ក្នុងពិធីបិទវេទិកាស្តីពីអភិបាលកិច្ចសកលរវាងចិននិងបារាំង ដែលបានបើកធ្វើនៅក្រុងប៉ារីសកាលពីថ្ងៃទី ២៦ ខែមីនាកន្លងទៅនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាមួយក្រោមចំណងជើង « រួមចំណែកទាំងបញ្ញាស្មារតីនិងកម្លាំងដើម្បីកសាងផែនដីកាន់តែល្អបវរ »។ ឈរលើទស្សនៈខ្ពស់នៃការអភិវឌ្ឍសង្គមមនុស្សជាតិ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានលើកឡើងពីគម្រោងរបស់ប្រទេសចិនស្តីអំពី “ប្រកាន់ខ្ជាប់នូវយុត្តិធម៌និងភាពសមហេតុផល ប្រកាន់ខ្ជាប់នូវការពិគ្រោះពិភាក្សានិងយោគយល់គ្នាទៅវិញទៅមក, ប្រកាន់ខ្ជាប់នូវការរួមជោគវាសនាជាមួយគ្នា និងប្រកាន់ខ្ជាប់នូវការទទួលបានផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ” ។ លោកបានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិបាលកិច្ចសកល និងខិតខំក្តាប់ជាប់ឲ្យក្នុងដៃនូវជោគវាសនានាពេលអនាគតរបស់មនុស្សជាតិ។
ពិភពលោកនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១០០ ឆ្នាំកន្លងទៅនេះ ។ ការងើបឡើងនៃប្រទេសដែលមានទីផ្សាររីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍បានរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចពិភពលោកចំនួន ៨០ ភាគរយ និងត្រូវជាប្រមាណ ៤០ ភាគរយនៃទំហំសេដ្ឋកិច្ចសរុបលើពិភពលោក ។ និន្នាការនៃពហុប៉ូលភាវូបនីយកម្មសកលមានភាពច្បាស់លាស់។ ក្រៅពីនេះ ឯកតោភាគីនិយម និងការការពារនិយមមានភាពធ្ងន់ធ្ងរ ដែលបានប៉ះពាល់យ៉ាងខ្លាំងចំពោះពហុភាគីនិយមនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ មិនតែប៉ុណ្ណោះ ការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីបន្តរីករាលដាល ដូចជាភេរវកម្ម វិបត្តិជនភៀសខ្លួននិងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម ការអភិវឌ្ឍនៃមនុស្សជាតិកំពុងប្រឈមនឹងបញ្ហាអស្ថិរភាពនិងមិនច្បាស់លាស់យ៉ាងលេចធ្លោរ ។
លោកប្រធានស៊ីជីនភីងមានការពិនិត្យយ៉ាងច្បាស់លាស់និងការគិតពិចារណាវែងឆ្ងាយចំពោះការផ្លាស់ប្តូរនិងការវិវឌ្ឍន៍នៃរចនាសម្ព័ន្ធអន្តរជាតិ ។ ចាប់តាំងពីការសួរសំណួរស្តីពី“ពិភពលោកយ៉ាងម៉េចហើយ ? យើងត្រូវធ្វើយ៉ាងដូចម្ត៉េច ?”នៅពេលថ្លែងសុន្ទរកថាក្នុងទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនាខែមករាឆ្នាំ ២០១៧ ដល់ទៅការធ្វើវិនិច្ឆ័យដ៏សំខាន់ស្តីពី“ភាពចុះខ្សោយផ្នែកសន្តិភាព ភាពចុះខ្សោយផ្នែកអភិវឌ្ឍន៍និងភាពចុះខ្សោយផ្នែកអភិបាលកិច្ច គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិទាំងមូល ។”នៅក្នុងវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនាខែឧសភាឆ្នាំដដែល ព្រមទាំងរហូតដល់ការលើកឡើងគម្រោងចិនសម្រាប់ដោះស្រាយភាពចុះខ្សោយធំទាំង ៤ នៃមនុស្សជាតិនៅពេលថ្លែងសុន្ទរកថានៅក្រុងប៉ារីសលើកនេះ លោកស៊ីជីនភីងបានគិតពិចារណានិងធ្វើការវិនិច្ឆ័យព្រមទាំងលើកឡើងនូវវិធីសាស្ត្រដើម្បីដោះស្រាយដោយឈរលើកម្រិតយុទ្ធសាស្ត្រនៃការជំរុញការកសាងសហគមន៍រួមវាសនាមនុស្សជាតិនិងសម្រេចការឈ្នះ-ឈ្នះនិងការចែករំលែកជាមួយគ្នាជានិច្ច បានបង្ហាញពីស្មារតីមនុស្សជាតិ ដួងចិត្តអន្តរជាតិនិងទំនួលខុសត្រូវជាប្រវត្តិសាស្ត្រនៃមេដឹកនាំប្រទេសមហាអំណាចមួយរូប ។
