នាថ្ងៃទី១៩ដល់២១ ខែកុម្ភៈសិក្ខាសាលាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងការកសាងសមត្ថភាពក្នុងការអភិរក្សជីវចម្រុះតាមបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គបានប្រារព្ធនៅប្រទេសឡាវ។ ភាគីចិនបានលើកឡើងថា ការកសាងសម្ព័ន្ធទីក្រុងទេសចរណ៍តាមទន្លេឡានឆាង-មេគង្គមានអត្ថន័យយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពនិងការកសាងសមត្ថភាពក្នុងការអភិរក្សជីវចម្រុះតាមបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ។
ឆ្លងកាត់សិក្ខាសាលាមួយនេះ អង្គការទេសចរណ៍ពិភពលោកមានសេចក្តីសង្ឃឹមថា នឹងអាចបំផុសភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍និងប្រជាជនក្នុងសហគមន៍ដែលរស់នៅតាមបណ្តោយទន្លេក្លាយទៅជាអ្នកអនុវត្តជាក់ស្តែងក្នុងការការពារជីវចម្រុះនិងបរិស្ថាន ថែមទាំងទទួលបានប្រាក់ចំណូលជានិរន្តរភាពដោយការអភិវឌ្ឍទេសចរណ៍យ៉ាងសកម្ម។
អ្នកតំណាងចំនួនប្រមាណជាង៣០រូបដែលមកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមបានមកចូលរួមក្នុងសិក្ខាសាលាលើកនេះ។
អង្គការទេសចរណ៍ពិភពលោកយល់ឃើញថា ទន្លេមេគង្គហូរកាត់ប្រទេសចំនួន៦ ឯទេសចរណ៍តាមដងទន្លេនិងទេសចរណ៍បែបអេកូឡូស៊ីមានសក្តានុពលយ៉ាងខ្លាំងក្លា ព្រមទាំងមានសារៈសំខាន់ចំពោះជីវភាពរស់នៅរបស់ប្រជាជន។ ហេតុនេះហើយបានជា ការអភិរក្សបរិស្ថានអេកូឡូស៊ីនិងជីវចម្រុះតាមដងទន្លេ ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីភាគីនានា។ ជាមួយគ្នានោះដែរការលើកកម្ពស់គុណភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ក៏មានផលប្រយោជន៍យ៉ាងធំសម្បើមសម្រាប់កិច្ចការការពារផងដែរ។
អ្នកតំណាងភាគីចិនបានគូសបញ្ជាក់ថា ទន្លេឡានឆាង-មេគង្គជាប្រព័ន្ធអេកូឡូស៊ីដ៏ពេញលេញមួយ យើងត្រូវធ្វើឱ្យកិច្ចការអភិរក្សជីវចម្រុះនិងបរិស្ថានលាតសន្ធឹងនិងគ្របដណ្តប់៥ពាន់គីឡូម៉ែត្រតាមទន្លេឡានឆាង-មេគង្គ៕
អ្នកសារព័ត៌មាន៖ Chu Donghua
អ្នកបកប្រែ៖ លីហ្សា