មានតែបរិយាកាសប្រកបដោយសន្តិសុខនិងមេត្រីភាពប៉ុណ្ណោះទើបអាចទាក់ទាញអ្នកទេសចរចិនបាន

2019-06-05 16:22:42 |ប្រភព:CRI

ថ្ងៃទី៤​ខែមិថុនា​ ក្រសួងការបរទេសចិនបានប្រកាសការព្រមាន​អំពី​ស្ថានភាព​សន្តិសុខ​នៅ​សហរដ្ឋអាមេរិកថា​ ដោយសារ​ស្ថាប័ន​អនុវត្តច្បាប់​របស់​សហរដ្ឋអាមេរិក​បានរំខាន​ជនជាតិចិន​ដែល​ធ្វើដំណើរ​ទៅកាន់សហរដ្ឋអាមេរិកតាម​មធ្យោបាយ​ផ្សេងៗ​ដូចជា​ការពិនិត្យ​ពេលចេញ​ចូលដែន​និងការចុះធ្វើ​អធិការកិច្ច​នៅតាម​ផ្ទះឬ​សហគ្រាស​ជាច្រើន​លើកនៅ​ពេលថ្មីៗ​កន្លងទៅនេះ ។ ​ដូច្នេះ​ក្រសួង​ការបរទេស​ចិនសូម​ដាស់តឿន​ដល់​ជនជាតិចិន​ដែល​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​និង​អង្គការ​នានា​របស់ចិន​នៅ​សហរដ្ឋអាមេរិក​ធ្វើ​ការពិចារណា​ឱ្យបាន​ល្អិតល្អន់​អំពី​​សន្តិសុខ​ ។ ក្រសួង​វប្បធម៌និង​ទេសចរណ៍​របស់ចិនក៏​បាន​ប្រកាស​ការដាស់តឿន​ខាងសន្តិសុខ​ចំពោះ​ការធ្វើដំណើរ​ទៅ​ទេសចរណ៍​នៅ​សហរដ្ឋអាមេរិក​ផងដែរ ​ដោយ​សង្កត់ធ្ងន់ថា ​មាន​ករណី​បាញ់ប្រហារ​និង​ចោរកម្ម​កើតឡើង​ជាញឹកញយ​នៅ​សហរដ្ឋអាមេរិក​នៅពេល​ថ្មីៗកន្លង​ទៅនេះ ។ ​ដូច្នេះ​ដាស់តឿន​ដល់​អ្នកទេសចរ​ចិនវាយតម្លៃ​ឱ្យបាន​ពេញលេញ​ចំពោះ​ហានិភ័យ​នៃ​ការធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក ។

ការ​ក្រើន​រំលឹក​ចំនួន​២​នេះ​មាន​សុពលភាព​រហូតដល់​ចុង​ឆ្នាំនេះ។​ការ​នេះ​បង្ហាញ​ថា ​អាមេរិក​ដែល​ជា​កន្លែង​គោលដៅ​ដ៏សំខាន់​មួយ​នៃ​ការ​ចេញ​ពី​ដែន​របស់​ប្រជាពល​រដ្ឋ​ចិន​ ​កំពុង​មាន​បរិយាកាស​សន្តិសុខ​កាន់តែ​អាប់អួរ​ ​ហានិភ័យ​ផ្នែក​ទេសចរណ៍​កំពុង​កើនឡើង​ឥតឈប់ឈរ ​លក្ខណៈសំដៅ​និង​លក្ខណៈរើសអើង​នៃ​ការ​អនុវត្ត​ច្បាប់​កាន់តែ​លេចធ្លោ។សភាពការណ៍​ទាំងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុវត្តិភាព​ផ្ទាល់​ខ្លួន​របស់​ប្រជា​ពលរដ្ឋ​ចិនតែ​ប៉ុណ្ណោះ​ ថែម​ទាំង​ក៏​បំផ្លាញ​ដល់​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ប្រជាពល​រដ្ឋ​ចិន​ផងដែរ ​ដូច្នេះ​ស្ថាប័ន​មាន​ពាក់ព័ន្ធ​នៃ​ប្រទេសចិន​ត្រូវ​បង្ខំចេញ​សេចក្តី​ក្រើន​រំលឹកនេះ។

ទន្ទឹមនឹង​ការពង្រីក​ការបើកទូលាយ​និង​បង្កើន​ការប្រើប្រាស់​ឥតឈប់ឈរ​របស់​ប្រទេសចិន ប្រជាជនចិន​ដែល​បម្រើការងារ​និង​ធ្វើទេសចរន៍​នៅក្រៅប្រទេស​កាន់តែ​ច្រើនឡើងៗ ។ ឆ្នាំ ២០១៨ ប្រជាជនចិន​ដែល​ទៅកម្សាន្ត​នៅក្រៅប្រទេស​មានចំនួន​ជិត ១៥០ លាននាក់ បានកើនឡើង ១៤.៧ ភាគរយ​បើប្រៀបធៀបនឹង​ឆ្នាំ ២០១៧ ពោលគឺ​ប្រទេសចិន​បានជាប់ជា​ប្រទេស​ប្រភព​ភ្ញៀវទេសចរ​ដ៏ធំបំផុត​លើទូទាំងពិភពលោក ។ ប៉ុន្តែ សហរដ្ឋអាមេរិក​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់មួយ​សម្រាប់​ប្រជាជនចិន​បានទទួល​អ្នកទេសចរចិន​មិនដល់ ៣ លាននាក់​ទេ​នាឆ្នាំ ២០១៨ គឺថយចុះ ៥.៧ ភាគរយ​បើប្រៀបធៀបនឹង​ឆ្នាំ ២០១៧ ដែលជា​ការថយចុះ​លើកដំបូង​ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ។ មូលហេតុ​នៃការធ្លាក់ចុះ​នេះ​គឺដោយសារ​បរិយាកាស​សន្តិសុខ​របស់អាមេរិក​កាន់តែ​អាប់អួរទៅៗ ។

