សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់មួយនិងផ្លូវមួយលើកទី ២ នៅក្រុងប៉េកាំងនៅថ្ងៃទី ២៥ ខែមេសា ។ ពេលផ្តល់បទសម្ភាសន៍រួមដល់អ្នកសារព័ត៌មានចិននៅក្រុងភ្នំពេញនាថ្ងៃទី ២៣ ខែមេសា សម្តេចបានថ្លែងថា ចាប់តាំងពីប្រទេសចិនលើកឡើងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ សមិទ្ធផលកិច្ចសហប្រតិបត្តិការមានភាពលេចធ្លោ បានទៅជាក្បាលម៉ាស៊ីនថ្មីក្នុងការអូសទាញកំណើនសេដ្ឋកិច្ចពិភពលោក ។
សម្តេចហ៊ុនសែនថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយបានផ្តល់នូវក្តីសង្ឃឹមដល់បណ្តាសេដ្ឋកិច្ចដែលនៅក្មេងខ្ចី ហើយកំពុងស្រេកឃ្លានការវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួនទៅនឹងបណ្តាខ្លាសេដ្ឋកិច្ចនានាក្នុងពិភពលោក ។
សម្តេចហ៊ុនសែនសំដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច សង្គមនិងវប្បធម៌នៅក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ។ សម្តេចសម្គាល់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនិងយុទ្ធសាស្ត្រចតុកោណនៃប្រទេសកម្ពុជាមានគោលដៅនិងអាទិភាពដូចគ្នា ពោលគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ។ សេដ្ឋកិច្ចកម្ពុជាកំពុងមានការផ្លាស់ប្តូររចនាសម្ព័ន្ធនិងមានតម្រូវការកាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ។ “ខ្ញុំជឿជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចនៅកម្ពុជាតទៅអនាគតនឹងទទួលបាននូវការគាំទ្រពេញទំហឹងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដែលមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ដោយមិនអាចខ្វះបាន ។”
អ្នកបកប្រែ:Xu Xiaoxia