លោក ស៊ីជីនភីង ជួបពិភាក្សាការងារជាមួយលោកស្រី Sheikh Hasina Wazed នាយករដ្ឋមន្ត្រីបង់ក្លាដេស

2019-07-08 14:02:49 |ប្រភព:CRI

លោក ​ស៊ីជីនភីង បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ Sheikh​ Hasina ​Wazed ​នាយករដ្ឋមន្ត្រី​បង់ក្លាដេស​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​៥ ​ខែ​កក្កដា។​

ថែ្លងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​នាពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​និង​បង់ក្លាដេស​គឺ​ស្ថិតនៅ​ដំណាក់កាល​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​រៀងៗខ្លួន។​ការ​ពង្រឹង​និង​ការ​អភិវឌ្ឍ​ឱ្យបាន​ល្អ​នូវ​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត ​មិន​ត្រឹម​តែ​សមស្រប​នឹង​ផល​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះទេ ​ថែមទាំង​អំណោយផល​ដល់​វិបុលភាព​និង​ស្ថិរភាព​នៃ​តំបន់អាស៊ី​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​បើក​ទូលាយ​នៃ​ពិភពលោក​ផងដែរ។​

លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​ប្រទេសចិន​និង​បង់ក្លាដេស​គួរតែ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ ​ដូចជា ​ពាណិជ្ជកម្ម ​ការវិនិយោគ ​ការ​ដឹកជញ្ជូន​និង​គមនាគមន៍ ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​កសិកម្ម​ ជាដើម​ក៏ដូចជា​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​និង​រួមគ្នា​កសាង​"ផ្លូវសូត្រ​បែប​ឌីជីថល"​។​

ជាការ​ឆ្លើយតប ​លោកស្រី ​Sheikh​ Hasina ​Wazed ​បាន​ថែ្លងអំណរគុណ​ដល់​ប្រទេស​ចិន​ចំពោះ​ការគាំទ្រ​ដ៏​មានតម្លៃ​ជាយូរ​មកហើយ។​ប្រទេស​បង់ក្លាដេស​មានឆន្ទៈ​ក្នុង​ការ​រៀន​សូត្រ​ពី​បទពិសោធ​អភិបាលកិច្ច​ជាតិ​របស់​ចិន​ ក៏ដូចជា​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"​ដើម្បី​ជំរុញ​ការ​កសាង​ច្រករបៀង​សេដ្ឋកិច្ច​រវាង​បង់ក្លាដេស ​ចិន ​ឥណ្ឌា​និង​មីយ៉ាន់ម៉ា៕​

 

អ្នកបកប្រែ:Weiwei