ទំនាក់ទំនងរវាងចិននិងរុស្ស៊ីវិវឌ្ឍទៅមុខជាបន្តបន្ទាប់ក្នុងដំណាក់កាលល្អបំផុតនៃប្រវត្តិសាស្ត្រ

2019-06-05 16:35:03 |ប្រភព:CRI

លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​បាន​ចាប់ផ្តើម​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋនៅ​ប្រទេស​រុស្ស៊ី​​នា​ថ្ងៃទី​ ៥ ខែ​មិថុនា​ ព្រមទាំង​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្រុង​Saint Petersburg ​លើកទី​ ២៣ ។ ឆ្នាំ​២០១៩នេះ​ជា​ខួបទី​៧០នៃការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ចិននិងរុស្ស៊ី​​ ។ ប្រទេស​ទាំងពីរ​ធ្លាប់​បាន​ថ្លែង​ជា​ច្រើន​លើក​ថា​​ ទំនាក់ទំនង​ទ្វេភាគី​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលដ៏​​ល្អ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ ។  លោក​ប្រធានរដ្ឋ​ចិន​ ស៊ីជីនភីង​បាន​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​រុស្ស៊ីជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​បំផុត​នេះ​ នឹង​ជំរុញ​ទំនាក់ទំនង​រវាង​ចិននិង​រុស្ស៊ី​​​​​​​​​​​​​​​​​​​​​​​​​ឱ្យ​ចេញ​​ដំណើរ​ពី​​ចំណុច​ចាប់​ផ្តើម​ថ្មី​នៃ​យុគសម័យ​ថ្មី​ដែល​ទទួលបាន​ការ​អភិវឌ្ឍ​កម្រិត​ខ្ពស់​កាន់តែ​ច្រើន​ ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រមុខរដ្ឋចិននិងរុស្ស៊ីបានជួបពិភាក្សាការងារច្រើនជាង ២០ ដង ហើយបានបង្កើតទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធនិងមិត្តភាពយ៉ាងជ្រាលជ្រៅ។ចំណងការទូតថ្នាក់ប្រមុខរដ្ឋបានក្លាយជាចំណុចលេចធ្លោបំផុតមួយនៃភាពចាស់ទុំនិងស្ថិរភាពសម្រាប់ទំនាក់ទំនងរវាងចិននិងរុស្ស៊ី។កាលពីខែមេសា ឆ្នាំនេះ លោកប្រធានាធិបតីភូទីនបានមកប្រទេសចិនដើម្បីចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"លើកទី ២ ។មិនដល់ពីរខែផង លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅប្រទេសរុស្ស៊ីដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង St. Petersburg ។តួនាទីគំរូជាវិជ្ជមាននៃការរចនាពីលំដាប់កំពូលនិងការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខ​រដ្ឋនៃប្រទេសទាំងពីរសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានក្លាយជាគំរូមួយសម្រាប់ចំណងការទូតថ្នាក់ប្រមុខរដ្ឋកម្រិតខ្ពស់ដែលបង្ហាញពីលក្ខណៈពិសេស សារៈសំខាន់និងកម្រិតខ្ពស់នៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី។លោក Sergey Luzyanin ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវចុងបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានថែ្លងកាលពីពេលថ្មីៗនេះ ថា វត្តមានរបស់លោកប្រធានរដ្ឋចិន ស៊ីជីងភីង ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង St. Petersburg នឹងលើកកម្ពស់យ៉ាងច្បាស់លាស់នូវឋានៈនៃវេទិកានេះ។

ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានការផ្លាស់ប្តូរស្មុគស្មាញយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ីតែងតែគោរពជានិច្ចនូវផ្លូវអភិវឌ្ឍន៍របស់គ្នានិងគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក គាំទ្រគ្នាយ៉ាងរឹងមាំក្នុងបញ្ហាដែលយកចិត្តទុកដាក់សំខាន់ៗនិងពាក់ព័ន្ធផលប្រយោជន៍ជាស្នូលរបស់គ្នាទៅវិញទៅមក នេះជាមូលហេតុសំខាន់ដែលទំនាក់ទំនងរវាងចិននិងរុស្ស៊ីវិវឌ្ឍទៅមុខដោយនឹងនរនិងជាប់រហូត។ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានក្លាយទៅជាទំនាក់ទំនងរវាងមហាអំណាច​ទាំងពីរដែលមានកម្រិតជឿទុកចិត្តគ្នាខ្ពស់បំផុត កម្រិតកិច្ចសហប្រតិបត្តិការខ្ពស់បំផុតនិងមានតម្លៃយុទ្ធសាស្រ្តខ្ពស់បំផុត។ពេលបច្ចុប្បន្ននេះ     ឧត្តមភាពក្នុងផ្នែកនយោបាយ​នៃប្រទេសទាំងពីរកំពុងក្លាយទៅជាសមិទ្ធផលជាក់ស្តែង និម្មាបនកម្មសហប្រតិបត្តិការដែលអំណោយផលដល់គ្នាទៅវិញទៅមកក្នុងគ្រប់ទិសដៅ ស្រទាប់និងវិស័យកំពុងត្រូវបានបង្កើតឡើង ព្រមទាំងកំពុងបង្កើតនូវកម្លាំងចលករខាងក្នុងយ៉ាងខ្លាំងក្លាជារៀងរាល់ថ្ងៃ។ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងរុស្ស៊ីបានឡើងដល់ជាង១សែនលានដុល្លារអាមេរិក។លោក​ភូទីនធ្លាប់បានថ្លែងថា ទិន្នន័យនេះមានសារៈសំខាន់ណាស់ ពាណិជ្ជកម្មទ្វេភាគីបានឆ្លុះបញ្ចាំងពីសភាពការណ៍នៃការអភិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលជាលទ្ធផលនៃការបង្កើនការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងរុស្ស៊ីខិតជិតមកដល់ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ីកំពុងស្វាគមន៍ “ឆ្នាំប្រមូលផល”មួយទៀត ។ មួយសប្តាហ៍មុន ស្ពានហាយវេទីមួយនៅតាមព្រំដែនរវាងប្រទេសទាំងពីរបានតភ្ជាប់គ្នាដោយជោគជ័យ ហើយស្ពានផ្លូវដែកទីមួយក៏នឹងជិតបញ្ចប់ការសាងសង់ ព្រមទាំងបំពង់ឧស្ម័នធម្មជាតិខាងកើតរវាងចិននិងរុស្ស៊ីក៏នឹងត្រូវតភ្ជាប់និងប្រើប្រាស់ក្នុងឆ្នាំ២០១៩នេះផងដែរ ។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យថាមពល ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកម្រិតខ្ពស់ កិច្ចការពាណិជ្ជកម្មអេឡិចត្រូនិក កសិកម្ម ការអភិវឌ្ឍប៉ូលខាងជើងនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាដើមក៏មានការរីកចម្រើនជាច្រើនផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ លោក Dmitry Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា និន្នាការវិនិយោគរបស់ចិនទៅលើរុស្ស៊ីមិនថយក្រោយទេ គឺមានការកើនឡើងយ៉ាងខ្លាំង ។ ក្នុងរយៈពេល៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូត ទំនាក់ទំនងចិននិងរុស្ស៊ីបានឆ្លងកាត់បញ្ហាប្រឈមគ្រប់បែបយ៉ាងដូចជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រនិងក្នុងស្រុករៀងៗខ្លួនផងដែរ ។

ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​  ក្រោម​ការ​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ពី​បស្ចិម​ប្រទេស​ ប្រទេស​រុស្ស៊ី​បាន​បញ្ចេញ​សំឡេង​ផ្តួចផ្តើម​ឱ្យ​​មាន​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ព្រមទាំងប្រឆាំងនឹង​ការ​ការពារ​និយម​តាមរយៈវេទិកាសេដ្ឋកិច្ច​អន្តរជាតិ​​ក្រុង​​​​​​​​​​​​​​​​ Saint ​Petersburg ​​ជា​ដើម​ ។ នៅក្រោម​សភាពការណ៍​ដែល​ឯកតោ​ភាគី​និយម​និង​ការ​ការពារនិយមបាន​ងើប​ឡើង​ ក៏​ដូច​ជា​ប្រព័ន្ធនិង​របៀប​វារៈអន្តរជាតិ​ត្រូវ​បាន​រងនូវ​​បញ្ហា​​ប្រឈម​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក​  ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​និង​សកម្មភាពជាក់​ស្តែង​របស់​ប្រទេស​ចិននិង​រុស្ស៊ី​ក្នុង​ការ​រួម​សហការ​គ្នា​ដើម្បី​គាំពារ​សន្តិភាពនិង​ស្ថិរភាព​ពិភពលោក​​ ព្រមទាំង​យុត្តិធម៌និង​សច្ចធម៌អន្តរជាតិ​ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ​ ហើយ​បាន​ដើរ​តួនាទី​ជា​វិជ្ជមាន​ដូច​ម៉ាស៊ីនលំនឹងមួយ​​ ។ ដោយ​ឈរ​លើ​ចំណុច​ចាប់​ផ្តើម​នៃ​ប្រវត្តិសាស្ត្រ​ថ្មី​ កិច្ច​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​ចិននិង​រុស្ស៊ី​ច្បាស់​ជា​នឹង​ទទួល​បាន​ផ្លែផ្កា​ជា​មិនខាន​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃប្រទេស​ទាំង​ពី​ ក៏​ដូ​ចជា​នឹង​នាំ​មក​នូវ​ក្តី​សង្ឈឹម​ថ្មី​ដល់​ការអភិវឌ្ឍ​លើ​ពិភពលោក​ ។

អ្នកបកប្រែ:Li Qingli