កាលពីថ្ងៃទី ២៨ ខែមេសា ផែនការសកម្មភាពស្តីពីការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាបានចុះហត្ថលេខាជាផ្លូវការនៅក្រុងប៉េកាំង ។ ថ្ងៃទី ៥ ខែឧសភា លោក Wang Wentian ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅកម្ពុជាបានទទួលបទសម្ភាសន៍ពិសេសពីអ្នកសារព័ត៌មានស៊ីនហួនៅក្រុងភ្នំពេញ ដោយបានថ្លែងថា ផែនការសកម្មភាពនេះបង្ហាញថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឈានដល់កម្រិតថ្មីក្នុងប្រវត្តិសាស្ត្រ ។
លោក Wang Wentian ពន្យល់ថា ផែនការសកម្មភាពនេះគឺជាសមិទ្ធផលដ៏សំខាន់បំផុតដែលកើតឡើងអំឡុងពេលសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីខ្សែក្រវាត់និងផ្លូវលើកទី ២ ដោយមានលក្ខណៈពិសេសចំនួន ៤ ។
ទី ១ គឺមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ដោយគ្របដណ្តប់គោលដៅនិងវិធានការជាក់ស្តែងចំនួន ៣១ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យចំនួន ៥ គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌មនុស្សជាតិនិងពហុភាគី ។
ទី ២ គឺវិធានការគ្រប់ចំណុចជាក់ស្តែងផងល្អិតល្អន់ផង ហើយអាចអនុវត្តបាន ។
ទី ៣ គឺកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាមិនគ្រាន់តែទូលំទូលាយប៉ុណ្ណោះទេ ថែមទាំងស៊ីជម្រៅផងដែរ ។ ភាគីទាំងពីរសង្កត់ធ្ងន់ថានឹងបន្តរក្សាការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ដ៏ស្និទ្ធស្នាល គាំទ្រយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ជាស្នូលនិងការយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមក ។
លោក Wang Wentian បានចង្អុលបង្ហាញថា ប្រទេសកម្ពុជាជាអ្នកជិតខាងដ៏សំខាន់នៃប្រទេសចិន កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរនឹងនាំមកនូវឱកាសអភិវឌ្ឍន៍កាន់តែច្រើនដល់តំបន់នៅជុំវិញ និងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព សន្តិសុខ ភាពរុងរឿងនិងការអភិវឌ្ឍនៃតំបន់ ៕
អ្នកបកប្រែ:Xu Xiaoxia