ថ្ងៃទី ២៦ ខែកក្កដា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារជូនលោកNasser ប្រធានាធិបតីស្តីទីទុយនីស៊ីដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកBeji Caid Essibsi ប្រធានាធិបតីទុយនីស៊ី ។ លោកស៊ី ជីនភីង បានតាងនាមរដ្ឋាភិបាលនិងប្រជាជនចិននិងខ្លួនលោកផ្ទាល់ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោក Beji Caid Essibsi ព្រមនិងសួរសុខទុក្ខដោយស្មោះចំពោះក្រុមគ្រួសារសពលោក Essibsiក៏ដូចជាប្រជាជនទុយនីស៊ីផងដែរ ។
ក្នុងសារលិខិត លោកស៊ី ជីនភីងបានលើកឡើងថា លោកប្រធានាធិបតី Essibsi ជាអ្នកនយោបាយដ៏ឆ្នើមរបស់ទុយនីស៊ី ដែលបានខិតខំជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសចិននិងទុយនីស៊ី រួមវិភាគទានយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំងពីរ និងបង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិនផ្តោតសំខាន់លើការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងទុយនីស៊ី រីករាយប្រកៀកស្មាជាមួយភាគីទុយនីស៊ី សំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនទៅមុខដោយឥតឈប់ឈរ ។
ថ្ងៃដដែល លោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិនបានផ្ញើសារជូនលោកYoussef Chahedនាយករដ្ឋមន្រ្តីទុយនីស៊ី ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកBeji Caid Essibsi ដោយសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះរដ្ឋាភិបាលទុយនីស៊ី ព្រមនិងសួរសុខទុក្ខដោយស្មោះចំពោះក្រុមគ្រួសារសពលោកប្រធានាធិបតី Essibsi ៕
អ្នកបកប្រែ:Zhai Qianqian