ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែមីនាកន្លងទៅនេះ តបតាមសេចក្តីអញ្ជើញ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអ៊ីតាលី ប្រទេសម៉ូណាកូ និងប្រទេសបារាំង។ នៅចុងបញ្ចុប់នៃដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបាននិយាយនៅក្នុងបទសម្ភាសមួយថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ស៊ី ជីនភីង លើកនេះ ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅ ក៏ដូចជាធ្វើឲ្យអភិបាលកិច្ចសកលកាន់តែល្អប្រសើរ ព្រមទាំងគាំពារពហុភាគីនិយមផងដែរ ។ ទំនាក់ទំនងនេះបានឆ្លុះបញ្ជាំងពីទំនួលខុសត្រូវនិងការទទួលខុសត្រូវរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំ ក្នុងការណែនាំឲ្យទំនាក់ទំនងរវាងចិននិងប្រទេសទាំងបីនេះចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ។ ជាមួយគ្នានេះ បានជំរុញដល់ការសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” រួមគ្នាឲ្យបង្កើតនូវទំហំថ្មីសម្រាប់ទ្វីបអាស៊ីនិងអឺរ៉ុប ក៏ដូចជាបានបញ្ចូលនូវកម្លាំងចលករថ្មីទៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុបទៀតផង។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអ៊ីតាលី លោកស៊ីជីនភីងនិងមេដឹកនាំអ៊ីតាលីបានឯកភាពគ្នាថា គួរតែពង្រឹងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ បង្កើនការផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមក ពង្រឹងទំនុកចិត្តគ្នាផ្នែកនយោបាយ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ។ ប្រទេសចិននិងអ៊ីតាលីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ។ នាយករដ្ឋមន្ត្រីអ៊ីតាលីបានយល់ព្រមចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ២ ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដែលនឹងប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំងនៅខែមេសាខាងមុខនេះ ។ ពេលជួបរួមគ្នាជាមួយអ្នកសារព័ត៌មានរវាងលោកប្រធានាធិបតីអ៊ីតាលី លោកស៊ីជីនភីងបានថ្លែងថា ថ្ងៃនេះ យើងរីករាយពួតដៃគ្នាម្តងទៀតជាមួយប្រជាជនអ៊ីតាលីប្រកបដោយមេត្រីភាពគួរឲ្យរាប់អាន ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ធ្វើឲ្យប្រជាជនប្រទេសនានាអាចចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍបានកាន់តែល្អ ។
ប្រទេសបារាំងជាប្រទេសធំប៉ែកខាងលិចដំបូងគេដែលបង្កើតទំនាក់ទំនងផ្លូវទូតជាផ្លូវការជាមួយប្រទេសចិនថ្មី ហើយឆ្នាំ២០១៩នេះគឺជាខួបទី៥៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតនេះ ។ ពេលជួបពិភាក្សាការងារជាមួយមេដឹកនាំបារាំង លោកស៊ីជីនភីងបានគូសបញ្ជាក់ថា យើងត្រូវឈរលើចំណុចចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ ដើម្បីធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំងដែលប្រកបដោយភាពជិតស្និទ្ធនិងយូរអង្វែងកាន់តែរឹងមាំនិងមានកម្លាំងរស់រវើក ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ប្រទេសចិននិងបារាំងបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយស្តីពីការគាំពារពហុភាគីនិយមនិងលើកកម្ពស់អភិបាលកិច្ចសកល ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិនិងគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដើម្បីជំរុញការបង្កើតទំនាក់ទំនងអន្តរជាតិដែលគោរពគ្នាទៅវិញទៅមក យុត្តិធម៌ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសម៉ូណាកូ ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងម៉ូណាកូបានពិគ្រោះនិងឯកភាពគ្នាថា ត្រូវតែក្តាប់ឲ្យបានត្រឹមត្រូវនូវទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគី ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងការបើកទូលាយ ធ្វើឲ្យស៊ីជម្រៅនូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ បន្តបំពេញបន្ថែមនូវខ្លឹមសារនៃការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ ខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតអនាគតកាន់តែល្អបវរនៃទំនាក់ទំនងរវាងចិននិងម៉ូណាកូ។ទស្សនកិច្ចជាលើកដំបូងរបស់លោកប្រធានរដ្ឋចិននៅប្រទេសម៉ូណាកូក៏ជាការឆ្លើយតបនឹងទស្សនកិច្ចនៅប្រទេសចិនរបស់ព្រះអង្គម្ចាស់Albertទី២នៅឆ្នាំ២០១៨ផងដែរ។លោកស៊ីជីនភីងបានថ្លែងថា ក្នុងរយៈពេលជាង២០ឆ្នាំនៃការបង្កើតទំនាក់ទំនងទូតរវាងចិននិងម៉ូណាកូ កិច្ចសហប្រតិបត្តិនិងការផ្លាស់ប្តូរក្នុងគ្រប់វិស័យនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅឥតឈប់ឈរ ប្រទេសចិនចាត់ទុកថាទស្សនកិច្ចលើកនេះគឺជាការចាប់ផ្តើមថ្មីមួយនិងជាការបង្កើតនូវយុគសម័យថ្មីនៃទំនាក់ទំនងរវាងចិននិងម៉ូណាកូជាមួយនឹងព្រះអង្គម្ចាស់ Albertទី២។
អំឡុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង លោកស៊ីជីនភីង បានជួបពិភាក្សាការងារជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់និងគណៈកម្មាធិការសហភាពអឺរ៉ុបនៅក្រុងប៉ារីស ដោយបានបញ្ចេញសញ្ញាច្បាស់លាស់មួយទៅកាន់ពិភពលោក ពោលគឺប្រទេសចិននិងអឺរ៉ុបបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការជាយុទ្ធជាសាស្ត្រកាន់តែស៊ីជម្រៅ ថែមទាំងបានធ្វើការពិគ្រោះពិភាក្សាគ្នាដោយមានលក្ខណៈកសាងក្រោមក្របខ័ណ្ឌរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ភាគីនានាបានបង្ហាញអាកប្បកិរិយាជាវិជ្ជមានចំពោះការនេះ ។
ពេលអញ្ជើញចូលរួមពិធីបិទបញ្ចប់វេទិកាស្តីពីអភិបាលកិច្ចសកលរវាងចិននិងបារាំង លោកស៊ីជីនភីងបានថ្លែងថា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលយ៉ាងតឹងរ៉ឹងនានា ប្រទេសនានាគួរតែមានស្មារតីទទួលខុសត្រូវ ចាត់វិធានការយ៉ាងសកម្ម រួមគ្នាខិតខំប្រឹងប្រែងដើម្បីក្តាប់នូវជោគវាសនានៃមនុស្សជាតិឲ្យជាប់នៅក្នុងដៃរបស់ខ្លួន ។
លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថែ្លងថា ដំណើរទស្សនកិច្ចរបស់លោកប្រធាន ស៊ីជីនភីង នៅប្រទេសទាំង៣លើសពីក្រខ័ណ្ឌទេ្វភាគី ជាការអនុវត្តដ៏សំខាន់មួយដើម្បីជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះជាស្នូល។ជំនួបពិភាក្សាយ៉ាងស្និទ្ធស្នាលរវាងមេដឹកនាំចិននិងសហភាពអឺរ៉ុបបានឈានដល់គំនិតឯកភាពគ្នាដ៏សំខាន់ស្តីពីការការពារពហុភាគីនិយម ហើយបានលើកឡើងនូវគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការកែលម្អអភិបាលកិច្ចសកលដែលប្រកបដោយស្ថិរភាពភាព ភាពច្បាស់លាស់និងការព្យាករណ៍ទុកជាមុនសម្រាប់ពិភពលោកដែលពោរពេញទៅដោយការផ្លាស់ប្តូរ៕
អ្នកបកប្រែ:Deng Qian