ថ្ងៃទី៥ខែមីនាមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបើកធ្វើនៅក្រុងប៉េកាំង។ នារសៀលថ្ងៃដដែល លោកស៊ីជីនភីងប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការពិនិត្យពិភាក្សាលើរបាយការណ៍ការងាររដ្ឋាភិបាលជាមួយប្រតិភូតំណាងប្រជាជនម៉ុងហ្គោលីក្នុង។
“ការអភិវឌ្ឍបៃតង”គឺជាពាក្យគន្លឹះដែលលោកស៊ីជីនភីងនិងតំណាងប្រជាជនគ្រប់រូបប្រើច្រើនជាងគេក្នុងពេលធ្វើការពិនិត្យពិភាក្សា។ លោកស៊ីជីនភីងបានសម្គាល់ថា ក្នុងដំណើរដែលសេដ្ឋកិច្ចចិនបង្វែរពីកំណើនដោយល្បឿនលឿនទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការបង្ការនិងគ្រប់គ្រងការបំពុលព្រមនិងការគ្រប់គ្រងបញ្ហាបរិស្ថានជារឿងសំខាន់ដែលចាំបាច់ត្រូវតែដោះស្រាយ។
សូមបញ្ជាក់ថា ម៉ុងហ្គោលីក្នុងគឺស្ថិតនៅតំបន់ព្រំដែនភាគខាងជើងប្រទេសចិន ដែលជាភូមិភាគស្វយ័តជនជាតិដែលបង្កើតឡើងមុនគេបង្អស់នៅប្រទេសចិននិងជាតំបន់ដែលអនុវត្តរបបស្វ័យគ្រប់គ្រងដោយជនជាតិភាគតិមុនគេបង្អស់នៃប្រទេសចិនផងដែរ ។
ដូច្នេះ លោកស៊ីជីនភីងបានលើកឡើងថា កិច្ចកសាងម៉ុងហ្គោលីក្នុងឱ្យទៅជារបាំងសន្តិសុខខាងអេកូ-បរិស្ថានដ៏សំខាន់នៅតំបន់ភាគខាងជើងប្រទេសចិន គឺជាយុទ្ធសាស្រ្តដែលកំណត់ដោយឈរលើមូលដ្ឋាននៃសភាពការណ៍អភិវឌ្ឍនៃប្រទេសចិន ហើយក៏ជាកាតព្វកិច្ចចម្បងដែលម៉ុងហ្គោលីក្នុងចាំបាច់ត្រូវតែទទួលខុសត្រូវផងដែរ។
លោកបានផ្តល់អនុសាសន៍អំពីការអភិវឌ្ឍបៃតងនៅភូមិភាគស្វយ័តជនជាតិភាគតិចម៉ុងហ្គោលីក្នុង ៖
ទីមួយ ធ្វើការសម្របសម្រួលនិងចាត់ចែងឲ្យបានល្អនូវទំនាក់ទំនងរវាងការអភិវឌ្ឍសេដ្ឋកិច្ចនិងការការពារអេកូ-បរិស្ថាន ខិតខំប្រឹងប្រែងស្វែងរកផ្លូវថ្មីមួយដែលសមស្របនឹងតួនាទីយុទ្ធសាស្ត្រនិងលក្ខណៈពិសេសរបស់ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ។
ទីពីរ ការអភិរក្សវាលស្មៅនិងព្រៃឈើជាភារកិច្ចចម្បងនៃកិច្ចការពារប្រព័ន្ធអេកូ-បរិស្ថានរបស់ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ។
ទីបី ត្រូវដោះស្រាយឲ្យបានល្អនូវបញ្ហាប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដែលប្រជាជនមានប្រតិកម្មខ្លាំង ។
លោក ស៊ី ជីនភីងក៏បានផ្តោតការយកចិត្តទុកដាក់ដល់រឿងរ៉ាវលម្អិតក្នុងជីវភាពរស់នៅរបស់ប្រជាជនផងដែរ ប្រការនេះញ៉ាំងឲ្យតំណាងប្រជាជនគ្រប់រូបមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ។ លោក Wu Yunbo ជាជនជាតិ ម៉ុងហ្គោលីដែលជាតំណាងមួរូបនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថាក្រោមប្រធានបទ “តើធ្វើយ៉ាងដូចម៉េ្តចទើបអាចដឹកនាំឲ្យអ្នកគង្វាលមានជីវភាពធូរធារបង្គួរ ” ។ បន្ទាប់ពីមហាសនិ្នបាត លោក Wu Yunbo បានប្រាប់អ្នកសារព័ត៌មានថា “ លោកប្រធានរដ្ឋបានស្តាប់មតិយោបល់ពួកយើងយ៉ាងយកចិត្តទុកដាក់ណាស់! លោកក៏បានឆ្លើយតបបែបកំប្លែងរួសរាយចំពោះសំណួររបស់ខ្ញុំ ព្រមទាំងបានទទួលស្គាល់ការងាររបស់សហករណ៍យើងទៀតផង ” ៕
អ្នកបកប្រែ៖ Wang Zhaojun