ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបើកធ្វើសន្និសីទកាសែតអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងរបស់លោក ស៊ី ជីនភីង

2019-06-18 16:49:38 |ប្រភព:CRI

 ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​បើកធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃទី ១៧ ​ខែមិថុនា​។ ​លោក សុង ថាវ ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​បាន​ធ្វើ​ការណែនាំ​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កូរ៉េ​ខាងជើង​របស់​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន ​និងជា​ប្រធានរដ្ឋចិន​។

លោក សុង ថាវ ​​បាន​ថ្លែងថា ​តបតាម​សេចក្តីអញ្ជើញ​របស់​លោក គីម ជុងអ៊ុន​ ​ប្រធាន​គណៈកម្មាធិការ​បក្ស​ពលករ​កូរ៉េ​ខាងជើង​ និងជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​រដ្ឋ​កូរ៉េ​ខាងជើង​  ​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​និងជាប្រធានរដ្ឋ​ចិន​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កូរ៉េ​ខាង​ជើង​ពី​ថ្ងៃទី ២០ ​ដល់​ថ្ងៃទី ២១ ​ខែមិថុនា​ខាងមុខនេះ​។ ​ដំណើរទស្សនកិច្ច​នេះ ​​គឺ​នៅក្នុង​​ឱកាស​ខួប​លើក​ទី ៧០ ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​ ​​ហើយ​មានសារ​សំខាន់​​ខ្លាំង​ណាស់​​សម្រាប់​ទំនាក់ទំនង​រវាង​​ប្រទេស​ទាំងពីរ​។

លោក សុង ថាវ ​បាន​បន្ត​ទៀត​ថា  ​ភាគីទាំងពីរ​ចិន​និង​កូរ៉េ​ខាង​ជើង​សុទ្ធតែ​យល់ឃើញ​ថា  ​ការរក្សា​​​ ​ពង្រឹង​និងអភិវឌ្ឍ​ឱ្យបាន​ល្អ​នូវ​ទំនាក់ទំនង​ចិន​-កូរ៉េ​ខាង​ជើង​ ​សមស្រប​នឹង​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ​និង​ប្រជាជន​ប្រទេស​ទាំងពីរ​ ​។ ​ភាគីទាំងពីរ​សុទ្ធតែ​លើកទឹកចិត្ត​ដល់​បណ្តា​ភាគី​មានពាក់ព័ន្ធនានា​​ ​គួរចេះ​ថ្នាក់ថ្នម​ភាពបន្ធូរ​​បន្ថយ​ភាព​តានតឹង​ដែល​បាន​​មកពី​ការចរចា​ឧបទ្វីប​ដែល​ទទួលបាន​ដោយ​លំបាក​  ប្រកាន់​ទិសដៅ​សម្រេច​ការគ្មាន​នុយគ្លេអ៊ែរ​ក្នុង​ឧបទ្វីប​ ​រក្សាគាំពារ​​សន្តិភាព​និង​ស្ថិរភាព​នៃ​ឧបទ្វីប ​និង​ដោះស្រាយ​បញ្ហា​ឧបទ្វីប​តាមរយៈ​ការចរចា​និង​ការពិគ្រោះ​ពិភាក្សា។ ​​ភាគី​ចិន​គាំទ្រ​ភាគី​កូរ៉េ​ខាង​ជើង​​ក្នុង​ការអនុវត្ត​ខ្សែ​យុទ្ធសាស្ត្រ​ថ្មី​ ​ផ្តោតសំខាន់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ​និងការកែលម្អ​​​ជីវភាព​រស់នៅ​របស់​ប្រជាជន​ ​​និង​យកចិត្ត​ទុកដាក់​យ៉ាង​រឹងមាំ​លើ​​មាគ៌ា​អភិវឌ្ឍ​ដែល​សមស្រប​នឹង​សភាពការ​ជាតិ​ផ្ទាល់ខ្លួន​៕​​​

អ្នកបកប្រែ:Deng Qian