ឧបនាយករដ្ឋមន្រ្តីកម្ពុជាថ្លែងថា កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍដោយសន្តិភាពក្នុងតំបន់

2019-03-25 18:21:11 |ប្រភព:CRI

លោក​ប្រាក់សុខុន​ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​និង​សហប្រតិបត្តិការ​កម្ពុជា​បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ចំពោះ​ការ​ចាប់ដំណើរការ​នៃ​សប្តាហ៍​ទន្លេ​ឡានឆាង-មេគង្គ​ឆ្នាំ​២០១៩​នា​ពេល​កន្លងទៅ​នេះ។​លោក​បាន​ថ្លែង​ថា​ គ្រប់​ភាគី​នានា​បាន​យល់​ឃើញថា ​យន្តការ​នេះ​នឹង​បន្ត​ទទួល​នូវ​ភាព​ជោគជ័យ​ថ្មី​ឥត​ឈប់ឈរ​ក្រោម​ការ​ព្រមព្រៀង​គ្នា​កម្រិត​ខ្ពស់​នៃ​ប្រទេស​នានា​។

លោក​ប្រាក់សុខុន​បន្ត​ថា ​កម្ពុជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ក្នុងការ​ដើរ​តួនាទី​យ៉ាង​វិជ្ជមាន​ក្នុង​រយៈ​ពេល​ដំបូង​នៃ​ការ​ចាប់ផ្តើម​យន្តការ​សហប្រតិបត្តិការ​ទន្លេ​ឡានឆាង-មេគង្គ​។កម្ពុជា​យល់ឃើញ​ជា​និច្ច​ថា ​យន្តការ​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ដល់​ប្រទេស​កម្ពុជា​និង​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គដែល​កំពុងផ្តោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​សន្តិភាព ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​និង​វិបុលភាព​រួម​គ្នា​។

យន្តការ​សហប្រតិបត្តិការ​ទន្លេ​ឡានឆាង-មេគង្គជា​វេទិកា​សហប្រតិបត្តិការ​អនុតំបន់​បែប​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​តាម​បណ្តោយទន្លេ​ឡានឆាង-មេគង្គចំនួន​៦​គឺ​ចិន​កម្ពុជា​ ឡាវ ​មីយ៉ាន់ម៉ា​ ថៃ​និង​វៀតណាម។

 

អ្នកបកប្រែ:Ma Xiaoqing