ថ្ងៃទី ២១ ខែមករា នៅក្រុងប៉េកាំង លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ។ ថ្លែងក្នុងកិច្ចជំនួប លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ភាគីទាំងពីរចិននិងកម្ពុជាគួរតែកំណត់ឲ្យបានច្បាស់ថែមទៀតនូវចំណុចសំខាន់នៃកិច្ចសហប្រតិបតិ្តការ ដែលចាត់ទុកការកសាងសហគមន៍រួមវាសនាតែមួយដែលប្រកបដោយអត្ថន័យយុទ្ធសាស្ត្រជាទិសដៅសំខាន់ ក្នុងន័យធ្វើឲ្យមានទីចាប់ផ្តើមនិងជំហានដំបូងដ៏ល្អប្រសើរ ដើម្បីទទួលបានការអភិវឌ្ឍកាន់តែធំនៃទំនាក់ទំនងរវាងចិននិងកម្ពុជានៅ ៦០ឆ្នាំមួយទៀត ។
លោក ស៊ី ជីនភីង បានគូសបញ្ជាក់ទៀតថា ប្រទេសចិនគាំទ្រប្រទេសកម្ពុជាដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របទៅតាមសភាពការណ៍របស់ប្រទេសខ្លួន ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជាពិតជានឹងទទួលបានសមិទ្ធផលកាន់តែថ្មីនិងកាន់តែធំធេងលើវិស័យកិច្ចកសាងប្រទេសជាតិជាមិនខាន ។ លោក ស៊ី ជីនភីង បានលើកឡើងទៀតថា ប្រទេសចិននិងកម្ពុជាគួរតែខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបតិ្តការលើ៤វិស័យ គឺវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខនិងវប្បធម៌មនុស្សជាតិដោយផ្អែកលើមូលដ្ឋានបច្ចុប្បន្ន ។
ជាការឆ្លើយតប សម្តេច ហ៊ុនសែនបានថ្លែងថា រំពឹងថាឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះនិងកិច្ចជំនួបជាមួយថ្នាក់ដឹកនាំនៃប្រទេសចិន ធ្វើឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ។ ប្រទេសកម្ពុជារីករាយរួមសហការជាមួយប្រទេសចិន លើកិច្ចកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ ” បង្កើនកិច្ចសហប្រតិបតិ្តការនិងការផ្លាស់ប្តូរលើវិស័យជីវភាពរស់នៅប្រជាជន កសិកម្ម ពាណិជ្ជកម្មនិងវិនិយោគទុកជាដើម ក៏ដូចធ្វើឲ្យការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលអំពីកិច្ចការអន្តរជាតិនិងតំបន់មានភាពកាន់តែស្អិតល្មួតថែមទៀត ៕