លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងព្រះមហាក្សត្រនៃប្រទេសបារ៉ែនបានផ្ញើសារជូនពរទៅវិញទៅមកដើម្បីអបអរសាទរខួបទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារ៉ែន

2019-04-18 15:04:27 |ប្រភព:yunnangateway

ថ្ងៃទី ១៨ ខែ​មេសា លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​ និង​ព្រះ​ចៅ​ ​Hamad Bin Isa Al-Khalifa ព្រះមហាក្សត្រ​នៃ​ប្រទេស​បារ៉ែន​បាន​ផ្ញើ​សារ​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អបអរ​សាទរ​យ៉ាងកក់​ក្តៅ​ចំពោះ​ខួប​ទី​៣០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ។

ថ្លែង​ក្នុង​សារ​លិខិត លោក ស៊ី ជីនភីង​បាន​លើក​ឡើង​ថា ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​បារ៉ែន​ដើម្បី​​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​គ្នា និង​ចាត់​ទុក​ខួប​ទី​៣០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជា​កាលានុវត្តភាព​សម្រាប់​​ប្រទេស​ទាំង​ពីរ​រួម​គ្នា​កសាង “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ” ដើម្បី​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​លើ​គ្រប់​វិស័យ​រវាង​ចិន​និង​បារ៉ែន​ឈាន​ដល់​កម្រិត​ថ្មី ក្នុង​ន័យ​​ផ្តល់​សុខ​សុភមង្គល​​និង​ផល​ប្រយោជន៍​ជូន​ចំពោះ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

មាន​ព្រះ​បន្ទូល​ក្នុងសារលិខិត ព្រះចៅ Hamad Bin Isa Al-Khalifa ​បាន​លើក​ឡើង​​ថា ប្រទេស​បារ៉ែន​នឹង​បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​តទៅ​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​បារ៉ែន​និង​ចិន​ទទួល​បាន​ការ​អភិវឌ្ឍ​និង​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ សូម​ជូនពរ​ឲ្យ​​ប្រជាជន​ចិន​ទទួល​បាន​វឌ្ឍនភាព​កាន់​តែ​ធំ​ធេង​ឥត​ឈប់ឈរ​ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល លោក​ លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​និង​លោក Khalifa នាយក​រដ្ឋមន្ត្រី​បារ៉ែន​ក៏​បាន​ផ្ញើ​សារ​ជូនពរ​ទៅ​វិញ​ទៅមក​ផង​ដែរ ៕

 

អ្នកបកប្រែ:Guo Xiangqing