
នារសៀលម៉ោង១និង៥០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្លងកាត់ការធ្វើដំណើរតាមយន្តហោះអស់រយៈពេលជាង៣ម៉ោង កុមារកម្ពុជាដែលមានជម្ងឺបេះដូងចំហពីកំណើត៦រូបបានមកដល់អាកាសយានដ្ឋានអន្តរជាតិឆាងសួយក្រុងគុនមីញខេត្តយូណានប្រទេសចិនដោយសុវត្ថិភាព។

អ្នកសារព័ត៌មានបានទទួលដំណឹងថា នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរពេទ្យហ្វូវ៉ាយបានចាត់ក្រុមគ្រូពេទ្យឯកទេសចំនួន៧រូបនិងអ្នកស្ម័គ្រចិត្តចំនួន៥រូបមកប្រទេសកម្ពុជា ហើយបានរៀបចំការងារត្រួតពិនិត្យអំពីជម្ងឺបេះដូងចំហពីកំណើតដល់កុមារនៅខេត្តបាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលបានរកឃើញមានកុមារដែលមានជម្ងឺបេះដូងចំហពីកំណើតចំនួន៦រូប។

ក្នុងរយៈពេលនៃការត្រួតពិនិត្យជម្ងឺចំនួន១២ថ្ងៃទៅលើសិស្សបឋមសិក្សានិងសិស្សអនុវិទ្យាល័យចំនួន២០១៦៦នាក់ក្នុងសាលាចំនួន៤៣ដែលស្ថិតនៅខេត្តចំនួន៥ខាងលើ រួចគ្រូពេទ្យឯកទេសបានពិនិត្យឃើញមានកុមារសង្ស័យផ្ទុកជម្ងឺចំនួន៣១៣នាក់ ចុងក្រោយគ្រូពេទ្យបានកំណត់យកកុមារចំនួន៣៥នាក់។ ក្នុងក្រុមទីមួយមានកុមារដែលមានជម្ងឺចំនួន៦នាក់និងសមាជិកគ្រួសារជាអ្នកកំដរមកដល់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល។ ជាបន្តបន្ទាប់កុមារដែលមានជម្ងឺដទៃទៀតនឹងត្រូវចែកជាក្រុម ដើម្បីធ្វើដំណើរទៅព្យាបាលនៅទីក្រុងគុនមីញ។

យោងតាមដំណឹងបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៨មក រដ្ឋាភិបាលនៃប្រទេសចិននិងកម្ពុជាបានបើកដំណើការរួមគ្នានូវគម្រោងការ“ធ្វើដំណើរការដោយក្តីស្រឡាញ់”ដែលប្រើប្រាស់រយៈពេលបីឆ្នាំក្នុងការត្រួតពិនិត្យជម្ងឺបេះដូងចំហទូទៅដល់កុមារដែលមានអាយុក្រោមជាង១៤ឆ្នាំ។មន្ទីរពេទ្យហ្វូវ៉ាយជម្ងឺបេះដូងចំហខេត្តយូណានក្នុងនាមជាស្ថាប័នអនុវត្តគម្រោងនេះ បានបញ្ជូនក្រុមសុខាភិបាលឯកទេសដល់ប្រទេសកម្ពុជាក្នុងការរៀបចំការងារគម្រោង។

ចំពោះកុមារកម្ពុជាដែលមានជម្ងឺបេះដូងចំហលើកនេះ មន្ទីរពេទ្យមិនគ្រាន់តែផ្តល់ជំនួយផ្នែកសុខាភិបាលដ៏ល្អបំផុតប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់និងថែទាំទៅលើការរស់នៅរបស់ពួកគេផងដែរហើយក្នុងនោះ នាយកដ្ឋានកិច្ចការសុខាភិបាលសង្គម នឹងកំដរពួកគេតាំងពីចូលដល់មន្ទីរពេទ្យធ្វើការត្រួតពិនិត្យ ទទួលព្យាបាលរហូតដល់ចាកចេញពីមន្ទីរពេទ្យវិញ ដើម្បីជួយពួកគេដោះស្រាយបញ្ហានៃការរស់នៅនៅប្រទេសចិន៕
អ្នកសារព័ត៌មាន៖ Chen Xinlong Peng Xi
ប្រភពរូបថត៖Li Qiuming
អ្នកបកប្រែ៖ លីហ្សា