មជ្ឈដ្ឋាននានា​បាន​មើលឃើញថា ចាប់តាំងពី​ដើមឆ្នាំនេះ ជនជាតិចិន​បានរង​នូវអំពើ​ចោរកម្ម​ក៏ដូចជា​បាញ់ប្រហារ​ដ៏ធ្ងន់ធ្ងរ​ជាង ១០០ លើក​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក ។ ព្រមពេល​ជាមួយគ្នានេះ ការអនុវត្ត​ច្បាប់​របស់អាមេរិក​មាន​លក្ខណៈសំដៅ​និង​លក្ខណៈរើសអើង​កាន់តែ​លេចធ្លោ ។ នាពេលកន្លងទៅ​នេះ ប្រជាពលរដ្ឋចិន​មួយចំនួន​ចូលដែន​ឬស្នាក់នៅ​អាមេរិក ត្រូវរង​ការស៊ើបសួរ​និងឆាឆៅ​ឥតហេតុផល​ពី​ស្ថាប័ន​អនុវត្តច្បាប់​អាមេរិក ធ្វើឱ្យ​សេចក្តីថ្លៃថ្នូរ​និង​សន្តិសុខ​បានរង​ការគំរាមកំហែង ។ លោក​Christopher Wray ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​សហរដ្ឋអាមេរិក​ធ្លាប់និយាយថា ប្រទេសចិន​បាន​បង្ក​ជាគំរាមកំហែង​ចំពោះ​សង្គម​អាមេរិក ដូច្នេះ​សង្គមអាមេរិក​ត្រូវឆ្លើយតប​ទៅវិញ ។ ពាក្យសំដី​ដ៏ជ្រុល​បែបនេះ​កំពុងបង្កជា​ការគំរាមកំហែង​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់ប្រជាពលរដ្ឋចិន​ដែល​ទៅកាន់អាមេរិក​ ។

  ក្នុង​រយៈពេល ៤០ ​ឆ្នាំ​នៃ​ការ​បង្កើត​ចំណង​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ ប្រទេសចិន​តែងតែ​ជំរុញ​យ៉ាងសកម្ម​នូវ​ការផ្លាស់ប្តូរ​ផែ្នក​វប្បធម៌​និង​កិច្ចសហប្រតិបត្តិ​ការ​រវាង​ចិន​និង​សហរដ្ឋអាមេរិក ​ហើយ​ជឿជាក់​ថា ​នេះ​មិនត្រឹមតែ​សមស្រប​នឹង​ផលប្រយោជន៍​រួម​នៃ​ភាគីទាំងពីរ​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​សមស្រប​នឹង​បំណងប្រាថ្នា​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ទៀតផង។​ប៉ុន្តែ​គោលនយោបាយ​ប្រទូស​និង​សង្កត់​ចំពោះ​ប្រទេសចិន​ដែល​បាន​អនុវត្ត​ដោយ​អ្នកនយោបាយ​មួយ​ចំនួន​នៅ​ក្រុង​វ៉ាស៊ីនតោន​ទីបំផុត​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការផ្លាស់ប្តូរ​ផែ្នក​វប្បធម៌​និង​មនុស្សជាតិ​ដែលជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​សម្រាប់​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក ​ហើយ​ក៏​បណ្តាល​ឱ្យ​វិស័យ​ទេសចរណ៍​អាមេរិក​ធ្លាក់​ក្នុង​ភាពព្រួយបារម្ភ​និង​ងឿងឆ្ងល់​ឥត​ឈប់​ឈរ​ផងដែរ។​ការព្រមាន​អំពី​ហានិភ័យ​ដែល​ចេញផ្សាយ​ដោយ​ភាគីចិន​គួរតែ​ជំរុញឱ្យ​សហរដ្ឋ​អាមេរិក​មាន​ការប្រុងប្រយ័ត្ន ​ក៏ដូចជា​កែលម្អ​នូវ​បរិយាកាល​សន្តិសុខ​ឱ្យបាន​ឆាប់ ​និង​ធានា​សិទ្ធិ​និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ភ្ញៀវទេសចរ​ចិន​ដែល​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។​មានតែ​កែលម្អ​បរិយាកាល​សន្តិសុខ​ប៉ុណ្ណោះទេ ​សហរដ្ឋអាមេរិក​ទើបអាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើនឡើងៗ៕

 

អ្នកបកប្រែ:Sun Lingling