លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង

2019-03-26 17:54:50 |ប្រភព:CRI

លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Emmanuel ​Macron ​ប្រធានាធិបតី​បារាំង​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​ ២៥​ ខែមីនា។​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​បង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​ដែល​ប្រកបដោយ​ភាពរឹងមាំ ​ស្ថិរភាព​និង​ភាពរស់រវើក​រវាង​ចិន​និង​បារាំង​នៅ​ឯ​ចំណុច​ចាប់ផ្តើម​ជាប្រវត្តិសាស្ត្រ​ថ្មីមួយ។​

ថែ្លងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​ឆ្នាំនេះ​មិនត្រឹមតែ​ជាខួប​ទី​ ៥៥ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ចិន​និង​បារាំង​ប៉ុណ្ណោះទេ ​ថែមទាំង​ជា​ខួបទី​ ៧០ ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​ផងដែរ។​ភាគីចិន​សូម​កោតសរសើរ​ចំពោះ​ឆន្ទៈ​របស់​លោក​ប្រធានាធិបតី​បារាំង​ក្នុង​ការ​ធ្វើកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ស្តីពី​គំនិត​ផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ជាមួយ​ប្រទេស​ចិន ​ហើយ​ភាគីទាំងពីរ​គួរតែ​អនុវត្ត​ឲ្យបាន​ល្អ​នូវ​គម្រោង​គំរូ​កិច្ចសហប្រតិបត្តិការ​ក្នុងទីផ្សារ​ភាគីទីបី​ក្រោមក្របខ័ណ្ឌ​ស្តីពី​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"។​ប្រទេសចិន​ទើបតែ​អនុម័ត​<ច្បាប់វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស>​ដែលនឹង​បន្ត​បង្កើត​បរិយាកាស​ធុរកិច្ច ​ក៏ដូចជា​បង្កើន​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ដើម្បី​បង្កើត​កម្រិតថ្មី​ចំពោះ​ការបើកទូលាយ​សម្រាប់​អន្តរជាតិ។​

  

ជាការ​ឆ្លើយតប ​លោក​ Emmanuel ​បានថែ្លងថា ​ប្រទេសបារាំង​អបអរសាទរ​សមិទ្ធផល​ដ៏​ធំ​ធេង​ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​បន្ទាប់ពី​ការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន ​ហើយ​មានឆន្ទៈ​រួមសហការ​ជា​មួយ​ប្រទេសចិន​ដើម្បី​កសាង​ពិភពលោកមួយ​ប្រកបដោយ​តុល្យភាព ​ស្ថិរភាព ​សុវត្ថិភាព​និង​វិបុលភាព។​បារាំង​មានឆន្ទៈ​ក្នុង​ការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​ក្នុងវិស័យ​ ដូចជា​អាកាសចរណ៍​ អវកាស ​ថាមពល​នុយគ្លេអ៊ែរ​ជាដើម ​ជាមួយ​ប្រទេស​ចិន ​ហើយ​តភ្ជាប់​រវាង​"ផែនការ​ឧស្សាហកម្ម​នាពេលអនាគត​"នៃ​ប្រទេស​បារាំង​ជា​មួយ​នឹង​"ផែនការ​ផលិតកម្ម​ក្នុងឆ្នាំ ​២០២៥​ នៃ​ប្រទេសចិន"។​ប្រទេសបារាំង​មាន​ឆន្ទៈ​ជំរុញ​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​សហភាពអឺរ៉ុប​និង​ចិន​ឲ្យ​ឈាន​ទៅមុខ​ឥត​ឈប់ឈរ​និង​គាំទ្រ​ដល់​ការ​តភ្ជាប់​រវាង​យុទ្ធសាស្រ្ត​ទំនាក់​ទំនង​គ្នា​នៃ​សហភាព​អឺរ៉ុប​ជាមួយនឹង​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"៕​

អ្នកបកប្រែ:Wei Wei