តាមទិន្នន័យថ្មីបំផុតដែលអគ្គនាយកដ្ឋានគយចិនបានប្រកាសនៅថ្ងៃទី៨ខែឧសភាឲ្យដឹងថា ទំហំនៃការនាំចេញនាំចូលរបស់ចិននៅខែមេសាគឺ២.៥១ទ្រីលានយាន់ប្រាក់ចិន កើនឡើង៦.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។
តាមទិន្នន័យនៃទំហំពាណិជ្ជកម្មរវាងប្រទេសនានាគិតចាប់ពីខែមករាដល់ខែមេសាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិន បានកើនឡើង១១.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ បន្ទាប់មកគឺអាស៊ាន ដែលទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង៩ភាគរយ ឈរនៅលំដាប់ទីបីគឺសហរដ្ឋអាមេរិកហើយតាមពីក្រោយទីបួនគឺជប៉ុន ។
ព្រមពេលជាមួយនេះ ទំហំនាំចេញនាំចូលរវាងប្រទេសចិននិងប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”បានកើនឡើង៩.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។
ពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានគយចិនបានថ្លែងថា ដោយសារកត្តានៃការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មជាមួយបរទេសប្រកបដោយភាពរឹងមាំរំពឹងថា ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក្នុងត្រីមាសទីពីរឆ្នាំនេះនឹងកើនឡើងជាបន្តបន្ទាប់ ។
អ្នកបកប្រែ:Sun Lingling