មើលពីភាពជាក់ស្តែង ក្នុងគម្រោងប្រទេសចិននេះ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានថ្លែងថា គន្លឹះនៃការដោះស្រាយភាពចុះខ្សោយផ្នែកអភិបាលកិច្ច គឺត្រូវប្រកាន់ខ្ជាប់នូវទស្សនៈអភិបាលកិច្ចសកលដែលពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា ប្រកាន់ខ្ជាប់ការដោះស្រាយកិច្ចការសកលដោយការពិភាក្សាជាមួយប្រជាជននៃបណ្តាប្រទេសនានា ។ គន្លឹះនៃការដោះស្រាយភាពចុះខ្សោយផ្នែកជំនឿទុកចិត្តគឺប្រកាន់ខ្ជាប់ការស្វែងរកភាពដូចគ្នានិងមានភាពខុសគ្នា តាមការនិយាយឆ្លើយឆ្លងគ្នានិងការផ្លាស់ប្តូរដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកខាងយុទ្ធសាស្ត្រ ។ គន្លឹះនៃការដោះស្រាយភាពចុះខ្សោយផ្នែកសន្តិភាពគឺ គួរតែប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខថ្មីដែលរួមគ្នា ទូលំទូលាយ កិច្ចសហប្រតិបត្តិការនិងជានិរន្តរភាព ។ គន្លឹះនៃការដោះស្រាយភាពចុះខ្សោយផ្នែកអភិវឌ្ឍន៍គឺប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីនិងជំរុញ យុត្តិធម៌និងបរិយាប័ន្ន ដើម្បីណែនាំសកលភាវូបនីយកម្មខាងសេដ្ឋកិច្ចឲ្យរីកចម្រើនកាន់តែល្អប្រសើរ ។
ក្នុងនោះ អ្វីដែលហៅថា “ភាពចុះខ្សោយផ្នែកជំនឿទុកចិត្ត”គឺត្រូវលើកឡើងជាលើកដំបូង ដែលមានគោលដៅសំដៅពិតប្រាកដយ៉ាងខ្លាំង ។មិនថាការកើនឡើងនៃជម្លោះពាណិជ្ជកម្មទូទាំងពិភពលោក ឬក៍ការវិវាទនយោបាយតាមភូមិសាស្រ្តដែលបានកើតឡើងម្តងហើយម្តងទៀត សុទ្ធតែមានមូលហេតុក្នុងការខ្វះជំនឿទុកចិត្ត។ក្នុងន័យនេះ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានគូសបញ្ជាក់នៅទីក្រុងប៉ារីសថា ជំនឿទុកចិត្តជាកាវបិទសម្រាប់ទាញភ្ជាប់ដ៏ល្អបំផុតក្នុងទំនាក់ទំនងអន្តរជាតិ។លោកបានលើកឡើងថា ត្រូវដាក់ការគោរពគ្នានិងជឿទុកចិត្តគ្នានៅជួរមុខ ប្រកាន់ខ្ជាប់ទស្សនៈតម្លៃដ៏ត្រឹមត្រូវ និងបង្កើនការសន្ទនាគ្នានិងការផ្លាស់ប្តូរគ្នារវាងអរិយធម៌ផ្សេងគ្នាជាដើម។គំនិតរបស់លោកទាំងនេះបានផ្តល់ជ្រុងមួយសម្រាប់ការគិតពិចារណាដ៏សមហេតុផលសម្រាប់ដោះស្រាយការវិវាទក្នុងសង្គមមនុស្ស ហើយក៏បានចង្អុលទិសដៅដ៏ច្បាស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងរវាងចិននិងអឺរ៉ុបផងដែរ។
សុន្ទរកថារបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ត្រូវបានទទួលការកោតសរសើរពីសំណាក់មេដឹកនាំអឺរ៉ុបដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទបញ្ចប់វេទិកាអភិបាលកិច្ចសកលរវាងចិននិងបារាំង។ភ្លាមៗ បន្ទាប់ពីលោក ស៊ីជីនភីង បានបញ្ចប់សុន្ទរកថា លោក Emmanuel Macron ប្រធានាធិបតីបារាំងបានសរសេរនៅលើប្រព័ន្ធទំនាក់ទំនងសង្គមថា "សហភាពអឺរ៉ុបនិងប្រទេសចិនកំពុងពួតដៃគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមសកល"។លោក Jean Juncker ប្រធានគណៈកម្មាធិការអឺរ៉ុបក៏បានថែ្លងដែរថា សហភាពអឺរ៉ុបនិងប្រទេសចិនមានបំណងបង្កើតទំនាក់ទំនងភាពជាដៃគូកាន់តែស្និទ្ធស្នាលរវាងគ្នានិងគ្នា។បច្ចុប្បន្ននេះ នៅពេលដែលមនុស្សជាតិកំពុងប្រឈមមុខនឹងការជ្រើសរើសដែលចង់បានកិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា ចង់បានការបើកទូលាយឬការបិទទ្វារ សហភាពអឺរ៉ុបកំពុងធ្វើដំណើរទៅតាមទិសដៅដ៏ត្រឹមត្រូវ។ជាការពិត គម្រោងផែនការដែលពោរពេញទៅដោយប្រាជ្ញាចិន ក៏ជាជម្រើសដ៏ឈ្លាសវៃមួយសម្រាប់មនុស្សទាំងអស់ដែលកំពុងស្វែងយល់ពិភពលោក ប្រទេសចិននិងខ្លួនឯងដោយត្រឹមត្រូវ៕
អ្នកបកប្រែ:Deng Qian