
ភាពយន្តឯកសារមួយស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ចិនដែលអធិប្បាយជូនដោយជនបរទេសមួយត្រូវបានចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ PBS Socal អាមេរិកនៅ ម៉ោងមាសកាលពីថ្ងៃទី ៣១ ខែកក្កដាតាមម៉ោងតំបន់ ។ ភាពយន្តឯកសារនេះជាកម្មវិធីទូរទស្សន៍ស្តីពីការកាត់បន្ថយភាពក្រីក្រយ៉ាងស៊ីជម្រៅរបស់ចិនដែលត្រូវបានចាក់ផ្សាយជាលើកដំបូងតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់អាមេរិក ។ ភាពយន្តឯកសារនេះគឺបានអញ្ជើញលោកបណ្ឌិត Robert Lawrance kuhn អ្នកជំនាញផ្នែកកិច្ចការចិនរបស់អាមេរិកនិងជាពិធីករកិត្តិយសរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើជាពិធីករនិងអ្នកនិពន្ធ ព្រមទាំងលោក Peter Getzels អ្នកដឹកនាំភាពយន្តអាមេរិកដ៏ល្បីឈ្មោះដើម្បីដឹកនាំក្រុមការងារផលិតរួមគ្នារវាងចិននិងអាមេរិក ។

ការផលិតភាពយន្តឯកសារនេះបានចំណាយរយៈពេល ២ ឆ្នាំ ។ លោក Peter Getzels អ្នកដឹកនាំភាពយន្តបានថ្លែងថា ការដឹកនាំក្រុមការងារអន្តរជាតិទៅផ្តិតយករូបភាពនៅតំបន់ដាច់ស្រយាលរបស់ចិនបានជួបបញ្ហាប្រឈមជាច្រើន ។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការដោយឆ្លងកាត់វប្បធម៌បានធ្វើឱ្យពួកយើងមានឱកាសមួយដើម្បីស្វែងយល់ពីសង្គមចិនយ៉ាងស៊ីជម្រៅ ។ ពួកយើងផលិតបានជាភាពយន្តឯកសារមួយ គឺដើម្បីបកស្រាយពីរឿងពិតស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ចិន ។


អ្នកបកប្រែ:Li Qingli