស់ចិននេះ គឺមិនពិបាកក្នុងការស្វែងយល់ពីមោទនភាពក្នុងចិត្តរបស់ប្រជាជនចិននាពេលបច្ចុប្បន្ននេះទេ គឺប្រទេសចិនបានក្លាយទៅជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសឧស្សាហកម្មធំទីមួយនិងប្រទេសពាណិជ្ជកម្មទំនិញធំទីមួយដែលមានអត្រារួមចំណែកក្នុងកំណើនសេដ្ឋកិច្ចពិភពលោកលើសពី៣០ភាគរយ ។ ពេលបច្ចុប្បន្ន ប្រទេសចិនបានក្លាយទៅជាអ្នកកសាងសន្តិភាពពិភពលោក អ្នករួមចំណែកចំពោះការអភិវឌ្ឍសកលនិងជាអ្នកគាំពាររបៀបរៀបរយអន្តរជាតិដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។ ប្រទេសចិនប្រើតែរយៈពេល៤០ឆ្នាំប៉ុណ្ណោះក៏មានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រទាំងនេះ ។
លោក ស៊ីជីនភីង បានបូកសរុបនូវបទពិសោធន៍ដ៏មានតម្លៃដែលប្រទេសចិនទទួលបានពីកំណែទម្រង់និងការបើកទូលាយ ៤០ ឆ្នាំ ហើយក៏តម្រូវឲ្យក្លាយជាគោលការណ៍ណែនាំដ៏សំខាន់បំផុតដែលត្រូវតែប្រកាន់ខ្ជាប់ដើរឈានទៅមុខនាពេលអនាគតនៃប្រទេសចិន។
គ្មានការសង្ស័យណានោះទេ បទពិសោធដ៏មានតម្លៃទាំង៩នេះ គួរតែជា"លេខកូដសម្ងាត់នៃភាពជោគជ័យ"នៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនដែលត្រូវបានសហគមន៍អន្តរជាតិចាប់អារម្មណ៍បំផុត។ ក្នុងនោះ ប្រទេសកំពុងអភិវឌ្ឍន៍អាចរៀនសូត្រពីបទពិសោធរបស់ចិនក្នុងការដោះស្រាយទំនាក់ទំនងរវាងកំណែទម្រង់ ការអភិវឌ្ឍនិងស្ថិរភាព ។
ឆ្លងកាត់រយៈពេល ៤០ ឆ្នាំ ការធ្វើកំណែទម្រង់និងការបើកទូលាយរបស់ចិននាពេលបច្ចុប្បន្ននេះស្ថិតនៅចំណុចចាប់ផ្តើមថ្មីមួយជាប្រវត្តិសាស្ត្រ ពោលគឺ សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩បានលើកឡើងនូវគោលដៅកាន់តែខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ចិន នេះម្យ៉ាង ។ ម្យ៉ាងវិញទៀត ការការពារនិយមនិងឯកតោភាគីនិយមបានកើនឡើងក្នុងក្របខ័ណ្ឌពិភពលោក ធ្វើឲ្យប៉ះពាល់ដល់ដំណើរសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច ។
ប្រជាជនចិនបានដឹងច្បាស់ថា ការជំរុញការអភិវឌ្ឍកំណែទម្រង់គឺពឹងផ្អែកទៅលើទំនុកចិត្តនិងការតស៊ូប្រយុទ្ធ ។ ក្នុងរយៈពេល៤០ឆ្នាំឬយូរជាងនេះទៅទៀតនាពេលអនាគត ប្រទេសចិននឹងធ្វើប្រតិបត្តិការជាក់ស្តែងដើម្បីបញ្ជាក់ថា ប្រទេសចិនបែបច្នៃប្រឌិតថ្មីដែលបើកទូលាយ និងប្រកបដោយបរិយាប័ន្ន និងទំនុកចិត្ត ច្បាស់ជានឹងនាំមកនូវភាពអស្ចារ្យកាន់តែខ្លាំងដល់ពិភពលោក ៕
អ្នកបកប្រែ:Deng Qian