ក្រសួងការបរទេសចិនធ្វើសនិ្នសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីងប្រធានរដ្ឋចិន

2019-06-10 17:58:19 |ប្រភព:CRI

ថ្ងៃទី ១០ ខែ​មិថុនា ក្រសួង​ការ​បរទេស​ចិន​បាន​ធ្វើ​សនិ្នសីទ​សារព័ត៌មាន​អំពីដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនភីងប្រធាន​រដ្ឋចិន។ លោក Zhang Hanhui អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ឧទេ្ទសនាម​អំពី​សភាពការណ៍​ពាក់​ព័ន្ធ​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ស៊ី ជីនភីង​ប្រធាន​រដ្ឋ​​ចិន​ដែល​នឹង​ធ្វើ​ឡើង​នៅ​​សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន​និង​សាធារណ​រដ្ឋ​តាជីគីស្ថាន ព្រម​និង​អញ្ជើញ​ចូល​រួម​សនិ្នសីទ​លើក​ទី​១៩ នៃ​ក្រុម​ប្រឹក្សា​ថ្នាក់​ដឹក​នាំ​នៃ​​រដ្ឋ​​សមាជិក​អង្គការ​សហប្រតិបតិ្តការ​សៀងហៃ និង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៥​ស្តីពី​អន្តរ​សកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​​អាស៊ី ។ ក្នុង​សនិ្នសីទ​សារព័ត៌មាន​នេះ លោក​អនុរដ្ឋមន្ត្រី​ក៏​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ ។

លោក Zhang Hanhui បាន​ថ្លែង​ថា​ ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​​សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន​និង​សាធារណរដ្ឋ​តាជីគីស្ថាន​ លោក ស៊ី ជីនភីង នឹង​ចូលរួម​ពិធីបដិសណ្ឋារកិច្ច​ផ្លូវ​រដ្ឋ​​ដែល​រៀប​ចំ​ដោយ​ប្រធានាធិបតី​នៃ​​ប្រទេស​ទាំង​ពីរ​នេះ ​បន្ទាប់​មក​​នឹង​ចូល​រួម​សកម្មភាព​​ ដូច​ជា​កិច្ច​ជំនួប​​ពិភក្សា​ ពិធី​ចុះ​ហត្ថលេខា និង​ពិធី​​លៀង​សាយ​ភោជន៍​​ជាដើម លោក ស៊ី ជីនភីង​ក៏​នឹង​រួម​ជា​មួយ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​គ្រោង​ផែនការ​ថ្មី​និង​ទិស​ដៅ​​ថ្មី​អំពី​ការ​អភិវឌ្ឍ​​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបតិ្តការ​ជា​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​​សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន​ ចិន​និង​សាធារណរដ្ឋ​តាជីគីស្ថាន​នៅ​ពេល​អនាគត ក្នុង​ន័យ​បង្កើត​ជា​​មូលដ្ឋាន​នយោបាយ​ដ៏​រឹង​មាំ​សម្រាប់​ទំនាក់​ទំនង​រវាងចិន​និង​​សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន ចិន​និង​សាធារណរដ្ឋ​តាជីគីស្ថាន ដើម្បី​គ្រោង​​ផែនទី​បង្ហាញ​ផ្លូវ​ថ្មី​នៃ​កិច្ច​សហប្រតិបតិ្តការ​រួម​គ្នា​កសាង “ខ្សែ​ក្រវាត់​និង​ផ្លូវ​”​រវាង​ចិន​និង​​សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន ចិន​និង​សាធារណរដ្ឋ​តាជីគីស្ថាន​ ​ក៏​ដូច​ជា​​​ប្រែ​ក្លាយ​ទំនុក​ចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​រវាង​គ្នា​និង​គ្នា​ទៅ​ជា​សមិទ្ធផល​ថ្មី​នៃ​​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​កាន់​តែ​ច្រើន សំដៅ​​បង្កើន​សុខ​សុខុមាលភាព​របស់​ប្រជាជន​ ជំរុញ​វឌ្ឈនភាព​និង​វិបុលភាព​របស់​ប្រទេស​រៀង​ខ្លួន និង​ធានា​ឲ្យ​​ទំនាក់​ទំនង​រវាង​ចិន​និង​​សាធារណ​រដ្ឋ​កៀហ្ស៉ីស៊ីស្ថាន ចិន​និង​សាធារណរដ្ឋ​តាជីគីស្ថាន​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​កាន់​តែ​ធំធេង ៕

 

អ្នកបកប្រែ:Guo Xiangqing