ខ្ញុំពិតជាមានសេចក្តីរីករាយ និងកិត្តិយស ដោយត្រូវបានទស្សនាវដ្តី «ខ្មែរ» ជាខេមរភាសារបស់ ប្រទេសចិន ស្នើសុំសរសេរលិខិតជូនពរឆ្នាំថ្មី ២០១៩ ផ្ញើជូនប្រិយមិត្តអ្នកអានរបស់ទស្សនាវដ្តី។
ពិតប្រាកដណាស់ ក្រៅពីការងារស្នូលជាអគ្គកុងស៊ុលកម្ពុជា ខ្ញុំបានឆ្លៀតពេលទំនេរអានទស្សនា វដ្តី «ខ្មែរ» ដែលចេញផ្សាយជារៀងរាល់ខែ ហើយបានផ្ញើជាប្រចាំទៅស្ថានអគ្គកុងស៊ុល នៃព្រះរាជា ណាចក្រកម្ពុជា ប្រចាំនៅទីក្រុងគុនមិញនៃខេត្តយូណាន ដើម្បីស្វែងយល់បន្ថែមពីព័ត៌មានសំខាន់ៗ ពីទំនាក់ទំនងកម្ពុជា-ចិន ដូចជាវិនិយោគ និងទេសចរណ៍ព្រមទាំងទីតាំងភូមិសាស្រ្ត ប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណី របស់ប្រទេសចិន។ ទស្សនាវដ្តីនេះ សម្បូរអត្ថបទប្រកបដោយខ្លឹមសារជាមួយ ការសរសេរ និងបកប្រែជាភាសាខ្មែរបានល្អ ហើយក៏មានការរំលេចនូវរូបភាពដ៏ស្រស់បវរ ដែលធ្វើឲ្យ មានចំណាប់អារម្មណ៍ក្នុងអាន ថែមទៀតផង។
ទន្ទឹមនេះ ដើម្បីរួមចំណែកឲ្យទស្សនាវដ្តី «ខ្មែរ» ទទួលបានចំណាប់អារម្មណ៍ និងការចូលចិត្ត អានពីសំណាក់អ្នកអានជាជនជាតិខ្មែរ ក៏ដូចជនជាតិចិន ថែមទៀត ខ្ញុំសូមស្នើអង្គភាពទស្សនាវដ្តីនេះ ពិនិត្យចុះ ផ្សាយអត្ថបទជាភាសាខ្មែរ អមជាមួយភាសាចិនផងដែរ។ ការចុះផ្សាយបែបនេះ នឹងជម្រុញ ឲ្យអ្នកអាន អាចបង្កើនចំណេះដឹង និងរៀនសូត្របានច្រើនថែមទៀត លើការរៀនអានអក្សរ និងសរសេរ ឃ្លាប្រយោគ នៃអក្សរសាស្រ្តរបស់ប្រជាជាតិយើងទាំងពីរ។
ជាទីបញ្ចប់ ឆ្លៀតឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ២០១៩ នៅដើមខែកុម្ភៈខាងមុខនេះ ហើយ ស្របពេលឆ្នាំនេះ ជាខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសូមជូនពរប្រជាជននិងរដ្ឋាភិបាលចិន ជាពិសេសប្រជាជន និងរដ្ឋាភិបាលប្រជាជននៃខេត្តយូណាន សមប្រកបតែនឹង សិរីសួស្តី សុភមង្គល សុខភាពល្អបរិបូរណ៍ ជោគជ័យដ៏ត្រចះត្រចង់ក្នុងមុខរបការងារ និងភាពចម្រើន រុងរឿង កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយនេះ ខ្ញុំមានជំនឿប្រាកដថា ឆ្នាំថ្មី ២០១៩ នឹងពង្រឹងទំនាក់ ទំនងមិត្តភាពជាភាតរៈរវាងប្រជាជន និងប្រទេសយើងទាំងពីរ ឲ្យកាន់តែរឹងមាំដូច «ដែកថែប» ថែមទៀតហើយពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចពហុភាគី រវាងប្រទេសយើងទាំងពីរ កាន់តែច្រើនថែម ទៀតលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសជាតិយើងទាំងទ្វេ។
ទីក្រុងគុនមិញ, ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩
អៀម ពុឌ្ឍវិរោ