លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង

2019-01-10 18:35:55 |ប្រភព:CRI

  ថ្ងៃទី ៨ ខែ​មករា លោក ស៊ី ជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និង​ជា​ប្រធាន​រដ្ឋ​ចិន​ បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក គីម ជុងអ៊ុន ប្រធាន​​គណៈកម្មាធិការ​បក្ស​ពលករ​កូរ៉េ​ខាង​ជើង​ និង​ជា​ប្រធាន​​គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​កូរ៉េ​ខាង​ជើង​​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​​ដល់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ដដែល​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ។ ក្នុង​កិច្ច​ជំនួប ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់​យ៉ាង​ស៊ី​ជម្រៅ​អំពី​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​និង​បញ្ហា​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ព្រម​ទាំង​បាន​ឈាន​ដល់​គំនិត​ឯកភាព​គ្នា​សំខាន់ៗ​ផង​ដែរ ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​គ្នា​ ក្នុង​ន័យ​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​ឲ្យ​ទទួល​បាន​ការ​អភិវឌ្ឍ​ថ្មី​ឥត​ឈប់ឈរ​ក្នុង​យុគសម័យ​ថ្មី បន្ត​ជំរុញ​ដំណើរ​ដោះ​ស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​តាម​រយៈ​វិធី​នយោបាយ ដើម្បី​ផ្តល់​សុខ​សុភមង្គល​​និង​ផល​ប្រយោជន៍​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​រក្សា​សនិ្តភាព ស្ថិរភាព​ វិបុលភាព​និង​​វឌ្ឍនភាព​ក្នុង​តំបន់​និង​ពិភពលោក​ផង​ដែរ ។

  ថ្លែង​ក្នុង​កិច្ច​ជំនួប លោក ស៊ី ជីនភីង បាន​គូស​បញ្ជាក់​ថា ប្រទេស​ចិន​គាំទ្រ​យ៉ាង​មុត​មាំ​ចំពោះ​លោក​​ប្រធាន​គណៈកម្មាធិការ​ក្នុង​ការ​ដឹក​នាំ​បក្ស​ពលករ​ ​និង​ប្រជាជន​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី ហើយ​ជឿជាក់​ថា​ ប្រជាជន​កូរ៉េ​ខាង​ជើង​ពិត​ជា​នឹង​ទទួល​បាន​សមិទ្ធផល​កាន់​តែ​ធំធេង​ឥត​ឈប់ឈរ​ក្នុង​បុព្វហេតុ​​កសាង​សង្គម​និយម​ជា​មិនខាន ។

  ជា​ការ​ឆ្លើយ​តប លោក គីម ជុងអ៊ុន បាន​ថ្លែង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​សង្កេត​ឃើញ​ថា បទ​ពិសោធ​នៃ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​មាន​តម្លៃ​ណាស់ រំពឹង​ថា​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​មក​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការ​សិក្សា​និង​​ផ្លាស់​ប្តូរ​បទ​ពិសោធ​គ្នា​ ៕

  អ្នកបកប្រែ:Guo Xiangqing