លោកWangHuningជួបសន្ទនាជាមួយសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា

2019-04-29 09:12:05 |ប្រភព:CRI

លោក​ Wang Huning សមាជិក​អចិន្រ្តៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និងជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​បាន​ជួប​សន្ទនា​ជា​មួយ​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្រ្តី​កម្ពុជា​នៅ​សណ្ឋាគាររដ្ឋ DiaoYutai កាលពី​ថ្ងៃ​ទី​២៧ខែ​មេសា។

លោក​ Wang Huning បាន​ថ្លែង​ថា ​ប្រទេស​ទាំង​ពីរ​ចិន​និង​កម្ពុជា​កំពុង​កសាង​សហគមន៍​រួម​វាសនា​ដែល​ប្រកប​ដោយ​អត្ថន័យ​យុទ្ធសាស្រ្ត​រវាង​ចិន​និង​កម្ពុជា​ដោយ​យោងតាម​មតិ​ឯកភាព​សំខាន់​ដែល​លោកប្រធាន​រដ្ឋ​ស៊ីជីនភីង​និង​សម្តេច​ហ៊ុនសែន​បាន​ឈាន​ដល់។​ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​រក្សា​ឯករាជ្យ ​អធិបតេយ្យភាព​និង​សេចក្តី​ថ្លៃថ្នូររបស់ជាតិ​ជាប់​ជា​និច្ច​ ​គាំទ្រ​ប្រទេស​កម្ពុជា​ដើរតាម​ផ្លូវ​អភិវឌ្ឍ​ដែល​សមស្រប​ទៅ​នឹង​សភាព​ការណ៍​ជាតិ​របស់​ខ្លួន ​មាន​ឆន្ទៈ​ក្នុង​កិច្ច​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ជា​មួយ​ភាគី​កម្ពុជា​ ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ ​ដើម្បី​នាំ​មក​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ។

សម្តេច​ហ៊ុនសែន​បាន​ថ្លែង​ថា ​ភាគី​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ចិនដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​រឹង​មាំ​និង​ជំនួយ​ជា​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេលយូរ ​ហើយ​មាន​ឆន្ទៈ​បង្កើន​ការ​តភ្ជាប់​យុទ្ធសាស្រ្ត​ចតុកោណ​របស់​ប្រទេស​កម្ពុជា​ជា​មួយ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​របស់​ប្រទេស​ចិន ​សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន​ទទួល​សមិទ្ធផល​កាន់តែ​ច្រើន។

 

អ្នកបកប្រែ:Ma Xiaoqing