សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាសំខាន់របស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិននៅក្នុងកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី

2019-06-17 18:37:24 |ប្រភព:CRI

កិច្ចប្រជុំ​កំពូល​លើកទី​ ៥ ​នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​បាន​ប្រារព្ធឡើង​នៅក្រុង​ ឌូស្ហាន់ប៉េ​ រដ្ឋធានី​តាហ្ស៊ីគីស្ថាន​កាលពី​ថៃ្ងទី​ ១៥​ ខែ​មិថុនា។​លោក​ ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​សំខាន់ៗ។​អន្តរជាតិ​សម្គាល់​ជាទូទៅ​ថា ​សុន្ទរកថា​របស់​លោក​ប្រធានរដ្ឋ​ចិន​ ស៊ីជីនភីង ​បាន​អធិប្បាយ​ពី​គោលគំនិត​របស់​ប្រទេស​ចិន​ក្នុង​ការ​ជំរុញ​សន្តិភាព​ប្រកបដោយ​និរន្តរភាព​និង​វិបុលភាព​រួម​នៅ​ទ្វីបអាស៊ី។​ព្រមពេល​ជាមួយ​គ្នានេះ ​បាន​ចង្អុលបង្ហាញ​នូវ​ទិស​ដៅ​សម្រាប់​បណ្តាប្រទេស​នានា​នៅ​តំបន់អាស៊ី​ក្នុងការ​បង្កើន​ការ​យល់ដឹង​គ្នា ​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក ​ក៏ដូចជា​ធ្វើឱ្យស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​និង​សម្រេចបាន​នូវ​ភាព​ឈ្នះ-ឈ្នះ​ព្រមទាំង​បង្កើត​ស្ថានភាព​ថ្មីមួយ​សម្រាប់​សន្តិសុខ​និង​ការអភិវឌ្ឍ​នៅ​តំបន់​អាស៊ី។​

លោក​ Do ​Tien ​Sam ​អតីតៈប្រធាន​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ប្រទេសចិន​នៃ​បណ្ឌិត្យ​សភា​សង្គម​វិទ្យាសាស្ត្រ​វៀតណាម​បាន​ថែ្លងថា ​សុន្ទរកថា​របស់​លោក​ប្រធានរដ្ឋ​ចិន ​ស៊ីជីនភីង ​បង្ហាញ​ពី​របៀប​រៀបចំ​ផែនការ​ស្តីពី​ការ​កសាង​សហគមន៍​រួម​វាសនា​នៃ​តបន់​អាស៊ី​ក្រោម​ស្ថានភាព​ថ្មី។​គោលដៅ​ទាំងនេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​តួនាទី​របស់​ប្រទេស​ចិន​ក្នុង​នាម​ជា​មហាអំណាច​ធំ​មួយ​ដែល​មាន​ទំនួលខុសត្រូវ​នៅ​តំបន់អាស៊ី​និង​សហគមន៍​អន្ដរជាតិ​នោះ​ទេ ​ថែមទាំង​មានន័យថា ​ប្រទេសចិន​នឹង​រួមចំណែក​កាន់តែសកម្ម​ដល់​សន្តិភាព​និង​វិបុលភាព​នៅ​លើ​ពិភពលោក។​

លោក ​Anri ​Sharapov ​សាស្ត្រាចារ្យរង​ខាង​នយោបាយ​នៃ​វិទ្យាស្ថាន​ជាតិ​សម្រាប់​សិក្សា​ស្រាវ​ជ្រាវ​តំបន់​ភាគខាង​កើត​ក្រុង​បូស្តុន​នៃ​ប្រទេស​អ៊ូសបេគីស្ថាន​បាន​ថែ្លងថា ​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​និង​ផ្លូវ"​ដែល​បាន​លើកឡើង​ដោយ​ប្រទេសចិន​អាចនឹង​បង្កើន​ការ​តភ្ជាប់​និង​ទំនាក់​ទំនង​គ្នា​ក្នុងតំបន់​ ហើយ​ទស្សនៈ​នៃ​ការ​កសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ​នឹង​នាំ​មក​នូវ​សន្តិភាព​និង​វិបុលភាព​ដល់​ពិភពលោក។​

លោក​ Jaewoo ​Choo ​សាស្ត្រាចារ្យ​ខាង​នយោបាយ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ ​Kyung ​Hee ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​ចង្អុលបង្ហាញ​ថា ​ទន្ទឹង​រង់ចាំ​ប្រទេសចិន​នឹង​បន្ត​ពង្រីក​តួនាទី ​និង​លើកទឹកចិត្ត​ដល់​គ្រប់ភាគី​ទាំងអស់​ឱ្យ​ចូលរួម​ក្នុង​ដំណើរការ​ពួតដៃ​គ្នា​កសាង​សន្តិភាព​និង​ស្ថិរភាព​នៅ​អាស៊ី​ ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​នៅ​តំបន់អាស៊ី​។​លោក​ជូនពរ​ឱ្យ​កិច្ចប្រជុំ​កំពូល​លើកទី​ ៥ ​នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​អាច​រួមចំណែក​កាន់តែ​ច្រើន​ដល់​សន្តិភាព​និង​ការ​អភិវឌ្ឍ​ក្នុងតំបន់៕​

 

អ្នកបកប្រែ:Weiwei